COVID-19
អន្តរជាតិ
ហ្វីលីពីន ស៊ើបករណីប្រើវ៉ាក់សាំងកូវីដ-១៩ ខុសច្បាប់
25, Feb 2021 , 4:01 pm        
រូបភាព
ក្រសួងសុខាភិបាលហ្វីលីពីន ប្រកាសនៅថ្ងៃទី២៤ ខែកុម្ភៈ ថា ខ្លួននឹងស៊ើបអង្កេតករណីប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩ ខុសច្បាប់ និងគ្មានការអនុញ្ញាតត្រឹមត្រូវក្នុងប្រទេស។ ការប្រកាសនេះ ធ្វើឡើងក្រោយទីប្រឹក្សាម្នាក់របស់ប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ សារភាពពីការទទួលបានវ៉ាក់សាំង Sinopharm ដែលនាំចូលខុសច្បាប់។

 
លោក Ramon Tulfo ពិធធីករវិទ្យុម្នាក់ និងជាប្រេសិតពិសេសប្រចាំចិនផងនោះ បានទម្លាយនៅថ្ងៃទី២០ ខែកុម្ភៈ ថា លោកទទួលបានការចាក់វ៉ាក់សាំងអំឡុងខែតុលា ឆ្នាំ២០២០ ។ វ៉ាក់សាំងដែលលោក Tulfo ចាក់នេះ ត្រូវប្រើលើអង្គរក្សប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ ផ្ទាល់។ ព័ត៌មាននេះ នាំឱ្យរដ្ឋាភិបាលលោក ឌូទើតេ រងការរិះគន់ខ្លាំងអំពីអភ័យឯកសិទ្ធិពិសេស និងការមិនគោរពតាមនីតិវិធី។ 
 
ទាក់ទងវ៉ាក់សាំងវិញ រដ្ឋបាលចំណីអាហារនិងឱសថ (FDA) របស់ហ្វីលីពីន មិនបានអនុម័តឱ្យប្រើប្រាស់វ៉ាក់សាំង Sinopharm ជាបន្ទាន់នៅក្នុងប្រទេសឡើយ ឯ Sinopharm ក៏មិនបានស្វែងរកការអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់នៅហ្វីលីពីនដែរ។ ដូចនេះ វាក៏ធ្វើឱ្យមានការនាំចូល និងចែកចាយវ៉ាក់សាំងខុសច្បាប់នៅក្នុងទីផ្សារងងឹត។
 
លោក Rolando Enrique Domingo ប្រធាន FDA អះអាងថា អង្គភាពរបស់លោក កំពុងស៊ើបអង្កេតព្រោះវាមិនមែនជារឿងល្អឡើយដែលមានដំណឹងទាក់ទងការចាក់វ៉ាក់សាំងដែលមិនឆ្លងនីតិវិធីត្រឹមត្រូវ។ ចំណែករដ្ឋលេខាធិការក្រសួងសុខាភិបាលហ្វីលីពីន លោក Rosario Vergeire លើកឡើងថា អ្នកទទួលវ៉ាក់សាំងគ្មានការអនុញ្ញាត ក៏ត្រូវទទួលខុសត្រូវដែរ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ។
 
គួរបញ្ជាក់ថា ហ្វីលីពីន មិនទាន់ចាប់ផ្តើមការចាក់វ៉ាក់សាំងជូនប្រជាជននោះទេ បើទោះបីជាមានករណីវិជ្ជមាន និងបាត់បង់ជីវិតច្រើនជាងគេនៅអាស៊ីក៏ដោយ។ កន្លងមក ហ្វីលីពីនបានអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងបន្ទាន់ពីក្រុមហ៊ុន Pfizer-BioNTech និង AstraZeneca ។ 
 

Tag:
 ហ្វីលីពីន
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com