COVID-19
ជាតិ
សុខភាព
ស្ថាប័នជិត ៤,៧ម៉ឺន បានចុះឈ្មោះអនុវត្តQR Code ដើម្បីគ្រប់គ្រងការរាលដាលជំងឺកូវីដ-១៩
× ភ្នំពេញ៖ ស្ថាប័នសាធារណៈ និងឯកជន ភោជនីយដ្ឋាន សណ្ឋាគារ និងរោងចក្រចំនួន៤៦,៩៣៨ កន្លែង បានចុះឈ្មោះអនុវត្តប្រព័ន្ធQR Code ទប់ស្កាត់កូវីដ (Stop Covid) តាមរយៈទូរសព្ទដៃ ដើម្បីបង្កើនប្រសិទ្ធភាព និងល្បឿននៃការការពារ និងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩។ នេះបើតាមការចូនដំណឹងរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាថ្ងៃទី២៤កុម្ភៈ។
កម្ពុជា បានដាក់ឱ្យប្រើប្រាស់ស្កេនQR Code ទប់ស្កាត់កូវីដ (Stop Covid) ពីថ្ងៃទី២០ខែកុម្ភៈមក បន្ទាប់ពីការប្រកាសនូវការផ្ទុះឡើងនៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ មកដល់ពេលនេះ អ្នកឆ្លងជំងឺកូវីដ-១៩នៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានឡើងដល់១៣៧នាក់ ខណៈគ្រប់ភាគីជំនាញកំពុងស្វែងរកអ្នកពាក់ព័ន្ធផ្សេងទៀត។
ចំនួននៃការចុះឈ្មោះយ៉ាងច្រើនក្នុងរយៈពេលត្រឹម៤ថ្ងៃមកនេះ(ថ្ងៃទី២០-២៣កុម្ភៈ) គឺបានបង្ហាញពីការគាំទ្រនិងការចូលរួមរបស់សាធារណជនក្នុងការការពារសុខភាពប្រជាជន។ នេះជាការលើកឡើងរបស់ក្រសួងប្រៃសណីយ៍ ដោយបន្តថា ប្រព័ន្ធស្កេនQR Code ទប់ស្កាត់កូវីដនេះ នឹងកត់ត្រាទីតាំងរបស់អ្នកដែលបានចូលស្កេនកូដQR និងងាយស្រួលក្នុងការស្វែងរកអ្នកដែលពាក់ព័ន្ធ ឬរងផលប៉ះពាល់ប្រសិនបើទីតាំងនោះត្រូវបានរកឃើញថាមានភ្ញៀវ ឬអ្នកឆ្លងជំងឺបានឆ្លងកាត់។
ក្រសួងប្រៃសណីយ៍ ប្រព័ន្ធស្កេនQR Code ទប់ស្កាត់កូវីដ (Stop Covid) គឺមិនតាមដាន ឬប៉ះពាល់ដល់ភាពឯកជនរបស់បុគ្គលណាមួយឡើយ។ គិតត្រឹមថ្ងៃទី២៤កុម្ភៈ កម្ពុជាមានករណីកូវីដ-១៩ សរុប៦៣៣ករណី ដោយក្នុងនោះ មាន៤៧៦ករណី ជាសះស្បើយ។ ចំណោះអ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានឡើងដល់១៣៧នាក់ ដោយភាគច្រើនជាជនជាតិចិន បន្ទាប់ខ្មែរ និងវៀតណាម៕
© រក្សាសិទ្ធិដោយ thmeythmey.com