ក្រៅពីអនាម័យមាត់ធ្មេញត្រឹមត្រូវហើយនោះការរួមបញ្ចូលអាហារមួយចំនួនក្នុងរបបអាហារប្រចាំថ្ងៃក៏នឹងជួយឱ្យសុខភាពមាត់ធ្មេញរបស់អ្នកកាន់តែប្រសើរឡើងផងដែរ។ ថាតើអាហារទាំងនោះមានអ្វីខ្លះ? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលជួយឱ្យធ្មេញសរឹងមាំតាមបែបធម្មជាតិ ៖
១. ផ្កាខាត់ណាខៀវ
បន្លែនេះមានផ្ទុកជាតិដែកដែលជួយការពារធ្មេញទប់ទល់នឹងជាតិអាស៊ីតពីភេសជ្ជៈ ក៏ដូចជាអាហារដែលអ្នកបានទទួលទាន។
២. ទឹក
ទឹកជួយរក្សាអញ្ចាញឱ្យមានសំណើមនិងរំញោចទឹកមាត់ដែលល្អក្នុងការប្រយុទ្ធប្រឆាំងជាមួយបាក់តេរី។ លើសពីនេះទៅទៀតការលាងសម្អាតក្នុងមាត់ជាមួយទឹកក៏ជួយកម្ចាត់កំទេចកំទីអាហារដែលជាប់ចន្លោះធ្មេញនិងមាត់ទប់ស្កាត់បញ្ហាក្លិនមាត់មិនល្អបានយ៉ាងប្រសើរ។ ដូច្នេះចូរព្យាយាមទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់ជាប្រចាំដើម្បីរក្សាជាតិទឹកក្នុងរាងកាយនិងជម្រុញការផលិតទឹកមាត់ ហើយប្រសិនបើអ្នកមិនអាចដុសធ្មេញក្រោយទទួលទានអាហាររួចទេនោះយ៉ាងហោចណាស់ក៏គួរលាងសម្អាតជាមួយទឹកដែរ។
៣. ផ្លែគីវី
ការទទួលបានវីតាមីន C មិនគ្រប់គ្រាន់អាចធ្វើឱ្យបណ្ដាញកូឡាជែនក្នុងអញ្ចាញរងផលប៉ះពាល់ជាលទ្ធផលបង្កើនហានិភ័យនៃជំងឺអញ្ចាញធ្មេញ។ ប៉ុន្តែកុំបារម្ភផ្លែគីវី គឺជាប្រភពដ៏ប្រសើរនៃវីតាមីន C ដែលចាំបាច់សម្រាប់រក្សាសុខភាពធ្មេញ។
៤. ផ្លែម្នាស់
ផ្លែឈើនេះមានផ្ទុកអង់ស៊ីម bromelain ដែលជួយកម្ចាត់ស្នាមប្រឡាក់លើផ្ទៃធ្មេញដោយមិនបង្កគ្រោះថ្នាក់ដល់កាចាធ្មេញ។
៥. តែបៃតង
ជាប្រភពដ៏ប្រសើរនៃសារធាតុ Catechins ដែលជួយកម្ចាត់បាក់តេរីក្នុងមាត់។ ដូច្នេះព្យាយាមទទួលទានតែបៃតងឱ្យបានយ៉ាងហោចណាស់ពី ២ ទៅ ៥ ពែងក្នុងមួយថ្ងៃ។
៦. គ្រាប់ល្ង
ការទទួលទានគ្រាប់ល្ងមិនត្រឹមតែជួយកម្ចាត់កំណកកំបោរជាប់ធ្មេញប៉ុណ្ណោះទេ ប៉ុន្តែក៏បង្កើនភាពរឹងមាំនៃកាចាធ្មេញផងដែរ។ គ្រាប់ល្ងមានផ្ទុកសម្បូរទៅដោយកាល់ស្យូមដែលចាំបាច់សម្រាប់សុខភាពឆ្អឹងជុំវិញអញ្ចាញធ្មេញនិងធ្មេញ។
៧. គ្រាប់ធញ្ញជាតិ
ជាប្រភពដ៏ល្អបំផុតមួយនៃសារធាតុចិញ្ចឹម វីតាមីន និងជាតិរ៉ែដែលចាំបាច់សម្រាប់សុខភាពមាត់ធ្មេញ។
៨. ការ៉ុត
បន្លែមើមនេះល្អណាស់សម្រាប់កម្ចាត់ស្នាមប្រឡាក់ជាប់ធ្មេញតាមរយៈការបង្កើនការផលិតទឹកមាត់។ ការទទួលទានការ៉ុតក៏ជួយកម្ចាត់បាក់តេរីដែលបង្កក្លិនខ្យល់ដង្ហើមមិនល្អផងដែរ។
៩. យ៉ាអួរ
ជាអាហារសម្រន់ដ៏ប្រសើរបំផុតសម្រាប់សុខភាពធ្មេញនិងអញ្ចាញ។ យ៉ាអួរមានផ្ទុកជាតិប្រូតេអ៊ីននិងកាល់ស្យូមដែលល្អសម្រាប់រក្សាសុខភាពធ្មេញរឹងមាំ។ បាក់តេរីល្អៗ ឬប្រូបាយអូទិកដែលមាននៅក្នុងយ៉ាអួរក៏ល្អចំពោះសុខភាពអញ្ចាញគួរអោយកត់សម្គាល់ផងដែរ។ ដើម្បីជាការប្រសើរចូរជ្រើសរើសយ៉ាអួរសុទ្ធទើបគ្មានផ្ទុកជាតិស្ករដែលពពួកបាក់តេរីចូលចិត្ត៕