អន្តរជាតិ
វ៉េ​ណេ​ស៊ុយ​អេ​ឡា បណ្តេញ​អគ្គរដ្ឋទូត​អឺរ៉ុប ក្រោយ​ទណ្ឌកម្ម​ថ្មី​របស់ EU
25, Feb 2021 , 10:29 pm        
រូបភាព
លោក Jorge Arreaza រដ្ឋមន្ត្រីការបរទេសវ៉េណេស៊ុយអេឡា និងលោកស្រី Isabel Brilhante Pedrosa ទូតសហភាពអឺរ៉ុប។ រូបថត AFP
លោក Jorge Arreaza រដ្ឋមន្ត្រីការបរទេសវ៉េណេស៊ុយអេឡា និងលោកស្រី Isabel Brilhante Pedrosa ទូតសហភាពអឺរ៉ុប។ រូបថត AFP
ដោយ:
​វ៉េ​ណេ​ស៊ុយ​អេ​ឡា​បានចេញ​សេចក្តីប្រកាស​បណ្តេញ​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ជាការ​ឆ្លើយតប​ទៅនឹង​ទណ្ឌកម្ម​បន្ថែម​ដែល​សហភាព​អឺរ៉ុប (EU) លើ​មន្ត្រីជាន់ខ្ពស់​ចំនួន​១៩​រូប ។ អគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​មាន​រយៈពេល​៧២​ម៉ោង​ដើម្បី​ចាក​ចេញពី​ទឹកដី​វ៉េ​ណេ​ស៊ុយ​អេ​ឡា​។ នេះ​ជា​លើក​ទី​ពីរ​ហើយ​ដែល​វ៉េ​ណេ​ស៊ុយ​អេ​ឡា​បណ្តេញ​ទូត​សហភាព​អឺរ៉ុប​។​


​លោក Jorge Arreaza រដ្ឋមន្ត្រីការបរទេស​វ៉េ​ណេ​ស៊ុយ​អេ​ឡា និយាយថា ការបណ្តេញ​លោកស្រី​Isabel Brilhante Pedrosa ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប សញ្ជាតិ​ព័រទុយហ្កាល ធ្វើឡើង​បន្ទាប់ពី​រដ្ឋមន្ត្រីការបរទេស​នៃ​សហភាព​អឺរ៉ុប​ដាក់ទណ្ឌកម្ម​បន្ថែម​លើ​មន្ត្រី​វ៉េ​ណេ​ស៊ុយ​អេ​ឡា​១៩​រូប​ដែលមាន​យោធា ចៅក្រម​តុលាការ​កំពូល និង​អ្នកនយោបាយ​ជាន់ខ្ពស់​ជាដើម​។ ទណ្ឌ​កម្មនេះ​រួមការ​ការដកហូត​ទិដ្ឋាការ និង​បង្កក​ទ្រព្យសម្បត្តិ​។​
 
«​យោងតាម​សេចក្តីសម្រេច​របស់​ប្រធានាធិបតី យើង​សូម​ប្រគល់ជូន​នូវ​សេចក្តីប្រកាស​ដែល​លោកស្រី Isabel Brilhante Pedrosa ត្រូវ​ចាត់ទុកជា​បុគ្គល​លែង​ស្វាគមន៍​»​។ នេះ​ជាការ​ថ្លែង​របស់លោក Arreaza ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃទី​២៤ ខែកុម្ភៈ​។ លោក​ថា ការបណ្តេញ​អ្នកការទូត​នេះ​ធ្វើឡើង ដោយសារតែ​ស្ថានការណ៍​តម្រូវ ហើយ EU ពុំមាន​អំណាចច្បាប់ ឬ​សីលធម៌​មក​ដាក់ទោស​អ្នកណា​ឡើយ​។​
 
​ការបណ្តេញ​អ្នកការទូត​អឺរ៉ុប ធ្វើឡើង​បន្ទាប់ពី​សភា​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ដែល​គ្រប់គ្រង​ដោយ​បក្ស​របស់លោក​ប្រធានាធិបតី នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ អនុម័ត​សេចក្តីសម្រេច​នៅ​ថ្ងៃទី​២៣ ខែកុម្ភៈ ទាមទារ​ឱ្យ​រដ្ឋាភិបាល​បណ្តេញ​ទូត​អឺរ៉ុប​ចេញពី​ប្រទេស​នេះ​បន្ទាប់ពី​រង​ទណ្ឌកម្ម​បន្ថែម​នៅ​ថ្ងៃទី​២២ ខែកុម្ភៈ​។ គិត​ត្រឹម​ទណ្ឌកម្ម​ចុងក្រោយ អឺរ៉ុប​បានដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​វ៉េ​ណេ​ស៊ុយ​អេ​ឡា​៥៥​នាក់​ហើយ​។​
 
​ចំពោះ​ការបណ្តេញ​អ្នកការទូត​ខ្លួន​នេះ EU បង្ហាញ​ការខកចិត្ត និង​ទាមទារ​ឱ្យ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​លុបចោល​ការសម្រេចចិត្តរ​បស់​ខ្លួន​។ វ៉េ​ណេ​ស៊ុយ​អេ​ឡា​ធ្លាប់​លុបចោល​សេចក្តីសម្រេច​បណ្តេញ​អ្នកការទូត​អឺរ៉ុប​រូបនេះ​កាលពី​ខែមិថុនា ឆ្នាំ​២០២០ ម្ដង​ហើយ​។ នេះ​បើតាម​លោកស្រី Nabila Massrali អ្នកនាំពាក្យ​ផ្នែក​គោលនយោបាយ​ការបរទេស​អឺរ៉ុប​។ លោកស្រី Massrali រំឭក​រដ្ឋាភិបាល​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ថា ប្រទេស​នេះ​អាច​ឆ្លងកាត់​វិបត្តិ​នយោបាយ​តាមរយៈ​ការសន្ទនា និង​ចរចា​តែប៉ុណ្ណោះ​។ 
 
​បន្ទាប់ពី​ជួប​វិបត្តិ​នយោបាយ និង​ការមិនទទួលស្គាល់​លទ្ធផល​បោះឆ្នោត​ប្រធានាធិបតី​ក្នុង​ឆ្នាំ​២០១៨ លោក ហ័ន កៃ​ដូ មេដឹកនាំ​បក្សប្រឆាំង បានប្រកាស​ខ្លួន​ជា​ប្រធានាធិបតី​ស្តីទី ដោយ​យោងតាម​រដ្ឋធម្មនុញ្ញ​ដែល​ផ្តល់​អំណាច​ឱ្យ​ប្រធានសភា​ទទួល​តំណែង​ជា​ប្រធានាធិបតី​ស្តីទី នៅពេល​ប្រទេស​គ្មាន​ប្រធានាធិបតី​។ 
 
​អាមេរិក នៅ​បន្ត​ទទួលស្គាល់​លោក កៃ​ដូ តែ​សហភាព​អឺរ៉ុប​បញ្ជាក់ថា ខ្លួន​លែង​ទទួលស្គាល់​លោក ក្វៃ​ដូ ជា​ប្រធានាធិបតី​ស្តីទី​ទៀតហើយ​។ នេះ​ក៏​ដោយសារតែ​លោក ក្វៃ​ដូ បាត់បង់​តំណែង​ជា​ប្រធានរដ្ឋសភា ក្រោយ​ការបោះឆ្នោត​រដ្ឋសភា​នីតិកាល​ថ្មី នៅ​ចុងឆ្នាំ​២០២០ ដែល​ក្រុម​បក្សប្រឆាំង​ពហិការ​។ សហភាព​អឺរ៉ុប និង​អាមេរិក ក៏​ពុំ​ទទួលស្គាល់​ការបោះឆ្នោត​រដ្ឋសភា​ឆ្នាំ​២០២០ នេះដែរ​៕
 
 
 

Tag:
 ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​
 EU
© រក្សាសិទ្ធិដោយ thmeythmey.com