ជាតិ
ទិវា​ជាតិ​ទីក្រុង​ស្អាត​! នាយករដ្ឋមន្ត្រី​លើកកម្ពស់ «​ទម្លាប់​ថ្មី​ដើម្បី​ទីក្រុង​ស្អាត​»
25, Feb 2021 , 9:59 pm        
រូបភាព
ដោយ:
សម្ដេច ហ៊ុន សែន ចេញ​សារលិខិត ក្នុង​ទិវា​ជាតិ​ទីក្រុង​ស្អាត​លើក​ទី​៩ ក្រោម​ប្រធានបទ « ទម្លាប់​ថ្មី ដើម្បី​ទីក្រុង​ស្អាត » ដោយ​ស្នើឱ្យ​អ្នកពាក់ព័ន្ធ​ក្នុង​វិស័យ​ទេសចរណ៍​ទាំងអស់ ត្រូវអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង វិធាន​សុវត្ថិភាព​សុខាភិបាល ឱ្យបាន​ខ្ជាប់ខ្ជួន ដើម្បី​កសាង​ទំនុកចិត្ត ដល់​ភ្ញៀវទេសចរ​ក្នុង​វិបត្តិ​កូ​វីដ​-១៩​។


​ក្នុង​សារលិខិត​របស់​សម្ដេច ហ៊ុន សែន គឺ​បាន​ស្នើឱ្យ​អ្នកបំរើ​ការ​ក្នុង​វិស័យ​ទេសចរណ៍ ត្រូវ​ទម្លាប់ខ្លួន​រស់នៅ​ក្នុង​បរិ​ប​ត្តិ​កូ​វីដ​-១៩​។ ត្រូវមាន​ការពារ និង​រក្សា​អនាម័យ​ឱ្យបាន​ខ្ជាប់ខ្ជួន ព្រោះ​ការបង្កើន​នូវ​ទំនុកចិត្ត និង​ភាព​ទុកចិត្ត ជា​ចំណុច​សំខាន់​សម្រាប់​ទាក់ទាញ​ទេសចរ​។ 
 
​សម្ដេច​បាន​សង្កត់ធ្ងន់​ថែម​ទៀតថា ៖ « អ្វីៗ​នឹង មិន​ត្រលប់​ទៅរក​សភាព​ដើម​វិញ​ទេ ដូចនេះ​យើង​ត្រូវ​ចេះ​សម្រប​ខ្លួន​រៀន​រស់ក្នុង​សភាព​ថ្មី​មួយ ពោលគឺ​ត្រូវ​ចេះ​រក្សា​អនាម័យ ឱ្យបាន​ខ្ជាប់ខ្ជួន និង​មានការ​ប្រយ័ត្នប្រយែង កុំ​ធ្វេសប្រហែស​ឱ្យសោះ » ។ 
 
​សម្ដេច​ក៏បាន​ស្នើឱ្យ ក្រុមហ៊ុន​ទេសចរណ៍ អាជីវកម្ម​ទេសចរណ៍ គិតគូរ​ពី​គំរូ​អាជីវកម្ម​បែប​ថ្មី ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល​ជា​ជំនួយ​។ អាជីវករ​ត្រូវ ពង្រឹងសមត្ថភាព បង្កើន​ផលិតភាព ដើម្បី​ត្រៀមខ្លួន​ប្រកួត​ប្រ​ជែក​ទីផ្សារការងារ​។​
 
​ស្នើ អាជ្ញាធរ​មូលដ្ឋាន គ្រប់គ្រង​ខណ្ឌ ត្រូវអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍​ឱ្យបាន​កាន់តែ​សកម្ម​ស្របតាម​យុទ្ធ​នាករ « ទីក្រុង​ស្អាត​៖ ទីក្រុង​អនុវត្ត​វិធាន​សុវត្ថិភាព​ឆ្នើម » ដើម្បី​ប្រយុទ្ធប្រឆាំង នឹង​ជំងឺ​កូ​វីដ​-១៩ ។ នេះ​ជាការ​ស្នើ​របស់​សម្ដេចនាយក​រដ្ឋមន្ត្រី ដល់​អាជ្ញាធរ​មូលដ្ឋាន​។​
 
​ជាមួយគ្នានេះដែរ សម្ដេច​ក៏បាន​ស្នើឱ្យ ប្រជាពលរដ្ឋ បន្សាំ​ខ្លួន​ក្នុង​ទម្លាប់​ថ្មី ដោយ​ត្រូវ​យល់ដឹង​ពី​ការរស់នៅ មាន​អនាម័យ និង​គោរព​វិធាន​សុវត្ថិភាព​របស់​ក្រសួងសុខាភិបាល​កុំឱ្យ​អាក់ខាន បន្ថែម​ពីនេះ ប្រជាជន​ត្រូវ​ទម្លាប់ខ្លួន​ក្នុងការ​ប្រើប្រាស់​បច្ចេកវិទ្យា​សម្រាប់​ការរស់នៅ​ប្រចាំថ្ងៃ​ផងដែរ​។​
 
​សូម​ជម្រាប​ផងដែរ​ថា នេះ​ជា​លើក​ទី​៩ ហើយ​ដែល​កម្ពុជា ប្រារព្ធ​ទិវា​ទីក្រុង​ស្អាត ដោយ​ឆ្នាំនេះ ទិវា​ទីក្រុង​ស្អាត ក៏​អម​ជាមួយ​ចលនា ប្រឡងប្រណាំង​ទីក្រុង​ស្អាត​លើក​ទី​៣ ផងដែរ​៕

Tag:
 ទីក្រុង​ស្អាត
© រក្សាសិទ្ធិដោយ thmeythmey.com