COVID-19
អន្តរជាតិ
ហ្កា​ណា ជា​ប្រទេស​ដំបូង​គេ​ដែល​ទទួល​វ៉ាក់សាំង​តាម​យន្តការ COVAX ចំនួន​៦០​ម៉ឺន​ដូ​ស​
24, Feb 2021 , 10:29 pm        
រូបភាព
វ៉ាក់សាំងផ្តល់ដោយយន្តការ COVAX នៅហ្កាណា។ រូបថត៖ UNICEF
វ៉ាក់សាំងផ្តល់ដោយយន្តការ COVAX នៅហ្កាណា។ រូបថត៖ UNICEF
ដោយ:
​វ៉ាក់សាំង​កូ​វីដ​-១៩ ចំនួន​៦​សែន​ដូ​ស​របស់​យន្តការ COVAX ត្រូវបាន​បញ្ជូន​ដល់​ហ្កា​ណា​ហើយ​។ នេះ​ជាការ​ដឹកជញ្ជូន​វ៉ាក់សាំង​លើកដំបូង​បង្អស់​របស់​យន្តកា រ​COVAX ដែល​ដឹកនាំ​ដោយ​អង្គការ​សុខភាព​ពិភពលោក​(WHO)​។ យន្តការ COVAX មាន​គម្រោង​ចែកចាយ​វ៉ាក់សាំង​ចំនួន​២,៣​ពាន់​លាន​ដូ​ស​ទៅ​ប្រទេស​ចំនួន​១៤៥ ក្នុង​ឆ្នាំ​២០២១​។​

 
​វ៉ាក់សាំង AstraZeneca/Oxford ចំនួន​៦​សែន​ដូ​ស ដែល​ផលិត​ដោយ​វិទ្យាស្ថាន Serum នៅ​ឥណ្ឌា ត្រូវបាន​ដឹកជញ្ជូន​ទៅដល់​រដ្ឋធានី​អាក្រា​នៅ​ថ្ងៃទី​២៤ ខែមករា​។ នេះ​យោងតាម​សេចក្តីប្រកាស​រួម​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) និង​អង្គការ​យូ​នី​សេ​ហ្វ​(UNICEF)​។ 
 
 
អត្ថបទទាក់ទង
 
 
 
​ការដឹកជញ្ជូន​វ៉ាក់សាំង​នេះ ធ្វើឡើង​រយៈពេល​ជិត​មួយឆ្នាំ​ក្រោយ WHO ចាត់ទុក​ជំងឺ​កូ​វីដ​-១៩ ជា​ជំងឺ​រាតត្បាត​សាកល និង​ឧបសគ្គ​ជាច្រើន​របស់​យន្តការ COVAX ក្នុងការ​ទទួលបាន​ថវិកា និង​វ៉ាក់សាំង​។ វ៉ាក់សាំង AstraZeneca/Oxford ដែល​ផលិត​នៅ​ឥណ្ឌា​ជា​វ៉ាក់សាំង​ទី​ពីរ​ដែល​ត្រូវបាន​ចុះឈ្មោះ​ក្នុង​បញ្ជី​ប្រើប្រាស់​បន្ទាន់ (EUL) របស់​អង្គការ​សុខភាព​ពិភពលោក​នៅ​ថ្ងៃទី​១៥ ខែកុម្ភៈ​។​
 
«​ព្រឹត្តិការណ៍​ដ៏​សំខាន់​ក្នុងការ​ដឹកជញ្ជូន​វ៉ាក់សាំង​មក​ហ្កា​ណា ជាការ​ចាប់ផ្តើម​យ៉ាងសំខាន់​បំផុត​ក្នុង​ការបញ្ចប់​ជំងឺឆ្លង​កូ​វីដ​-១៩»​។ នេះ​ជាការ​លើកឡើង​ក្នុង​សេចក្តីថ្លែងការណ៍​រួម​។ ហ្កា​ណា នឹង​ផ្តល់​វ៉ាក់សាំង​នេះ​ដល់​មន្ត្រី​សុខាភិបាល​ជួរមុខ និង​មនុស្ស​ចាស់​។ 
 
​មុននឹង​ទទួលបាន​វ៉ាក់សាំង​នេះ ហ្កា​ណា​ក៏​ទទួលបាន​វ៉ាក់សាំង​មួយចំនួន​ពី​ចិន​ផងដែរ​។ ប្រទេស​នេះ​បានរៀបចំ​កន្លែង​ស្តុក​វ៉ាក់សាំង​ជាស្រេច និង​បាន​បង្រៀន​បុគ្គលិក​សុខាភិបាល​ចំនួន​៣​សែន​នាក់ ដើម្បី​ចាក់​វ៉ាក់សាំង​ដល់​ប្រជាជន​២០​លាន​នាក់​ក្នុងចំណោម​ប្រជាជន​ជាង​៣១​លាន​នាក់​។​
 
​យន្តការ COVAX ដឹកនាំ​រួម​ដោយ WHO, សម្ព័ន្ធ​វ៉ាក់សាំង និង​ភាពស៊ាំ GAVI, CEPI និង UNICEF​។ យន្តការ​នេះ​ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​២០២០ ដើម្បី​ធានា​ឱ្យ​ប្រទេស​កំពុង​អភិវឌ្ឍ​ទទួលបាន​វ៉ាក់សាំង ខណៈ​ប្រទេស​អ្នកមាន​ចំណាយ​ប្រាក់​រាប់ពាន់​លាន​ដុល្លារ​ទិញ​វ៉ាក់សាំង​ស្តុក​ទុក​។ ក្នុង​ខែកុម្ភៈ យន្តការ​នេះ បង្ហាញ​ពី​គម្រោង​ក្នុងការ​ចែកចាយ​វ៉ាក់សាំង​៣៣០​លាន​ដូ​ស​សម្រាប់​ដំណាក់កាល​ដំបូង ដល់​ប្រទេស​ចំនួន​១៤៥​។​
 
​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស និយាយថា ប្រទេស​ចំនួន​១០​ប៉ុណ្ណោះ​ប្រើប្រាស់​វ៉ាក់សាំង​ដល់​ទៅ​៧៥​ភាគរយ​ទៅហើយ ឯ​ប្រទេស​១៣០​ទៀត​មិនទាន់មាន​ដំណើរការ​ក​ម្ម​វិធី​វ៉ាក់សាំង​នៅឡើយ​។ យន្តការ​នេះ​មាន​គម្រោង​ផ្តល់​វ៉ាក់សាំង​ដោយ​មិន​គិតថ្លៃ ដើម្បីឱ្យ​រដ្ឋាភិបាល​ប្រទេស​កំពុង​អភិវឌ្ឍ​អាច​ផ្តល់​វ៉ាក់សាំង​ដល់​ប្រជាជន​យ៉ាងហោចណាស់​ចំនួន​២០​ភាគរយ ពោលគឺ​ប្រមាណ​១,៨​ពាន់​លាន​នាក់​នៃ​ប្រជាជន​ពិភពលោក​សរុប​។​
 
 

Tag:
 កូ​វីដ​-១៩
  WHO
  UNICEF
© រក្សាសិទ្ធិដោយ thmeythmey.com