COVID-19
ជាតិ
ចិនជាម្ចាស់កាសែត Angkor Today ដែលផ្សាយថា កម្ពុជាចាក់វ៉ាក់សាំងយកប្រាក់ ត្រូវបណ្តេញចេញនិងលែងឲ្យចូលកម្ពុជាវិញ
25, Feb 2021 , 10:35 am        
រូបភាព
សម្ដេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឡើងថ្លែងក្នុងពិធីបញ្ចុះសីមាព្រះវិហារ នៅវត្តស្នាយសរ ខេត្តព្រៃវែង កាលពីខែមីនា ឆ្នាំ២០២០
សម្ដេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឡើងថ្លែងក្នុងពិធីបញ្ចុះសីមាព្រះវិហារ នៅវត្តស្នាយសរ ខេត្តព្រៃវែង កាលពីខែមីនា ឆ្នាំ២០២០
សម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញប្រកាស នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ ដោយសម្រេចបណ្តេញលោក Shen Kaidong ជនជាតិចិន ដែលជាម្ចាស់កាសែត Angkor Today ទៅប្រទេសចិនវិញ និងត្រូវហាមឃាត់លែងឲ្យចូលកម្ពុជាសាជាថ្មី ដោយសារតែបានប្រព្រឹត្តបទល្មើសនៅកម្ពុជា។

-

លោក Shen Kaidong ត្រូវបានបណ្តេញចេញនិងលែងអនុញ្ញាតឲ្យចូលកម្ពុជាវិញ គឺបន្ទាប់ពីស្ថាប័នព័ត៌មានរបស់លោក បានចុះផ្សាយអត្ថបទមួយក្រោមចំណងជើងថា «កម្ពុជាលក់វ៉ាក់សាំងដែលជាជំនួយរបស់ចិន»។ អត្ថបទនេះ អះអាងថា រដ្ឋាភិបាលកម្ពុជា បានគិតថ្លៃពីការចាក់វ៉ាក់សាំងនេះ។ ក្រោយអត្ថបទចេញផ្សាយ កម្លាំងសមត្ថកិច្ច ក៏បានឃាត់ខ្លួនលោក នៅថ្ងៃទី២៥ ខែកុម្ភៈម្សិលមិញ និងបញ្ជូនទៅឃុំបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប។ 

ជាមួយគ្នានេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានចេញប្រកាសដែរ ដោយសម្រេចលុបអាជ្ញាបណ្ណរបស់កាសែត Angkor Today។ លោក បញ្ជាក់ថា ការលុបអាជ្ញាបណ្ណនេះ គឺដោយសារតែម្ចាស់អាជ្ញាបណ្ណនៃកាសែត Angkor Today ផ្សាយព័ត៌មានបំភ្លៃការពិត មានចេតនាទុច្ចរិតធ្វើឲ្យអន្តរាយដល់សុខភាពសាធារណៈ បង្កភាពច្របូកច្របល់ និង ចលាចលក្នុងសង្គម។ លោក ក៏លើកឡើងដែរថា ការផ្សាយនេះ ធ្វើឲ្យប៉ះពាល់ដល់កិត្យានុភាពរបស់រដ្ឋាភិបាលកម្ពុជា ហើយជាការបំពានយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈសារព័ត៌មាន។

លោក ជា គឹមសាន្ត ស្នងការរងនគរបាលខេត្តសៀមរាប ប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទថា កម្លាំងសមត្ថកិច្ច កំពុងរៀបចំបញ្ជូនលោក Shen Kaidong ចេញពីស្នងការដ្ឋាននគរបាលខេត្តសៀមរាប ទៅឲ្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ ដើម្បីបញ្ជូនចេញពីកម្ពុជា ទៅកាន់ប្រទេសចិនវិញ។ 

ក្នុងសារជាសំឡែងដែលផ្ញើទៅកាន់ក្រុមអ្នកកាសែតក្នុងបណ្តាញទំនាក់ទំនាងតេឡេក្រាម អ្នកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានបដិសេធចំពោះការចុះផ្សាយរបស់កាសែត Angkor Today និង បានស្នើឲ្យអាជ្ញាធរ ចាត់វិធានការផ្លូវច្បាប់ចំពោះការចុះផ្សាយនេះ៕ 



Tag:
 COVID-19
  បណ្តេញចេញពីកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com