អន្តរជាតិ
ថៃ ទទួលវ៉ាក់សាំងកូវីដ-១៩ ជាលើកដំបូងពីចិន
24, Feb 2021 , 3:37 pm        
រូបភាព
វ៉ាក់សាំងចំនួន ២០ម៉ឺនដូស របស់ក្រុមហ៊ុន Sinovac បានដឹកមកដល់ថៃហើយ នៅថ្ងៃទី២៤ ខែកុម្ភៈ។ នាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចន្ទអូចា បានទៅទទួលវ៉ាក់សាំងដោយផ្ទាល់នៅអាកាសយានដ្ឋាន Suvarnabhumi ជាមួយមន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់ផ្សេងទៀត។ ក្នុងយុទ្ធនាចាក់វ៉ាក់សាំងនៅក្នុងប្រទេស លោកប្រាយុទ្ធ នឹងត្រូវបានចាក់វ៉ាក់សាំងមុនគេ តែមិនមែនវ៉ាក់សាំងរបស់ Sinovac ឡើយ។

 
 
កន្លងមករដ្ឋាភិបាលថៃ បានរងការរិះគន់យ៉ាងខ្លាំងពីសំណាក់បក្សប្រឆាំង ដោយសារការទិញវ៉ាក់សាំង និងចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងនៅក្នុងប្រទេស យឺតជាងប្រទេសជិតខាង។ ពេលនេះ វ៉ាក់សាំងចិនចំនួន ២០ម៉ឺនដូស ដឹកទៅដល់ថៃហើយនៅម៉ោង១០ព្រឹកថ្ងៃទី២៤ ខែកុម្ភៈ។ 
 
ក្នុងសុន្ទរកថាស្វាគមន៍វ លោកនាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចន្ទអូចា បានលើកឡើងយ៉ាងដូច្នេះថា៖ «ថ្ងៃនេះ គឺជាថ្ងៃប្រវត្តិសាស្រ្ត ជាមួយនឹងការទទួលវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ជាលើកដំបូង»។ ទន្ទឹមនេះ លោកប្រយុទ្ធបានបន្តថា ចំនួនវ៉ាក់សាំងជាច្រើនលានដូសផ្សេងទៀត នឹងមកដល់តាមការកំណត់ ដើម្បីបណ្តុះប្រព័ន្ធភាពស៊ាំជាសហគមន៍នៅក្នុងប្រទេស។ 
 
បើតាមប្រមុខរដ្ឋាភិបាលថៃ មន្រ្តីពាក់ព័ន្ធ នឹងសម្រេចថា នរណា នឹងត្រូវចាក់វ៉ាក់សាំងជាលើកដំបូង។ បើសិនគ្មានការប្រែប្រួលទេ វ៉ាក់សាំងនឹងចាប់ផ្តើមនៅថ្ងៃទី១ ខែមីនា ដោយវ៉ាក់សាំងចំនួន ២០ម៉ឺនដូស នឹងត្រូវចែកចាយទៅ ១៣ខេត្ត ដែលមានអត្រាឆ្លងខ្ពស់បំផុត។ ក្រុមគ្រូពេទ្យ និងអ្នកមានអាយុចាប់ពី ១៨ឆ្នាំ ដល់ ៥៩ឆ្នាំ នឹងស្ថិតក្នុងយុទ្ធនាការនេះ។ 
 
តាមចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ ក្រៅពីវ៉ាក់សាំងរបស់ Sinovac វ៉ាក់សាំងក្រុមហ៊ុន AstraZeneca ចំនួន ១១៧០០០ ដូស  ក៏ត្រូវទៅដល់ថៃក្នុងថ្ងៃទី២៤ ខែកុម្ភៈដែរ។ 
 
ទាក់ទិនយុទ្ធនាការចាក់វ៉ាក់សាំងខាងលើ នាយករដ្ឋមន្រ្តីថៃ នឹងត្រូវចាក់មុនគេ។ វ៉ាក់សាំង ដែលលោកនាយករដ្ឋមន្រ្តីត្រូវចាក់ គឺជារបស់ក្រុមហ៊ុន AstraZeneca មិនមែនរបស់ក្រុមហ៊ុន Sinovac ឡើយ ព្រោះវ៉ាក់សាំងរបស់ Sinovac កំណត់អាយុដែលត្រូវចាក់។ រដ្ឋមន្រ្តីសុខាភិបាលថៃ Anutin Charnvirakul បញ្ជាក់ថា វាសំខាន់ណាស់សម្រាប់លោកនាយករដ្ឋមន្រ្តី ក្នុងការចាក់វ៉ាក់សាំងមុនដំបូងគេ ព្រោះលោកជាមេដឹកនាំប្រទេស។ ការចាក់វ៉ាក់សាំងរបស់លោកនាយករដ្ឋមន្រ្តី ក៏ជាសញ្ញានៃការលើកទឹកចិត្តឱ្យប្រជាជននៅក្នុងប្រទេសទៅចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ផងដែរ។ 
 
តាមប្រភពវិមានរដ្ឋាភិបាលថៃ លោកនាយករដ្ឋមន្រ្តីនឹងចាក់វ៉ាក់សាំង នៅវិទ្យាស្ថានជំងឺឆ្លង Bamrasnaradura នៅថ្ងៃទី២៧ ខែកុម្ភៈ។ វ៉ាក់សាំងក្រុមហ៊ុន Sinovac កន្លងមក បានសាកល្បងតែលើក្រុមមនុស្សដែលមានអាយុចាប់ពី ១៨ឆ្នាំ ដល់ ៥៩ឆ្នាំប៉ុណ្ណោះ ដែលធ្វើឱ្យគេមិនដឹងពីផលប៉ះពាល់ ដែលអាចកើតមានលើ ក្រុមមនុស្សអាយុក្រៅពីនេះដែរ។ បញ្ហាដែលលោកប្រាយុទ្ធ មិនចាក់វ៉ាក់សាំងSinovac ដោយសារតែលោកមានអាយុ ៦៧ឆ្នាំទៅហើយ។ 
 
សូមបញ្ជាក់ថា ថៃបានចុះកិច្ចព្រមព្រៀងទិញវ៉ាក់សាំងជាង ៦០លានដូសរួចហើយពីក្រុមហ៊ុនចិន Sinovac និង AstraZeneca ។ វ៉ាក់សាំងចិន ត្រូវដឹកមកថៃចំនួន ៣ដំណាក់កាល ដែលមានចំនួនសរុប ២លានដូស។ ដោយឡែកវ៉ាក់សាំង AstraZeneca ជាច្រើនលានដូស នឹងត្រូវផលិតនៅក្នុងប្រទេសថៃ ចាប់ពីខែមិថុនាតទៅ៕ 
 

Tag:
 ថៃ
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com