COVID-19
ជាតិ
ក្រសួងការបរទេស៖ ជនបរទេសនៅកម្ពុជា អាចចាក់វ៉ាក់សាំងកូវីដ-១៩ ដោយឥតគិតថ្លៃ
25, Feb 2021 , 3:23 pm        
រូបភាព
ភ្នំពេញ៖ ជនបរទេស ដែលកំពុងធ្វើការ និងរស់នៅកម្ពុជា នឹងអាចចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី២៤ កុម្ភៈ។


ក្រសួងការបរទេស បានប្រាប់បណ្ដាអង្គទូត អ្នកការទូត និងការិយាល័យអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជាថា ជនបរទេសទាំងអស់ ដែលកំពុងមានវត្តមាននៅកម្ពុជា អាចទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដោយមិនគិតថ្លៃ ស្របទៅតាមផែនការចាក់វ៉ាក់សាំងរដ្ឋាភិបាលកម្ពុជា។
 
សេចក្តីប្រកាសព័ត៌មានក្រសួងការបរទេស បានបញ្ជាក់ដូច្នេះថា៖«ពាក់ព័ន្ធនឹងដំណើការនីតិវិធី និងព័ត៌មានលម្អិតពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ សម្រាប់ជនបរទេសនេះ នឹងផ្ដល់ជូនតាមក្រោយទៀត»។
 
សារព័ត៌មានថ្មីៗ មិនទាន់អាចទាក់ទងលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស ដើម្បីសុំព័ត៌មានបន្ថែមពីការចាក់វ៉ាក់សាំងលើជនបរទេសនេះឡើយ។ ចំណែកលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ក៏មិនលើកទូរសព្ទដែរ។
 
តែយ៉ាងណាលោកស្រី ឱ វណ្ណឌីន បានឆ្លើយឆ្លងជាមួយអ្នកកាសែតពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងឱ្យជនបរទេស តាមបណ្ដាញតេឡេក្រាម កាលពីថ្ងៃទី២៤ កុម្ភៈថា ៖ «យើងមិនទាន់មានផែនការចាក់ជូនជនបរទេសនៅឡើយទេ»។
 
គិតត្រឹមថ្ងៃទី២៤ កុម្ភៈ ពលរដ្ឋកម្ពុជា បានចាក់វ៉ាក់សាំងកូវីដ-១៩ ជាង១ម៉ឺននាក់ហើយ ខណៈមនុស្សជាង២ពាន់នាក់ទៀត មិនអាចទទួលបានវ៉ាក់សាំងកូវីដឡើយ ដោយសារខុសលក្ខខណ្ឌកំណត់។
 
មកដល់ថ្ងៃទី២៥ កុម្ភៈនេះ កម្ពុជាមានកូវីដ-១៩ សរុប៦៩៧ករណី ដោយសះស្បើយ៤៧៧ករណី និង២១៧ករណីកំពុងសម្រាកព្យាបាល។ អ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ឡើងដល់១៩៤នាក់ហើយ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com