ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ជួយ​ចែករំលែក​! “​ទឹកដូង និង​ទឹក​ខ្ទិះដូង​” ផ្ដល់​អត្ថប្រយោជន៍​ខុសគ្នា​អ្វីខ្លះ​ចំពោះ​សុខភាព​និង​សម្រស់​?
26, Feb 2021 , 6:59 am        
រូបភាព
​ទោះជា​ភាគច្រើន​នៃ​ពួកយើង​ស្គាល់​និង​ឧស្សាហ៍​ទទួលទាន​ទឹកដូង ព្រមទាំង​ខ្ទិះដូង ប៉ុន្តែ​ប្រហែលជា​មិន​ធ្លាប់​ចាប់អារម្មណ៍​អំពី​អត្ថប្រយោជន៍​ដ៏​ប្រសើរ​របស់​វា​ចំពោះ​សុខភាព​និង​សម្រស់​ឡើយ​។ កុំ​បារម្ភ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​អត្ថប្រយោជន៍​ដែល​អ្នក​អាច​ទទួលបាន​ពី​ការ​ទទួលទាន​ទឹកដូង ឬ​ខ្ទិះដូង​យ៉ាងហោចណាស់​ពី ២ ទៅ ៣​ដង​ក្នុង​មួយខែ ៖

 
​ទឹកដូង​
១. បញ្ចុះ​សម្ពាធ​ឈាម​
 
​ទឹកដូង​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ប៉ូ​តា​ស្យូ​ម​ដែលមាន​ប្រសិទ្ធភាព​ជួយ​រក្សា​គ្រប់គ្រង​និង​បញ្ចុះ​សម្ពាធ​ឈាម​។​
 
២. សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ​
 
​ទឹកដូង​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ស​សៃ​។ លើសពីនេះទៅទៀត​ឥទ្ធិពល​អេ​ឡិច​ត្រូ​លីត្រ​នៃ​ទឹកដូង ក៏​ជួយ​សម្រួល​រាងកាយ​ក្នុងការ​ស្រូបយក​នូវ​ជាតិ​ប្រូតេអ៊ីន​ពី​អាហារ​បាន​ពេញលេញ​ផងដែរ​។ ទឹកដូង​ក៏​ល្អ​សម្រាប់​បំបាត់​អាកា​រៈ​កន្ត្រាក់​សាច់ដុំ និង​ការឈឺចាប់​ពោះវៀន​ដែល​បណ្ដាលមកពី​បញ្ហា​ពិបាក​រំលាយ​អាហារ​។​
 
៣. រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ​
 
​នោះ​ក៏​ព្រោះតែ​ទឹកដូង​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ isotonic ជាតិ​អេ​ឡិច​ត្រូ​លីត្រ ម៉ាញ៉េ​ស្យូ​ម ផូស្វ័រ ប៉ូ​តា​ស្យូ​ម និង​កាល់ស្យូម​ដែល​ជួយ​រក្សា​ជាតិ​ទឹក​គ្រប់គ្រាន់​ក្នុង​រាងកាយ ព្រមទាំង​ទប់ស្កាត់​បញ្ហា​ខ្សោះ​ជាតិ​ទឹកបាន​យ៉ាង​ប្រសើរ​។​
 
៤. សុខភាព​តម្រងនោម​
 
​ទឹកដូង គឺជា​ថ្នាំ​បញ្ចុះ​ទឹកនោម​បែប​ធម្មជាតិ​ដែលមាន​ប្រសិទ្ធិភាព​យ៉ាង​ប្រសើរ​ក្នុងការ​ទប់ស្កាត់​ជំងឺ​តម្រងនោម​។ វា​ក៏​ជួយ​សម្អាត​ផ្លូវ​ទឹកនោម ផ្លោក​នោម និង​ថែមទាំង​អាច​បំបែក​ក្រួស​ក្នុង​តម្រងនោម​ផងដែរ​។​
 
៥. សុខភាព​ខួរក្បាល​និង​សាច់ដុំ​
 
​ទឹកដូង​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​ប៉ូ​តា​ស្យូ​ម​ដែល​ចាំបាច់​បំផុត​សម្រាប់​គ្រប់គ្រង​អត្រា​ចង្វាក់បេះដូង​និង​ធ្វើអោយ​មុខងារ​សាច់ដុំ​កាន់​តែមាន​ភាពប្រសើរឡើង​។ ប៉ូ​តា​ស្យូ​ម​ក៏​ដើរតួ​ជា​អេ​ឡិច​ត្រូ​លីត្រ​ធម្មជាតិ​ដែល​ជួយ​សម្រួល​ប្រព័ន្ធ​ស​សៃ​ប្រសាទ​បង្កើន​ការចងចាំ រួមទាំង​បង្កើន​មុខងារ​ប្រព័ន្ធ​ស​សៃ​ប្រសាទ​ផងដែរ​។​
 
៦. ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​នៃ​រាងកាយ​
 
​ទឹកដូង​មាន​ផ្ទុក​អាស៊ីត lauric ដែល​ជួយ​ប្រយុទ្ធប្រឆាំង​បាក់តេរី​និង​ពពួក​វីរុស​។ ភេសជ្ជៈ​ធម្មជាតិ​នេះ​មាន​ប្រសិទ្ធិភាព​កម្ចាត់​រាល់​បាក់តេរី​មិនល្អ​ក្នុង​រាងកាយ​ដែល​បង្ក​ជំងឺ​អញ្ចាញ និង​មេរោគ​ឆ្លង​ក្នុង​ផ្លូវ​ទឹកនោម​។ ទឹកដូង​ក៏​ជួយ​ទប់ស្កាត់​វីរុស​ដែល​បង្ក​ជំងឺ​ផ្ដាសាយ និង​មេរោគ​ឆ្លង​ផ្សេងៗ​ផងដែរ​។​
 
៧. ជួយ​ឱ្យ​ស្រក​ទម្ងន់​
 
​ទឹកដូង​មាន​ផ្ទុក​បរិមាណ​ជាតិ​ខ្លាញ់​ទាប​បំផុត ដូច្នេះ​ទើប​វា​ជា​ជម្រើស​នៃ​ភេសជ្ជៈ​ដ៏​ប្រសើរ​សម្រាប់​អ្នក​ចង់​ស្រក​ទម្ងន់​។ វា​ក៏​ជួយ​កាត់បន្ថយ​ចំណង់​អាហារ និង​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ឆ្អែត​បានយូរ​ផងដែរ​។​
 
៨. បង្កើន​កោសិកា​គ្រាប់​ឈាមក្រហម​
 
​នោះ​ក៏​ព្រោះតែ​បរិមាណ​នៃ​ជាតិ​ប៉ូ​តា​ស្យូ​ម​ក្នុង​ទឹកដូង​មាន​ប្រសិទ្ធិភាព​អាចជួយ​បង្កើន​ការផលិត​កោសិកា​គ្រាប់​ឈាមក្រហម​បាន​យ៉ាង​ប្រសើរ​។​
 
​ទឹកខ្ទិះ​ដូង​
១. ប្រឆាំង​ការ​រលាក​ក្នុង​រាងកាយ​
 
​ការសិក្សា​ស្រាវជ្រាវ​ជាច្រើន​បានបង្ហាញ​ថា ខ្ទិះដូង​មាន​ផ្ទុក​លក្ខណៈសម្បត្តិ​ប្រឆាំង​មេរោគ​បាក់តេរី​និង​ការ​រលាក​ក្នុង​រាងកាយ​។ ការទទួល​ទាន​ទឹក​ខ្ទិះដូង​អាចជួយ​កាត់បន្ថយ​ការ​រលាក​និង​ហើម​នៃ​របួស​ផ្សេងៗ​។ វា​ក៏​ជួយ​ទប់ទល់​អាកា​រៈ​នៃ​ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ​ផងដែរ​បាន​យ៉ាង​ប្រសើរ​ផងដែរ​។​
 
២. ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺ​បេះដូង​
 
​ខ្ទិះដូង​អាចជួយ​កាត់បន្ថយ​កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​ក្នុង​រាងកាយ ប្រសិនបើ​ទទួលទាន​ក្នុង​បរិមាណ​តិច​ជាប្រចាំ​។ ឧទាហរណ៍​អ្នក​បន្ថែម​វា​ក្នុង​អាហារ​ណាមួយ​។ ជាតិ​ខ្លាញ់​ក្នុង​ខ្ទិះដូង​អាចមាន​ឥទ្ធិពល​វិជ្ជមាន​លើ​កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​ដែល​ជួយ​ទប់ស្កាត់​ជំងឺ​បេះដូង ដាច់​ស​សៃ​ឈាម​ខួរក្បាល និង​សម្ពាធ​ឈាម​ឡើង​ខ្ពស់​។​
 
៣.  បំបាត់​សញ្ញា​នៃ​ភាព​ចាស់​តាម​វ័យ​
 
​ស្នាម​ខ្សែ​និង​ស្នាម​ជ្រីវជ្រួញ​នៅលើ​ផ្ទៃ​មុខជា​សញ្ញា​ទូទៅ​បំផុត​នៃ​ភាព​ចាស់​តាម​វ័យ​នៃ​ស្បែក​។ ប៉ុន្តែ​កុំ​បារម្ភ​! បញ្ហា​នេះ​អាច​ត្រូវបាន​ដោះស្រាយ​និង​ទប់ស្កាត់បាន​ដោយ​គ្រាន់តែ​អ្នកប្រើប្រាស់​ខ្ទិះដូង​លាប​លើ​ផ្ទៃមុខ​ដូច​ធម្មតា​។ ខ្ទិះដូង​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C និង E ដែល​ជួយ​កម្ចាត់​រូបរាង​នៃ​ស្នាម​ខ្សែ ឬ​ស្នាម​ជ្រីវជ្រួញ​បាន​យ៉ាង​ប្រសើរ​។​
 
៤. កម្ចាត់​ស្នាម​អ៊ុច​ខ្មៅ​និង​ស្នាម​ជាំ​លើ​ស្បែក​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ខ្ទិះដូង ២ ស្លាបព្រា​បាយ ជាមួយ​ម្ស៉ៅ​រមៀត ១ ស្លាបព្រា​កាហ្វេ​និង​ទឹកឃ្មុំ ១ ស្លាបព្រា​កាហ្វេ ចូលគ្នា​ឱ្យ​សព្វ​។ លាប​ល្បាយ​លើ​ស្បែក​ដែល​ទទួលរង​ផលប៉ះពាល់​និង​ទុកចោល​សម្រាប់​រយៈពេល​ប្រហែល ១៥ នាទី​សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ធម្មតា​។ អនុវត្ត​ជាប្រចាំ​រហូត​ទទួលបាន​លទ្ធផល​គាប់ចិត្ត​។​
 
៥. កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម​ដោយសារ​កង្វះ​ជាតិ​ដែក​
 
​ខ្ទិះដូង​ជា​ប្រភព​ដ៏​ប្រសើរ​បំផុត​មួយ​នៃ​ជាតិ​ដែក​! ត្រឹម ១​ពែង​នៃ​ខ្ទិះដូង​អាច​ផ្ដល់ឱ្យ​រាងកាយ​នូវ​បរិមាណ​ជាតិ​ដែក​ដល់​ទៅជិត​មួយ​ភាគ​បួន​នៃ​តម្រូវការ​ជាតិ​ដែក​ប្រចាំថ្ងៃ​។​
 
៦. ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​និង​ផ្ដល់​ថាមពល​
 
​នេះ​ក៏​ព្រោះតែ​អាស៊ីត lauric ដែល​ខ្ទិះដូង​មាន​ផ្ទុក គឺ​ល្អ​ណាស់​សម្រាប់​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​ដោយ​វា​មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​ពពួក​បាក់តេរី វីរុស និង​រោគ​ផ្សិត​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com