អាជ្ញាធរថៃបានរៀបចំគម្រោងបន្ធូរបន្ថយការរឹតបន្តឹងសម្រាប់អ្នកធ្វើដំណើរដែលទទួលបានការចាក់វ៉ាក់សាំងការពារកូវីដ-១៩រួចនៅពេលឆាប់ៗ។ រដ្ឋអាស៊ីអាគ្នេយ៍នេះក៏សំឡេងរកវិធីស្តារវិស័យទេសចរណ៍ឱ្យមានសកម្មភាពល្អឡើងវិញ បន្ទាប់ពីបិទអស់រយៈពេលជាយូរដែរ។
រដ្ឋាភិបាលថៃកំពុងរៀបការបន្ធូរបន្ថយវិធានរឹតបន្តឹងការពារមេរោគកូវីដ-១៩ ដោយត្រៀមឲ្យ ភ្ញៀវទេសចរដែលត្រូវបានទទួលវ៉ាក់សាំងការពារជំងឺនេះរួច អាចទទួលបានការធ្វើចត្តាឡីស័ករយៈពេលខ្លី ឬក៏លើកលែងការធ្វើចត្តាឡីស័កតែម្តង។ នេះបើតាមប្រធានអាជ្ញាធរទេសចរណ៍ថៃ (TAT) លោក Yuthasak Supasorn។
«យើងត្រូវតែចាត់វិធានការឱ្យបានឆាប់រហ័សព្រោះយើងចង់ចាប់ផ្តើមស្វាគមន៍ភ្ញៀវទេសចរនៅត្រីមាសទីបី»។ លោក Yuthasak Supasorn បានបន្ថែមដូចនេះ។ ស្របគ្នានេះដែរ អាជ្ញាធរទេសចរណ៍ថៃក៏បានគ្រោងឱ្យចាប់ផ្តើមបើកលក់កញ្ចប់សេវាកម្មទេសចរណ៍ឡើងវិញបន្ទាប់ពីខែមេសានេះដែរ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។
ដោយឡែក រដ្ឋមន្ត្រីក្រសួងទេសចរណ៍ Phiphat Ratchakitprakarn បានប្រាប់ទូរទស្សន៍ជាតិថៃថា ថៃរំពឹងថានឹងទទួលភ្ញៀវទេសចរប្រមាណ ៥លាននាក់ ហើយសម្រាប់ឆ្នាំក្រោយចំនួនអ្នកទេសចរនេះអាចនឹងកើនដល់ ១៥លាននាក់ បន្ទាប់ពីវ៉ាក់សាំងត្រូវបានចាក់រួចរាល់សម្រាប់មនុស្សភាគច្រើន។
ស្របពេលនោះដែរ ក្រសួងទេសចរណ៍ក៏បានស្នើសុំវ៉ាក់សាំងកូវីដ-១៩ ចំនួន ១០ ម៉ឺនដូស សំរាប់បុគ្គលិកក្នុងវិស័យទេសចរណ៍នៅខេត្តដែលពេញនិយមសម្រាប់ទេសចរបរទេសដូចជា ឆុនបូរី, ក្រាប៊ី, ផាងង៉ា, ឈៀងម៉ៃ និងភូកេត។
កាលពីឆ្នាំ ២០១៩ ប្រទេសថៃទទួលបានភ្ញៀវទេសចរបរទេសប្រមាណ ៤០ លាននាក់ ដែលបានចំណាយថវិកាចំនួន ១,៩១ លានលានបាត ស្មើនឹង ៦៣,៦០ ពាន់លានដុល្លារអាមេរិក។
ដោយប្រៀបធៀបទៅនឹងពេលដែលថៃបានកំណត់ ការរឹតបន្តឹងលើការធ្វើពាណិជ្ជកម្មអន្តរជាតិ និងភ្ញៀវទេសចរនាឆ្នាំ២០២០ គេឃើញមានចំនួនភ្ញៀវត្រឹមតែ ៦,៧ លាននាក់ និងទទួលបានចំណូល ៣៣២ ពាន់លានបាតប៉ុណ្ណោះ។
គួរបញ្ជាក់ថា ថៃបានទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ២០ម៉ឺនដូស ជាលើកដំបូងពីក្រុមហ៊ុន Sinovac របស់ចិននៅថ្ងៃទី២៤ ខែកុម្ភៈ ហើយនឹងអាចបន្តទទួលបាន ៨០ម៉ឺនដូស នៅខែមីនា និង បន្ទាប់មក១លានដូស ទៀត នៅខែមេសា៕