COVID-19
ជាតិ
កម្ពុជា មិនទាន់មានផែនការចាក់វ៉ាក់សាំងឱ្យជនបរទេសឡើយ
25, Feb 2021 , 10:18 am        
រូបភាព
ភ្នំពេញ៖ «យើងមិនទាន់មានផែនការចាក់ជូនជនបរទេសនៅឡើយទេ។ នេះជាការបញ្ជាក់របស់លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ឆ្លើយតបនឹងការផ្សព្វផ្សាយរបស់ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា។


ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានផ្សព្វផ្សាយលើហ្វេសប៊ុកផ្លូវការខ្លួនថា ជនបរទេសទាំងអស់ដែលកំពុងរស់នៅ ឬធ្វើការនៅក្នុងប្រទេសកម្ពុជា នឹងអាចទទួលបានវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ ស្របតាមកម្មវិធីចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់ប្រទេសកម្ពុជា។ «រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា ការចាក់វ៉ាក់សាំងនឹងត្រូវផ្តល់ជូនដោយឥតគិតថ្លៃ ហើយព័ត៌មានលម្អិតនៃកម្មវិធីចាក់វ៉ាក់សាំងនេះ នឹងត្រូវផ្តល់ជូនតាមពេលវេលាកំណត់។ យើងនឹងផ្តល់ព័ត៌មានលម្អិតបន្ថែមទៀត នៅពេលយើងទទួលបានព័ត៌មានបន្ថែម»។ នេះជាការលើកឡើងរបស់ស្ថានទូតអូស្ត្រាលី ដែលទទួលបានព័ត៌មានពីរាជរដ្ឋាភិបាលកម្ពុជា។
 
គិតត្រឹមថ្ងៃទី២៤ កុម្ភៈ ពលរដ្ឋកម្ពុជា បានចាក់វ៉ាក់សាំងកូវីដ-១៩ ជាង១ម៉ឺននាក់ហើយ ខណៈមនុស្សជាង២ពាន់នាក់ទៀត មិនអាចទទួលបានវ៉ាក់សាំងកូវីដឡើយ ដោយសារខុសលក្ខខណ្ឌកំណត់។
 
គិតមកដល់ថ្ងៃនេះ កម្ពុជាមានកូវីដ-១៩ សរុប៦៩៧ករណី ដោយសះស្បើយ៤៧៧ករណី និង២១៧ករណីកំពុងសម្រាកព្យាបាល។ អ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ឡើងដល់១៩៤នាក់ហើយ៕
 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com