COVID-19
អន្តរជាតិ
ទោះមានកូវីដ-១៩ ការចំណាយលើវិស័យយោធាលើពិភពលោកកើនឡើងខ្លាំងនៅឆ្នាំ២០២០
26, Feb 2021 , 2:05 pm        
រូបភាព
នាវាដឹកយន្តហោះ Shandong របស់ចិន។ រូបថត Xinhua
នាវាដឹកយន្តហោះ Shandong របស់ចិន។ រូបថត Xinhua
ដោយ:
ការចំណាយលើវិស័យយោធារបស់ពិភពលោកក្នុងឆ្នាំ២០២០ កើនឡើងដល់កម្រិតមួយមិនធ្លាប់មាន បើទោះបីជាពិភពលោកទាំងមូលរងផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ និងការធ្លាក់ចុះសេដ្ឋកិច្ចក្តី។ ចំណាយយោធាក្នុងឆ្នាំ២០២០ មានទំហំ១,៨៣លានលានដុល្លារ ដែលជាការកើនឡើង៣,៩ភាគរយធៀបទៅនឹងឆ្នាំ២០១៩។


ក្នុងការចុះផ្សាយប្រចាំឆ្នាំដែលមានចំណងជើងថា «Military Balance» របស់វិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រ (IISS) ដែលមានទីតាំងនៅអង់គ្លេស ចំណាយផ្នែកយោធាកើនឡើងមួយផ្នែកដោយសារតែការពង្រីកកងទ័ពជើងទឹករបស់ចិន។ យ៉ាងណាក្តី កំណើនក្នុងការចំណាយវិស័យយោធាចិនសម្រាប់ឆ្នាំ២០២០ មានត្រឹមតែ៥,២ភាគរយប៉ុណ្ណោះ ដែលទាបជាងកំណើនក្នុងការចំណាយ៥,៩ភាគរយក្នុងឆ្នាំ២០១៩។
 
បើតាមរបាយការណ៍របស់ IISS ការចំណាយលើវិស័យយោធារបស់ចិនតំណាងឱ្យ១០,៦ភាគរយនៃចំណាយយោធាទូទាំងពិភពលោក ឬស្មើនឹង១៩៣,៣ពាន់លានដុល្លារក្នុងឆ្នាំ២០២០។ ការចំណាយរបស់អាមេរិកមានទំហំ៤០ភាគរយនៃចំណាយសាកល ដោយមានទំហំ៧៣៨ពាន់លានដុល្លារ។
 
ការងើបឡើងនៃកងទ័ពចិន ត្រូវបានរំលេចច្រើនក្នុងរបាយការណនេះ។ IISS លើកឡើងពីការពង្រីកកងទ័ពជើងទឹករបស់ចិន ជាពិសេសទំនើបកម្មដ៏គួរឱ្យកត់សម្គាល់នៃកងទ័ពជើងទឹក ដែលជាការឆ្លើយតបទៅនឹងជម្លោះក្នុងសមុទ្រចិនភាគខាងត្បូ។ ការចំណាយរបស់ចិន ក៏នាំឱ្យប្រទេសដទៃផ្សេងទៀតបង្កើនការចំណាយលើវិស័យយោធារបស់ខ្លួនដែរ។ 
ការចំណាយលើវិស័យយោធារបស់ចិន តំណាងឱ្យ២៥ភាគរយនៃចំណាយយោធាក្នុងទ្វីបអាស៊ី។ ជារួមកំណើនចំណាយយោធាក្នុងទ្វីបអាស៊ីកើនឡើង៣,៦ភាគរយក្នុងឆ្នាំ២០២០ ធៀបទៅនឹងកំណើន៣,៨ភាគរយដែលធ្លាប់មានកាលពីឆ្នាំ២០១៩។
 
ចំពោះតំបន់អឺរ៉ុបវិញ ចំណាយលើវិស័យយោធាមានការកើនឡើងជារួមចំនួន២ភាគរយ ក្នុងឆ្នាំ២០២០។ ប្រទេសអឺរ៉ុបដែលជាសមាជិក NATO បន្តបង្កើនការចំណាយរបស់ខ្លួនចាប់តាំងពីឆ្នាំ២០១៤ ដោយបារម្ភពីការឈ្លានពានដោយរុស្ស៊ី។ យ៉ាងណាក្តីប្រទេសទាំងនោះប្រហែលជាពុំទាន់អាចចំណាយលើវិស័យយោធាឱ្យបាន២ភាគរយនៃផលិតផលសរុបក្នុងស្រុក ដូចដែលបានគ្រោងទុកនៅឆ្នាំ២០២៤ខាងមុខឡើយ។ ក្នុងឆ្នាំ២០២០ មានប្រទេសអឺរ៉ុបចំនួន៩តែប៉ុណ្ណោះដែលចំណាយលើស២ភាគរយ។
 
បើទោះបីជាមានវិបត្តិជំងឺកូវីដ-១៩ក្តី ប្រទេសអឺរ៉ុបដូចជាបារាំង អង់គ្លេស អាល្លឺម៉ង និងអ៊ីតាលី ចៀសវាងកាត់បន្ថយចំណាយយោធាច្រើនជ្រុលដូចដែលធ្លាប់បានធ្វើក្នុងវិបត្តិសេដ្ឋកិច្ចឆ្នាំ២០០៧-២០០៨។ IISS និយាយថាប្រ ទេសមួយចំនួនកែប្រែថវិកាយោធា ដោយបង្វែរទៅជាជំនួយសេដ្ឋកិច្ច ខណៈប្រទេសខ្លះទៀតកាត់បន្ថយ ឬផ្អាកការបង្កើនចំណាយលើវិស័យនេះជាជាងកាត់បន្ថយចំណាយយោធាទាំងស្រុងតែម្តង។
 
របាយការណ៍ប្រចាំឆ្នាំ នេះក៏បង្ហាញផងដែរពីទំនើបកម្មនៃយុទ្ធោបករណ៍របស់ចិន និងរុស្ស៊ី ក៏ដូចជាបច្ចេកវិទ្យាថ្មីៗផងដែរ។ ជាក់ស្តែង ចិន បានផលិតនាវាប្រយុទ្ធឡើងគោក Type-075 ទី២ នាវាប្រយុទ្ធType-055 ទី៨ និងនាវាប្រយុទ្ធអម Type-052D ទី២៥។ ស្របពេលជាមួយគ្នានេះ នាវាផ្ទុកយន្តហោះទីពីររបស់ចិនកំពុងធ្វើតេស្តក្នុងសមុទ្រ ចំណែកនាវាផ្ទុកយន្តហោះទីបីកំពុងផលិតផងដែរ។
 
វិស័យទ័ពអាកាសរបស់ចិន មានឃើញមានទំនើបកម្មនូវប្រព័ន្ធប្រយុទ្ធដែរ។ ចិនក៏បង្កើនចំនួនយន្តហោះចម្បាំងធុន J-10C, J-16 និងJ-20 ក៏ដូចជាយន្តហោះដឹកជញ្ជូនធុន Y-20 ផងដែរ។ ចំពោះបច្ចេកវិទ្យាវិញ ចិន និងរុស្ស៊ីចាប់ផ្តើមធ្វើទំនើបកម្ម និងជំនួសប្រព័ន្ធមីស៊ីលប្រយុទ្ធ និងការពារជំនាន់ចាស់ ដោយងាកទៅប្រើប្រាស់មីស៊ីលលឿនជាងសំឡេង និងមីស៊ីលប្រដេញ។ ប្រទេសទាំងពីរក៏ផ្តោតសំខាន់ផងដែរដល់ប្រាជ្ញាសិប្បនិម្មិត ដូចជាយានគ្មានមនុស្សបើកជាដើម៕
 
 

Tag:
 យោធា
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com