COVID-19
ជាតិ
ការជួប​អ្នក​ជាប់ឃុំ ត្រូវ​ផ្អាក​២​សប្តាហ៍ ដើម្បី​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​-១៩
24, Feb 2021 , 7:29 pm        
រូបភាព
រូបពី AFP
រូបពី AFP
​លោក នុត សវ​នា អគ្គនាយករង​និង​ជា​អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ អះអាងថា អគ្គនាយកដ្ឋាន​ពន្ធនាគា​រ សម្រេច​ផ្អាក​មិន​ឲ្យ​សាច់ញាតិ រួមទាំង​មេធាវី​ផង ចូលជួប​អ្នក​ជាប់ឃុំ​ក្នុង​ពន្ធ​គារ​រយៈពេល​២​សប្តាហ៍ ដោយ​ចាប់ពី​ថ្ងៃទី​២៣ ខែកុម្ភៈ រហូតដល់​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០២១ ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​រាលដាល​ជំងឺ​កូ​វីដ​-១៩​។


​ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ លោក នុត សវ​នា ថ្លែងថា ការផ្អាក​នេះ គឺ​មិនមែន​ផ្អាក​ទាំងស្រុង​ឡើយ ដោយនៅ​អនុញាត​ឲ្យ​សាច់ញាតិ​និង​មេធាវី អាច​ចូលជួប​បាន បើ​មាន​ករណី​ចាំបាច់​ឬ​បន្ទាន់​ខ្លាំង​។ លោក បញ្ជាក់ថា​៖«​បើ​មាន​ករណី​ចាំបាច់ [​ត្រូវ​ចូលជួប​អ្នក​ជាប់ឃុំ​] ដាក់សំណើ​មក​អគ្គនាយក​ដ្ឋា​ន​ពន្ធនាគារ ថ្នាក់លើ​នឹង​ពិចារណា​»​។​
 
​មន្ត្រីជាន់ខ្ពស់​ផ្នែក​ពន្ធនាគារ​រូបនេះ បន្តថា ដោយសារ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ចូល​សហគមន៍​លើក​នេះ មានការ​រាលដាល​ខ្លាំង​ជាង​លើក​មុនៗ ដូច្នេះ ការពង្រឹង​វិធានការ​ការពារ​និង​ការប្រុងប្រយ័ត្ន​ក្នុង​ពន្ធនាគារ ក៏​ត្រូវតែ​ខ្លាំង​ដែរ​។ លោក បន្ថែមថា ថ្នាក់ដឹកនាំ​ពន្ធនាគារ បាន​ចែក​ម៉ាស់​ឲ្យ​អ្នក​ជាប់ឃុំ​ពាក់ និង​ណែនាំ​ឲ្យ​ពួកគេ លាងដៃ​នឹង​សាប៊ូ​។ លោក និយាយ វិធានការ​សុខាភិបាល​ភាគច្រើន គឺ​ពួកគេ អាចអនុវត្ត​បាន ដោយ​លើកលែងតែ​ការរក្សា​គម្លាត​ប៉ុណ្ណោះ ដែល​មិនអាច​អនុវត្តបាន ដ្បិត​ក្នុង​ពន្ធនាគារ មាន​ភាព​ចង្អៀត​ណែន​។ 
 
​ជាមួយគ្នានេះ តុលាការ​ភ្នំពេញ បានប្រកាស​ផ្អាក​បើកសវនាការ​មួយរយៈ ដោយ​គិតពី​ថ្ងៃទី​២៤ ខែកុម្ភៈ​នេះ រហូតដល់​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២១​។ តុលាការ​ភ្នំពេញ នឹង​ពិចារណា​បើកសវនាការ​ឡើងវិញ បើ​នៅក្រោយ​ថ្ងៃទី​១២​មីនា ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ មាន​ភាព​ធូរស្រាល​។ 
 
​រដ្ឋាភិបាល​និង​ក្រសួងសុខាភិបាល ប្រកាសប្រាប់​ប្រជាពលរដ្ឋ​ឲ្យ​បង្កើន​ការប្រុងប្រយ័ត្ន​កាន់​ខ្លាំង ចំ​ពោ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩​។ រដ្ឋាភិបាល ហៅ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩​ចូល​សហគមន៍​លើក​នេះ ថា​ជា​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​។ មាន​ទីតាំង​ជិត​៥០​ហើយ ត្រូវ​រកឃើញថា ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ហើយ​ទីតាំង​នោះ ត្រូវ​អាជ្ញាធរ បិទ​ប​ណ្ណោះ​អាសន្ន​។ 
 
​រយៈពេល​៥-៦​ថ្ងៃ​មកនេះ ដែល​កម្ពុជា ចាប់ផ្តើម​ផ្ទុះ​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ អាជ្ញាធរ​រកឃើញ​មនុស្ស​ដល់​ទៅ​១៣៧​នាក់ ដែល​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​នេះ​៕ 
 

Tag:
 COVID-19
  ពន្ធនាគារ​
  ផ្អាក​ជួប​អ្នក​ជាប់ឃុំ​
  នុត សវ​នា
© រក្សាសិទ្ធិដោយ thmeythmey.com