ជាតិ
ទិដ្ឋភាព​ប្រាសាទឯកភ្នំ​ដ៏​ស្ងាត់ជ្រងំ ក្នុង​វិបត្តិ​កូ​វីដ​-១៩
25, Feb 2021 , 10:59 pm        
រូបភាព
ដោយ:
​ឯក​ភ្នំ ជា​ប្រាសាទបុរាណ​មួយ មាន​ទីតាំង​ស្ថិតនៅ ភូមិ​ថ្កូវ ឃុំ​ក្ដុល​ដូនទាវ ស្រុក​ឯក​ភ្នំ និង​មាន​ចម្ងាយ​ប្រមាណ ១២​គីឡូម៉ែត្រ ពី​ក្រុង​បាត់ដំបង​។ ប្រាសាទឯកភ្នំ ជាទី​តាំង​ទេសចរណ៍វប្បធម៌​ប្រវត្តិសាស្ត្រ​មួយ តែង​ទាក់ទាញ​ភ្ញៀវទេសចរ អន្តរជាតិ ក្នុង​ខេត្តបាត់ដំបង​។ ក្រោយ​មាន​វិបត្តិ​កូ​វីដ​-១៩ ប្រាសាទឯកភ្នំ ចាប់ផ្ដើម​ខ្សត់​ភ្ញៀវទេសចរ ព្រោះ​លែងមាន​វត្តមាន​ភ្ញៀវទេសចរ​អន្តរជាតិ​ទៅ​កម្សាន្ត​នៅ​ប្រាសាទ​មាន​វ័យ​ចំណាស់​មួយ​នេះ​។


​ប្រាសាទឯកភ្នំ ត្រូវបាន​កសាងឡើង​ក្នុង​សតវត្ស ទី​១១ ក្នុង​រាជ​កាល​ព្រះបាទ​សូរ្យ​វរ្ម័នទី​១ នា​សម័យ​មហានគរ ដើម្បី​ឧទ្ទិស​ថ្វាយ​អាទិទេព​នៃ​ព្រហ្មញ្ញសាសនា​។ ក្រៅពី​ជាទី​តាំង​វប្បធម៌ និង​ប្រវត្តិសាស្ត្រ ប្រាសាទឯកភ្នំ​ក៏​ជាទី​តាំង​ទេសចរណ៍ ដ៏​ទាក់ទាញ​មួយ​ផងដែរ​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង​។​
 
​បើតាម​លោក នី រស្មី ប្រធានការិយាល័យ​អប់រំ​បណ្តុះបណ្តាល នៃ​មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង ប្រាសាទឯកភ្នំ មិនសូវមាន​ទេសចរ​ទៅ​កម្សាន្ត​នោះទេ​ក្នុង​វិបត្តិ​កូ​វីដ​-១៩​។ លោក នី រស្មី បញ្ជាក់​ដូច្នេះ​ថា​៖ « ដោយសារ​បញ្ហា​ជំងឺ​កូ​វីដ​-១៩ បានធ្វើឱ្យ​អត្រា​ភ្ញៀវទេសចរ​អន្តរជាតិ​មានការ​ធ្លាក់ចុះ ដូចនេះ​បច្ចុប្បន្ន​រមណីយដ្ឋាន​ប្រាសាទឯកភ្នំ​មិនសូវមាន​ភ្ញៀវទេសចរ​ច្រើន​ទេ ដោយសារ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​មួយ​នេះ​ភាគច្រើន​ទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ​»​។​
 
​លោក​បាន​បន្ថែមទៀតថា ក្រៅពី​ប្រាសាទឯកភ្នំ ខេត្តបាត់ដំបង ក៏មាន​តំបន់​ទេសចរណ៍វប្បធម៌​ប្រវត្តិសាស្ត្រ ដែល​ទាក់ទាញ​ភ្ញៀវទេសចរ​ខ្លាំង ២​ផ្សេងទៀត​គឺ រមណីយដ្ឋាន​ប្រាសាទ​បាណន់ និង​រមណីយដ្ឋាន​ភ្នំ​សំពៅ​៕ 
 
​សូម​អញ្ជើញ លោក អ្នកនាង ទស្សនា​រូបភាព ប្រាសាទឯកភ្នំ ដែល​ផ្ដិត​ដោយ​សហការី សារព័ត៌មាន​ThmeyThmey25 ដូចតទៅ​៖ 












Tag:
 បាត់ដំបង ប្រាសាទឯកភ្នំ​
  កូ​វីដ​-១៩
  ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com