ស៊ុយអែត​ផ្តល់​សៀវភៅ​គោល​ជាង​៣​ម៉ឺន​ក្បាល​ដល់​សាលារៀន​៥០ ដែល​ដាក់​ជា​មណ្ឌល​ច​ត្តា​ឡី​ស័ក​
ជាតិ
សង្គមជាតិ
ស៊ុយអែត​ផ្តល់​សៀវភៅ​គោល​ជាង​៣​ម៉ឺន​ក្បាល​ដល់​សាលារៀន​៥០ ដែល​ដាក់​ជា​មណ្ឌល​ច​ត្តា​ឡី​ស័ក​
26, Feb 2021 , 8:59 am        
រូបភាព
សិស្សានុសិស្ស​មួយចំនួនកំពុងសិក្សា​នៅ​ក្នុងសាលារៀនមួយ​នៅខេត្ត​បាត់ដំបងក្រោយពីសាលារៀនរបស់ពួកគេត្រូវបានក្លាយជាមណ្ឌលចត្តាឡីស័ក រូបភាពពីមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង
សិស្សានុសិស្ស​មួយចំនួនកំពុងសិក្សា​នៅ​ក្នុងសាលារៀនមួយ​នៅខេត្ត​បាត់ដំបងក្រោយពីសាលារៀនរបស់ពួកគេត្រូវបានក្លាយជាមណ្ឌលចត្តាឡីស័ក រូបភាពពីមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង
​ភ្នំពេញ​៖ រដ្ឋាភិបាល​ស៊ុយអែត​បាន​ចំណាយ​ថវិកា​ទិញ​សៀវភៅ​សិក្សា​គោល​ជាង​៣​ម៉ឺន​ក្បាល សម្រាប់​ផ្តល់ជូន​ដល់​ក្រសួង​អប់រំ យុវជន និង​កីឡា តាមរយៈ​អង្គការ​យូ​នី​សេ​ហ្វ​ប្រចាំ​កម្ពុជា ដើម្បី​ចែកជូន​ដល់​សិស្សានុសិស្ស​ចាប់ពី​ថ្នាក់​ទី​១ ដល់ទី​១២​ជាង​៣​ម៉ឺន​នាក់ នៅ​សាលារៀន​ចំនួន​៥០ ដែល​កំពុងតែ​ដាក់​ជា​មណ្ឌល​ច​ត្តា​ឡី​ស័ក សម្រាប់​ពលករ​មកពី​ថៃ​។​

 
​លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​បញ្ជាក់ថា ការខ្វះ​សៀវភៅ​សិក្សា​ជា​បញ្ហា​ប្រឈម​ដ៏​ធំ​សម្រាប់​សិស្សានុសិស្ស ដែល​រៀន​ពី​ចម្ងាយ ឬ​នៅតាម​សាលារៀន​។ បើតាម​លោក ហង់​ជួន ណា​រ៉ុ​ន សៀវភៅ​សិក្សា​ទាំងនេះ នឹង​ជួយ​ឲ្យ​សិស្ស​នៅតាម​សាលារៀន ដែល​កំពុង​រៀបចំ​ជា​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក អាច​បន្ត​ការសិក្សា​ផងដែរ​។  រដ្ឋមន្ត្រីក្រសួង​អប់រំ បាន​និយាយ​ដូច្នេះ​ថា​៖«​ទោះបីជា​យើង​កំពុង​ជួបប្រទះ​ការលំបាក​ពី​ការឆ្លង​រាលដាល​ជាស​កល​នៃ​ជំងឺ​កូ​វីដ​-១៩​ក៏ដោយ ក៏​យើង​ត្រូវ​ប្រឹងប្រែង​ឲ្យ​អស់​លទ្ធភាព ដើម្បី​ឲ្យ​សិស្ស​អាច​នៅតែ​បន្ត​ការសិក្សា​បាន និង​ធានាថា​ពួកគេ​មាន​សុវត្ថិភាព​ពី​ជំងឺ​នេះ​»​។ 
 
​លោក ប៊ី​យ៉​ន ហ៊ែ​ហ្ក​ម៉ាឃ ឯកអគ្គរាជទូត​ប្រទេស​ស៊ុយអែត​ប្រចាំ​ប្រទេស​កម្ពុជា បាន​លើកឡើងថា 
​ជំនួយ​នេះ នឹង​ជួយ​ដល់​កុមារ​ដែល​រស់​នៅតាម​ខេត្ត ដែល​ងាយ​ប៉ះពាល់​ពី​ជំងឺ​កូ​វីដ​-១៩ ដោយ​អាច​ទទួលបាន​ការសិក្សា​គ្រប់គ្រាន់​។   
 
​គិត​ត្រឹម​ថ្ងៃទី​២៥ កុម្ភៈ​នេះ កម្ពុជា បាន​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​-១៩ ចំនួន​៦៩៧​នាក់ ដោយ​ក្នុងនោះ  មាន​៤៧៧​នាក់ បានជា​សះស្បើយ​៕

Tag:
 ស៊ុយអែត​
 ​សៀវភៅ​
 ​សិស្ស​
 ​សាលារៀន​
 ​អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com