COVID-19
ជាតិ
នាយករដ្ឋមន្ត្រី៖«ចេញបញ្ជាណាមួយទាក់ទងនឹងព្រំដែន សូមមេត្តាឲ្យខ្ញុំ បានដឹងផង..» សម្តេច ហ៊ុន សែន ស្ថិតក្នុងសន្និសីទសារព័ត៌មានមួយ នៅវិមានសន្តិភាព កាលពីខែកុម្ភៈ ឆ្នាំ២០២១។ រូបពី AFP
×
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួលដំណឹងថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ បានចេញបទបញ្ជាឲ្យផ្អាកការដឹកទិញពីកម្ពុជា ឆ្លងកាត់តាមព្រំដែនចូលទៅថៃ តែនៅអនុញ្ញាតឲ្យភាគីថៃ អាចបន្តដឹកទំនិញចូលមកកម្ពុជា។ សម្តេចនាយករដ្ឋមន្ត្រី មិនអនុញ្ញាតឲ្យអនុវត្តបទបញ្ជានេះឡើយ។
តាមរយៈសារជាសំឡេង ដែលគេចែករំលែកតគ្នាតាមបណ្តាញទំនាក់ទំនាក់តេឡេក្រាម នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្តេចនាយករដ្ឋមន្ត្រី បានជម្រាបទៅសម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏ដូចជាអគ្គនាយកដ្ឋានអន្តោប្រវេសន៍ផ្ទាល់ ឲ្យប្រញាប់ដកបទបញ្ជាចេញវិញ បើបានចេញបទបញ្ជានេះមែន។ ក្រោយបទបញ្ជានេះ ចេញដោយខ្លួនមិនបានដឹងជាមុន សម្តេច ក៏ទាមទារឲ្យមន្ត្រីក្រោមឱវាទ ផ្តល់ដំណឹងដល់សម្តេចសិន មុននឹងចេញបទបញ្ជាឬសេចក្តីសម្រេចណាមួយពាក់ព័ន្ធនឹងកិច្ចការតាមព្រំដែន។
ប្រមុខរដ្ឋាភិបាល ស្នើទៅមន្ត្រីថ្នាក់ក្រោមដូច្នេះថា៖«ការចេញបទបញ្ជាណាមួយ ទាក់ទងនឹងព្រំដែន សូមឲ្យខ្ញុំ បានដឹងផង សូមមេត្តាឲ្យខ្ញុំបានដឹងផង ព្រោះខ្ញុំ ទទួលខុសត្រូវទៅលើបញ្ហាកិច្ចនយោបាយក្នុងប្រទេស និងនយោបាយក្រៅប្រទេស»។
សម្តេចប្រមុខរដ្ឋាភិបាល បញ្ជាក់ថា អាជ្ញាធរ ត្រូវពិនិត្យប្រជាពលរដ្ឋ ដែលធ្វើដំណើរពីថៃ វៀតណាម និង ឡាវ ចូលមកកម្ពុជា ហើយត្រូវនាំពួកគេ ទៅធ្វើចត្តាឡីស័ក តែការធ្វើពាណិជ្ជកម្មតាមព្រំដែន និងការនាំទំនិញចូលទៅប្រទេសជិតខាងទាំង៣ នៅតែបន្តដដែល។ លើសពីនេះ សម្តេច បានប្រាប់ឲ្យថ្នាក់ដឹកនាំខេត្តជាប់ព្រំដែន ជួយសម្រួលដល់ការនាំទំនិញរបស់ប្រជាពលរដ្ឋចេញទៅប្រទេសជិតខាងថែមទៀត និងជួយសម្រួលការរកស៊ីរបស់ពួកគេ នៅតាមព្រំដែន។
ជាមួយគ្នានេះ សម្តេច បានណែនាំឲ្យថ្នាក់ដឹកនាំខេត្តជាប់ព្រំដែន រាយការណ៍ត្រង់ៗ ទៅសម្តេច បើមានបញ្ហាឬការរអាក់រអួលណាមួយ ទាក់ទងនឹងពាណិជ្ជកម្មនៅតាមព្រំដែនរវាងកម្ពុជានិងប្រទេសជិតខាង។
និយាយដល់រឿងនាំទំនិញចេញចូលរវាងកម្ពុជា-ថៃ សម្តេចនាយករដ្ឋមន្ត្រី ក៏នឹកឃើញដល់រឿងដែលក្រសួងកសិកម្ម ហាមឃាត់មិនឲ្យនាំចូលត្រី៤ប្រភេទពីវៀតណាមកាលពីពេលថ្មីៗនេះ។ តែក្រោយមក ក្រសួងកសិកម្ម បានសម្រេចឲ្យនាំចូលវិញ។ សម្តេច ហៅការចេញបម្រាមមិនឲ្យនាំត្រីចូលពីវៀតណាម ថាជាការសម្រេចចិត្ត ដែលមានភាពឆក់ល្វែង ហើយចាត់ទុកថា ខុសទៅនឹងបទដ្ឋាននៃអង្គការពាណិជ្ជកម្មពិភពលោក និងក្របខ័ណ្ឌនៃតំបន់ពាណិជ្ជកម្មសេរីអាស៊ាន (AFTA)៕
Tag:
COVID-19
ហ៊ុន សែន
ពាណិជ្ជកម្មតាមព្រំដែន
នាំទំនិញចេញចូលកម្ពុជា-ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com