ភ្នំពេញ៖ តម្លៃត្រីក្នុងស្រុកនៅតែបន្តធ្លាក់ចុះ ក្រោយក្រសួងកសិកម្មអនុញ្ញាតឲ្យមានការនាំត្រីចូលពីខាងក្រៅវិញ។ មិនត្រឹមតែធ្លាក់ថ្លៃប៉ុណ្ណោះទេ ត្រីក្នុងស្រុកមួយចំនួនធំ គ្មានឈ្មួញទិញទៀតផង។ ក្រុមអ្នកចិញ្ចឹមត្រីក្នុងស្រុក អំពាវនាវឲ្យពលរដ្ឋ ជួយបរិភោគត្រីខ្មែរ ដើម្បីលើកកម្ពស់វារីប្បកម្មក្នុងស្រុក។
«ត្រីប្រា ត្រីពោ ត្រីឆ្តោ របស់វារីវប្បកររបស់ខ្មែរយើង ចាល់ស្ទើរគ្រប់ស្រះហើយ»។ នេះជាការត្អូញត្អែររបស់សមាគមវារីវប្បករកម្ពុជានៅលើទំព័រហ្វេសប៊ុក នៅថ្ងៃទី២៣ កុម្ភៈ អមនឹងការអំពាវនាវឲ្យពលរដ្ឋខ្មែរ ជួយបរិភោគត្រីខ្មែរ។
តម្លៃត្រីចិញ្ចឹមក្នុងស្រុក នៅតែគ្មានស្ថិរភាព និងពិបាកសម្រាប់អ្នកចិញ្ចឹមក្នុងស្រុក។ត្រីប្រា បច្ចុប្បន្នអាចលក់បានត្រឹម៤ ០០០រៀលក្នុងមួយគីឡូ ខណៈត្រីអណ្ដែងលក់បានត្រឹម ៣ ៨០០រៀលទៅ ៤ ០០០រៀលក្នុងមួយគីឡូប៉ុណ្ណោះ។ នេះជាការលើកឡើងរបស់លោក សុខ រ៉ាដែន ប្រធានសមាគមវារីវប្បករកម្ពុជា បានប្រាប់សារព័ត៌មាន Thmeythmey25។
សម្រាប់លោក រ៉ាដែន ត្រីចិញ្ចឹមក្នុងស្រុករឹតតែពិបាកប្រកួតប្រជែង ក្រោយពេលដែលក្រសួងកសិកម្ម បានសម្រេចបើកឲ្យមានការនាំចូលត្រីអណ្តែង ត្រីប្រា ត្រីពោ និងត្រីឆ្តោ ពីក្រៅប្រទេសវិញ ក្រោមហេតុផលផ្គត់ផ្គង់តម្រូវការក្នុងស្រុក កាលពីថ្ងៃទី៨ កុម្ភៈ។ បច្ចុប្បន្ន ត្រីរបស់កសិករក្នុងស្រុកជាច្រើន លក់មិនចេញ ដោយសារតម្លៃថោក ហើយនៅកន្លែងខ្លះ គ្មានអ្នកទិញតែម្តង។
លោក សុខ រ៉ាដែន ថា៖«ស្ថានភាពទីផ្សារត្រីមិនទាន់ប្រសើរនោះទេ។ ក្នុងនាមជាប្រធានសមាគមវវារីវប្បករកម្ពុជា ខ្ញុំនៅបន្តស្នើសុំឲ្យក្រុមអាជីវករ ឬឈ្មួញទាំងអស់ ឲ្យជួយទិញត្រីរបស់វារីវប្បករនៅក្នុងស្រុក ពិសេសគឺជួយសម្របសម្រួលទិញត្រីខ្នាតធំ ដែលកំពុងកកស្ទះ នៅតាមស្រះនីមួយៗ»។
លោក ជឹម រដ្ឋា ជាអ្នកចិញ្ចឹមត្រីអណ្ដែមួយរូបនៅក្នុងភូមិ ជ្រោយផ្អុង ឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានបញ្ជាក់ប្រាប់ Thmeythmey 25ថា លោកចំណាយពេលពេលប្រមាណ៨ខែក្នុងការចិញ្ចឹមត្រីអណ្តែងនេះ ប៉ុន្តែបែរជាលក់បានតម្លៃទាប ហើយនៅសល់ត្រី៣០០គីឡូក្រាមថែមទៀតនៅក្នុងស្រះ។ «ខ្ញុំសល់ត្រីអណ្ដែង ប្រមាណ៣០០គីឡូទៀតក្នុងស្រះព្រោះអត់អ្នកទិញ។ គេនិយមហូបតែត្រីអណ្ដែងលឿង សាច់ទន់ នាំចូលពីវៀតណាម។ ខ្ញុំសាកល្បងចិញ្ចឹមត្រីអណ្ដែងជិតមួយឆ្នាំធ្វើឲ្យខ្ញុំខាតជិត១០លានរៀល»។ នេះជាការបន្ថែមរបស់លោក ជឹម រដ្ឋា ដែលបន្តដោយក្តីអស់សង្ឃឹមថា លោកត្រូវបន្ថយការចិញ្ចឹម ឬអាចឈប់ចិញ្ចឹមត្រីតែម្ដង។
លោក សុខ ស៊ុនហាក់ គឺជាអ្នកចិញ្ចឹមត្រីមួយរូបទៀត ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ យល់ថា តម្លៃត្រីធ្លាក់ចុះ មិនមែនជារឿងថ្មីសម្រាប់លោកឡើយ ។ បុរសវ័យ៦០ឆ្នាំរូបនេះ បានលើកឡើងដូច្នេះ៖«វាជាធម្មតាបញ្ហាទីផ្សារតែងមាន ជួនក៏ខាតជួនក៏ចំណេញ ហើយខ្លះក៏រួចខ្លួន»។
រយៈពេលប្រមាណ២០ឆ្នាំហើយ ដែលលោក សុខ ស៊ុនហាក់ ជ្រើសការចិញ្ចឹមត្រី បន្ទាប់ពីការងារជាគ្រូបង្រៀនថ្នាក់បឋមសិក្សា។ ដោយមានពិសោធន៍ចិញ្ចឹមយូរ និងហាក់ដឹងពីស្ថានភាពត្រីក្នុងស្រុកមិនសូវល្អ ក្រោយក្រសួងកសិកម្ម បើកឲ្យនាំត្រីពីក្រៅប្រទេសវិញ លោក ស៊ុនហាក់ បានប្រញាប់ប្រញាល់ចាប់ត្រីលក់នៅផ្សារដោយខ្លួនឯង មិនរង់ចាំឈ្មួញនោះទេ។ លោក លក់ត្រីបានថ្លៃ ៤ ៤០០រៀល ក្នុងមួយគីឡូក្រាម ដែលជាតម្លៃសមរម្យមួយ។ សម្រាប់អ្នកចិញ្ចឹមត្រី ដែលពោរពេញដោយពិសោធន៍រូបនេះ ការនាំត្រីចូលពីខាងក្រៅ ជាបញ្ហាចម្បងដែលធ្វើឲ្យតម្លៃត្រីក្នុងស្រុកធ្លាក់ចុះ។
លោក សុខ ស៊ុនហាក់ បញ្ជាក់ដូច្នេះ ៖ «ខ្ញុំគិតថាកូវីដ-១៩ មិនមែនជាបញ្ហាធំទេ តែការនាំត្រីចូលពីខាងក្រៅ ទើបជាការព្រួយបារម្ភ។ ដោយសារខ្ញុំនៅជិតផ្សារ អីចឹងមិនសូវមានហានិភ័យ ព្រោះអាចរកទីផ្សារដោយខ្លួនឯង តែវាប្រហែលពិបាក សម្រាប់បងប្អូនចិញ្ចឹមត្រីផ្សេង ដែលនៅឆ្ងាយពីផ្សារ និងចាំតែឈ្មួញចុះទិញ»។
ទាក់ព័ន្ធនឹងបញ្ហានេះ លោក ស្រី វុទ្ធី អ្នកនាំពាក្យក្រសួងកសិកម្ម បានបញ្ជាក់យ៉ាងខ្លីប្រាប់ Thmeythmey25 ដូច្នេះ៖«ក្រសួង កំពុងរៀបចំផែនការ ជួយគាំទ្រវារីវប្បករ»។
កាលពីថ្ងៃទី៨ កុម្ភៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រេចអនុញ្ញាតឱ្យនាំចូលត្រីប្រា ត្រីពោ ត្រីអណ្ដែង និងត្រីឆ្តោ ពីប្រទេសវៀតណាមវិញ ក្រោយមានការផ្អាកនាំចូលត្រីទាំងបួនប្រភេទនេះ អស់រយៈពេលជិតមួយខែកន្លងមក។
ក្រសួងកសិកម្មបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួននាព្រឹកថ្ងៃទី៨កុម្ភៈថា ឈ្មួញដែលនាំចូលត្រីទាំង៤ប្រភេទពីវៀតណាមវិញនេះ ត្រូវធ្វើឡើងស្របតាមតម្រូវការជាក់ស្តែងនៅក្នុងស្រុក ដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។