ក្រោយផ្ទុះព្រឹត្តិការណ៍២០កុម្ភៈ មិនសូវមានអ្នកជិះតាក់ស៊ី ឯអ្នករត់តាក់ស៊ីចាំតែម៉ូយដែលស្គាល់ស្រាប់
ជាតិ
ក្រោយផ្ទុះព្រឹត្តិការណ៍២០កុម្ភៈ មិនសូវមានអ្នកជិះតាក់ស៊ី ឯអ្នករត់តាក់ស៊ីចាំតែម៉ូយដែលស្គាល់ស្រាប់
24, Feb 2021 , 4:30 pm        
រូបភាព
រូបតំណាង (រូបពី៖ កញ្ញា ប៉ូ សាគុន)
រូបតំណាង (រូបពី៖ កញ្ញា ប៉ូ សាគុន)
ភ្នំពេញ៖ អ្នករត់តាក់ស៊ីត្អូញត្អែរពីចំនួនភ្ញៀវធ្លាក់ចុះ ក្រោយព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលមនុស្សជាង១០០នាក់ទៅហើយបានឆ្លងក្នុងចំណោមករណីសរុបជាង៦០០នៅកម្ពុជា។ ដោយសារចំណូលមិនអាចទូទាត់ជាមួយនឹងចំណាយ ជាពិសេសតម្លៃហ្គាស និងសាំង អ្នកប្រកបអាជីវកម្មនេះ មួយចំនួនបានសម្រេចផ្អាកដំណើរការបណ្តោះអាសន្ន។

 
ជាអ្នករត់តាក់ស៊ីប៉ៃលិន-ភ្នំពេញ លោក ជា បូរិន បានត្អូញត្អែរ ប្រាប់ ThmeyThmey ថា ប៉ុន្មានថ្ងៃចុងក្រោយនេះ លោកបាត់ភ្ញៀវអស់ជាង៥០ភាគរយឯណោះ។ ករណីនេះ តម្រូវឲ្យលោកផ្អាករបរដែលប្រកបអស់រយៈពេល៥ឆ្នាំបណ្តោះអាសន្នសិន ដើម្បីរង់ចាំស្ថានភាពកូវីដ-១៩ ធូរស្រាល។
 
«ស្ងាត់ខ្លាំងអត់មានធ្វើដំណើរទេឥឡូវ ម្សិលមិញមានភ្ញៀវបួននាក់ មិនរួចចាក់ហ្គាសឡានផង។ ចាប់ពីស្អែកទៅ ខ្ញុំចង់សម្រាកមួយរយៈសិន ព្រោះអត់ភ្ញៀវដឹក។ ក្រុមអ្នករត់ឡានគ្នាខ្ញុំ ពីប៉ៃលិន-ភ្នំពេញ ប្រមាណ៧៥ឡានដែលដឹកភ្ញៀវប្រចាំថ្ងៃដូចខ្ញុំ សម្រាកដេកផ្ទះអស់ជាង៥០ឡានហើយ»។ 
 
ក្រៅពីត្អូញត្អែរថា ខ្វះភ្ញៀវដឹក លោក បូរិន ក៏បានអះអាងផងដែរ ក្រុមអ្នករត់ស៊ីបច្ចុប្បន្ន ក៏មិនមែនចេះតែចាប់ភ្ញៀវដាក់នោះដែរ ព្រោះបារម្ភពីការឆ្លងកូវីដ-១៩ ដោយសារតែមិនដឹងច្បាស់ពីប្រវត្តិភ្ញៀវ។ ការសម្រេចចិត្តផ្អាករបរ ក៏មិនមែនការសម្រេចដាច់ណាត់នោះឡើយ បើក្នុងករណីមានភ្ញៀវ លោកនៅបន្តដដែល ដើម្បីរកលុយដោះបំណុលធនាគារ។
 
មិនខុសគ្នាប៉ុន្មានឡើយ លោក ចាន់ ថា បានលើកឡើងពីតម្លៃហ្គាសហក់ខ្ពស់ ខណៈចំនួនភ្ញៀវកាន់តែខ្សត់។ លោករអ៊ូរថា៖ «តាំងពីផ្ទុះកូវីដ-១៩ ចុងក្រោយនេះ ខ្ញុំដឹកភ្ញៀវមួយខានមួយថ្ងៃដែរហ្នឹង។ បើនៅតែបែបនេះ ខ្ញុំចង់ផ្អាកមួយរយៈ ព្រោះថ្ងៃខ្លះដឹកភ្ញៀវហើយអត់សល់លុយផង ហ្គាសឡើងខ្លាំងតាំងពីចូលឆ្នាំចិនមក»។ 
 
បើតាមលោក ចាន់ ថា ភ្ញៀវភាគច្រើនដែលលោកដឹក គឺជាភ្ញៀវធ្លាប់ស្គាល់ចេញចូលបាត់ដំបង ភ្នំពេញ ប៉ៃលិន ប៉ោយប៉ែត ហើយតែងតែកក់តាមទូរសព្ទ ដោយមិនសូវហ៊ានដឹកភ្ញៀវ ដែលមិនធ្លាប់ស្គាល់នោះឡើយ ព្រោះទាំងអស់គ្នាសុទ្ធតែខ្លាចកូវីដ-១៩។


 លោក ជា បូរិន អ្នករត់តាក់ស៊ី ប៉ៃលិន-ភ្នំពេញ (រូបពីទំព័រហ្វេសប៊ុករបស់លោក បូរិន)
 
ភ្ញៀវរបស់លោក ចាន់ ថា ភាគច្រើនគឺជាខ្មែរគ្នាឯង ដោយលោកសង្កេតឃើញថា ពួកគាត់មានការប្រុងប្រយ័ត្នល្អណាស់ ដោយពាក់ម៉ាស មានអាល់កុលលាងដៃស្ទើរគ្រប់គ្នា។ ជាមួយគ្នានេះ ក្នុងតាក់ស៊ីរបស់លោកក៏មានម៉ាស និងអាល់កុលលាងដៃសម្រាប់ភ្ញៀវជាប្រចាំផងដែរ ក្នុងករណីពួកគាត់ភ្លេចខ្លួន។
 
ក្រុមហ៊ុនសេវាដឹកអ្នកដំណើរ ក៏ជួបបញ្ហាដូចគ្នាផងដែរ។ បុគ្គលិកម្នាក់របស់ក្រុមហ៊ុនឯកជនមួយដែលបន្ទុកផ្លាស់ប្ដូរសំបុត្រភ្ញៀវ បញ្ជាក់ប្រាប់ ThmeyThmey ថា ភ្ញៀវបរទេសធ្លាក់ចុះជាងមុន បើគិតចាប់តាំងពីការផ្ទុះព្រឹត្តិការណ៍២០កុម្ភៈមក។ 
 
សូមបញ្ជាក់ថា នាថ្ងៃប្រកាសពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើសុំពលរដ្ឋគួរផ្អាកធ្វើដំណើរមកកាន់រាជធានីភ្នំពេញ បើមិនមានករណីចាំបាច់ ដោយសម្តេចសុំឲ្យមានការយោគយល់នាដំណាក់កាលដ៏ពិបាកនេះ។
 
បច្ចុប្បន្ន ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈកើតឡើងភាគច្រើននៅតាមបណ្តាទីតាំងធំៗជិត៥០កន្លែងក្នុងរាជធានីភ្នំពេញ ហើយឆ្លងទៅទីតាំងមួយចំនួនក្នុងខេត្តកណ្តាល។ បណ្តាខេត្តមួយចំនួនក៏មានវិធានការតឹងរ៉ឹងផងដែរចំពោះការធ្វើដំណើរដើម្បីរួមគ្នាកាត់ផ្តាច់ការចម្លងសហគមន៍នៅកម្ពុជា៕
 

Tag:
 អ្នករត់តាក់ស៊ី
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com