លោក បៃ​ឌិន ថា អាមេរិក​គ្មាន​មិត្ត​ជិតស្និទ្ធ​ឯណា​ជាង​កាណាដា​ឡើយ​
អន្តរជាតិ
លោក បៃ​ឌិន ថា អាមេរិក​គ្មាន​មិត្ត​ជិតស្និទ្ធ​ឯណា​ជាង​កាណាដា​ឡើយ​
24, Feb 2021 , 9:29 pm        
រូបភាព
ប្រធានាធិបតីអាមេរិក ចូ បៃឌិន នាជំនួបអនឡាញជាមួយនាយករដ្ឋមន្ត្រីកាណាដា ចាស្ទីន ទ្រូដូ ។ រូបថត AFP
ប្រធានាធិបតីអាមេរិក ចូ បៃឌិន នាជំនួបអនឡាញជាមួយនាយករដ្ឋមន្ត្រីកាណាដា ចាស្ទីន ទ្រូដូ ។ រូបថត AFP
​ប្រធានាធិបតី​អាមេរិក ចូ បៃ​ឌិន នៅ​ថ្ងៃទី​២៣ ខែកុម្ភៈ ប្រកាស​ចាត់ទុក​កាណាដា​ជា​មិត្ត​ជិតស្និទ្ធ​របស់​អាមេរិក​។ លោក បៃ​ឌិន ប្រកាស​បែបនេះ​ក្នុង​កិច្ចប្រជុំ​ទ្វេភាគី​លើកទីមួយ​ជាមួយ​នាយករដ្ឋមន្ត្រី​កាណាដា ចា​ស្ទី​ន ទ្រូ​ដូ នៅ​ថ្ងៃទី​២៣ ខែកុម្ភៈ​។ ចំណែក​នាយករដ្ឋមន្ត្រី​កាណាដា​និយាយថា មិត្តភាព​រវាង​អាមេរិក និង​កាណាដា ជា​មិត្តភាព​ពិសេស​។


​កិច្ចប្រជុំ​លើកទីមួយ​រវាង​ប្រមុខ​រដ្ឋាភិបាល​អាមេរិក និង​កាណាដា ធ្វើឡើង​នៅ​ថ្ងៃទី​២៣ ខែកុម្ភៈ ដោយ​ផ្តោតទៅលើ​ការពង្រឹង​ទំនាក់ទំនង និង​ការធ្វើការ​រួមគ្នា​ដើម្បី​ខ្ទប់​ឥទ្ធិពល​របស់​ចិន ក៏ដូចជា​ការដោះស្រាយ​បម្រែបម្រួល​អាកាសធាតុ​។​
 
​ក្រោយ​ពិភាក្សាគ្នា​អស់​រយៈពេល​ជាង​២​ម៉ោង ថ្នាក់ដឹកនាំ​ប្រទេស​ទាំងពីរ​បង្ហាញ​ផែនទី​ចង្អុល​ផ្លូវ​ស្តីពី​ភាពជា​ដៃគូ​អាមេរិក​-​កាណាដា ដែល​បង្ហាញ​យ៉ាង​លម្អិត​ពី​ផែនការ​ធ្វើការ​រួមគ្នា​ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ បម្រែបម្រួល​អាកាសធាតុ ពង្រឹង​ការការពារ​ជាតិ​និង​សម្ពន្ធភាព និង​សម្រេច​ឱ្យបាន​គោលដៅ​អ​ព្យា​ក្រឹត្យ​កាបូន​នៅ​ឆ្នាំ​២០៥០​។ អាមេរិក និង​កាណាដា ក៏​បង្ហាញ​ពី​បំណង​ក្នុងការ​ពង្រឹង​ឡើងវិញ​សាមគ្គីភាព​រវាង​ប្រទេស​នៅ​តំបន់​អាមេរិក​ខាងជើង​ផងដែរ​។​
 
»​អាមេរិក​គ្មាន​មិត្ត​ជិតស្និទ្ធ​ឯណា​ជាង​កាណាដា​ឡើយ​»​។ នេះ​ជាការ​ថ្លែង​របស់លោក បៃ​ឌិន នា​ជំនួប​តាម​អន​ឡាញ​។ នាយករដ្ឋមន្ត្រី​កាណាដា ជា​មេដឹកនាំ​ប្រទេស​ទីមួយ​ដែល​លោក បៃ​ឌិន ជួបពិភាក្សា​។ លោក ទ្រូ​ដូ ក៏​ជា​មេដឹកនាំ​បរទេស​ទីមួយ​ដែល​លោក បៃ​ឌិន ជួប​ជជែក​ទូរ​សព្ទ​នៅពេល​ឈ្នះឆ្នោត​ជា​ប្រធានាធិបតី​ដែរ​។​
 
​អំឡុង​កិច្ចប្រជុំ នាយករដ្ឋមន្ត្រី​កាណាដា​និយាយថា ភាពជា​អ្នកដឹកនាំ​របស់​អាមេរិក​បាន​បាត់បង់​ពី​ឆាក​អន្តរជាតិ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​។ លោក ទ្រូ​ដូ ក៏បាន​អរគុណ​អាមេរិក​ចំពោះ​ការគាំទ្រ​ឱ្យ​ដោះលែង​បុរស​កាណាដា​ពីរ​នាក់​ដែល​ត្រូវ​ចិន​ចាប់ខ្លួន​នៅ​ឆ្នាំ​២០១៨ មាន​លោក Michael Spavor និង Michael Kovrig ។ កាណាដា ចាត់ទុក​ការចាប់ខ្លួន​នេះ​ជាការ​ទូត​ចំណាប់ខ្មាំង​។ ចំពោះ​រឿងនេះ​លោក​បៃ​ឌិន​សង្កត់ធ្ងន់ថា មនុស្ស​ពុំមែន​ជា​វត្ថុ​ត្រូវ​ដោះដូរ​ឡើយ​។​
 
​យោងតាម​សេចក្តីថ្លែងការណ៍​របស់​សេត​វិមាន​ក្រោយ​កិច្ចប្រជុំ អាមេរិក កាណាដា រួមទាំង​ម៉ិ​ក​ស៊ិ​ក​ផង នឹង​បើក​កិច្ចប្រជុំ​កំពូល​អាមេរិក​ខាងជើង ដើម្បី​ពង្រឹង​សាមគ្គីភាព ក៏ដូចជា​ការបន្ត​ឈាន​ទៅមុខ​ចក្ខុវិស័យ​រួម​ស្តីពី​វិបុលភាព ភាព​ចម្រុះ សមធម៌ និង​យុត្តិធម៌​ដល់​ពលរដ្ឋ​គ្រប់រូប​។ 
 
​ជាទូទៅ​កិច្ចប្រជុំ​ទ្វេភាគី​រវាង​អាមេរិក និង​ប្រទេស​ផ្សេងទៀត​គឺជា​ការបង្ហាញ​ពី​គោលនយោបាយ​ការទូត​របស់​អាមេរិក និង​ប្រទេស​ទាំងនោះ ហើយក៏​ជា​ឱកាស​ដែល​ប្រទេស​ទី​បី​ឃ្លាំមើល​យ៉ាង​ដិតដល់​ផងដែរ ថា​ប្រទេស​នោះបាន​អ្វី​ពី​អាមេរិក​វិញ​។ ជាក់ស្តែង កាណាដា​ចង់ឱ្យ​អាមេរិក​លើកលែង​ករណី​មួយចំនួន​ទាក់ទង​នឹង​ការទិញ​ទំនិញ តាមរយៈ​ការបើក​ឱ្យ​ទំនិញ​កាណាដា​អាច​លក់​នៅ​អាមេរិក​ច្រើនជាង​មុន​។ លោក បៃ​ឌិន ពុំទាន់​បាន​លុបចោល​គោលនយោបាយ​ពាណិជ្ជកម្ម​របស់​អាមេរិក​នេះ ទៅលើ​កាណាដា​ឡើយ​។ បន្ថែម​ពីនេះ កាណាដា​ក៏​រំពឹង​ទទួលបាន​វ៉ាក់សាំង Pfizer/BioNTech ដែល​ផលិត​នៅ​អាមេរិក ដែរ ខណៈ​វ៉ាក់សាំង​ដែល​កាណាដា​ប្រើប្រាស់​សព្វថ្ងៃ​ផលិត និង​នាំចូល​ពី​អឺរ៉ុប​៕
 

Tag:
 អាមេរិក​
  កាណាដា
© រក្សាសិទ្ធិដោយ thmeythmey.com