អន្តរជាតិ
ប្រធានាធិបតីចិន ប្រកាសជោគជ័យពេញទីលើការលុបបំបាត់ភាពក្រីក្រនៅជនបទ
25, Feb 2021 , 5:19 pm        
រូបភាព
ពិធីជួបជុំអបអរការលុបបំបាត់ភាពក្រីក្ររបស់ចិន។ រូបថត Xinhua
ពិធីជួបជុំអបអរការលុបបំបាត់ភាពក្រីក្ររបស់ចិន។ រូបថត Xinhua
ប្រធានាធិបតីចិន លោកស៊ី ជិនភីង នៅថ្ងៃទី២៥ ខែកុម្ភៈ បានប្រកាសជ័យជំនះយ៉ាងធំធេង ក្នុងការលុបបំបាត់ភាពក្រីក្រនៅតំបន់ជនបទ នៅក្នុងពិធីអបអរដែលធ្វើឡើងនៅមហាវិមានប្រជាជនចិន ក្នុងក្រុងប៉េកាំង។ ជាមួយគ្នានេះ លោកស៊ី ក៏បានប្តេជ្ញាជួយសង្គ្រោះប្រជាជនមិនឱ្យធ្លាក់ខ្លួនក្រវិញ ក្នុងទំហំធំជាដាច់ខាត។

 
 
ក្រោមការដឹកនាំរបស់ប្រធានាធបតី លោក ស៊ី ជិនភីង រយៈពេល ៨ឆ្នាំ ប្រជាជនចិនជិត ១០០លាននាក់ ត្រូវបានរំដោះចេញពីភាពក្រីក្រ។ គោលនយោបាយលុបបំបាត់ភាពក្រីក្រ ជាគំនិតផ្តួចផ្តើមមួយរបស់លោកស៊ី  បន្ទាប់ពីឡើងកាន់អំណាចនៅក្នុងឆ្នាំ២០១៣។ កាសែតចិន បានចាត់ទុកភាពជោគជ័យនេះ គឺជាអំណោយមុនខួបនៃការបង្កើតបក្សកុម្មុយនីស្តចិន។ ថ្លែងក្នុងវិមានប្រជាជន ប្រមុខរដ្ឋចិន បានលើកឡើងថា ចិនបានបង្កើតឧទាហរណ៍មួយនៃការកាត់បន្ថយភាពក្រីក្រ និងបានចូលរួមយ៉ាងខ្លាំង ក្នុងការកាត់បន្ថយភាពក្រីក្រនៅក្នុងពិភពលោក។ 
 
«ការលុបបំបាត់ភាពក្រីក្រនៅតំបន់ជនបទ ជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការសម្រេចគោលដៅកសាងវិបុលភាពសង្គម»។ លោក ស៊ីបានលើកឡើងបែបនេះ ដោយប្តេជ្ញាថា ចិន នឹងជួយប្រជាជនខ្លួនបន្ថែមទៀត ដើម្បីការពារមិនឱ្យប្រជាជនធ្លាក់ខ្លួនក្រឡើងវិញ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua។ 
 
ដ្បិតទទួលបានជោគជ័យលើការរំដោះប្រជាជន៩៨,៩៩លាននាក់ឱ្យផុតពីភាពក្រីក្រយ៉ាងណាក្តី លោកស៊ី បានសង្កត់ធ្ងន់ថា ការលុបបំបាត់ភាពក្រីក្រមិនមែនជាចំនុចបញ្ចប់ឡើយ ប៉ុន្តែវាគ្រាន់តែជាការចាប់ផ្តើមជីវិតថ្មី, ការប្រឹងប្រែងថ្មី និងជំរុញការខិតខំបន្ថែមដើម្បីរក្សាការអភិវឌ្ឍនៅតំបន់ជនបទ។ 
 
ក្នុងរយៈពេល ៨ឆ្នាំកន្លងមកនេះ ចិនបានវិនិយោគជិត ២៤៦ពាន់លានដុល្លារ ក្នុងការកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេស។ មិនតែប៉ុណ្ណោះ ចិនបានអភិវឌ្ឍផ្លូវ ទឹក ភ្លើង សេវាអ៊ីនធឺណិត ដែលគ្របដណ្តប់លើភូមិក្រីក្រចំនួន ៩៨ភាគរយ ចាប់តាំងពីឆ្នាំ២០១២ មក។ បន្ថែមពីលើនេះ យុទ្ធសាស្រ្តអភិវឌ្ឍតំបន់ជនបទ ត្រូវបានស្នើដាក់បញ្ជូលជាគោលនយោបាយទំនើបកម្មសេដ្ឋកិច្ច ក្នុងអំឡុងពេលសមាជបក្សកុម្មុយនីស្តចិនលើកទី ១៩ ឆ្នាំ២០១៧។ 
 
ថ្មីៗនេះ ចិន បានដាក់ចេញ «ឯកសារគោលនយោបាយទីមួយ» សម្រាប់ឆ្នាំ២០២១ ផងដែរ ដែលផ្តោតសំខាន់លើកិច្ចខិតខំ និងការប្រឹងប្រែងអភិវឌ្ឍនៅតំបន់ជនបទ និងពន្លឿនទំនើបភាវូបនីយកម្មលើវិស័យកសិកម្ម និងតំបន់ជនបទ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com