ពីនេះ ពីនោះ
ហេតុអីគេសរសេរថា ទីនេះ មានបន្ទប់ទឹកស្អាត(Clean WC)?
26, Feb 2021 , 4:00 pm        
រូបភាព
ដោយ: ថ្មីៗ
សុធីរ និងសំណាង នៅតែបន្តជជែកគ្នាទល់មុខខ្លះ និងតាមបណ្តាញសង្គមខ្លះ បើទោះបីជាមេរោគកូវីដបន្តគំរាមកំហែងយ៉ាងណាក៏ដោយ។ ក្លើទាំងពីរបារម្ភរឿងមេរោគកំពុងសម្លាប់ជីវិសេដ្ឋកិច្ច និងមនុស្សមែន។ តែមិត្តទាំងពីរនៅថ្ងៃនេះ លើកឡើងពីប្រធានបទបន្ទប់ទឹកស្អាត(Clean WC) មកនិយាយលេង ក្នុងខណៈពេល សំឡាញ់ទាំងពីរកំពុងក្រេបកាហ្វេដូចសព្វដង។

 
សុធីរ៖ អា សំណាង! ហេតុអ្វីបានជាគេសរសេរប្រាប់ថា បន្ទប់ទឹកស្អាត? អ៊ីចឹងមានន័យថា មានបន្ទប់ទឹកគគ្រិចឬ? 
 
សំណាង៖ អញអត់ដឹងទេ។ អញឃើញអ៊ីចឹងដែរ។ ពេលខ្លះ អញឃើញគេសរសេរថា ឈប់នៅទីនេះ មានបន្ទប់ទឹកស្អាត!។ 
 
សុធីរ៖ សំណួរអញទៅកាន់អ្ហែង គឺថា ហេតុអ្វីបានជាគេយកពាក្យនេះមកប្រើ?   
 
សំណាង៖ អា សុធីរ! អញក៏គ្មានចម្លើយទៅកាន់សំណួរអ្ហែងដែរ។ តែបើអ្ហែងសួរខ្លាំងហើយ អញក៏សាកល្បងឆ្លើយបន្តិចទៅ។ បើតាមអញយល់ ប្រហែលជាទីតាំងដែលសរសេរនោះ ចង់ទាក់ទាញអតិថិជនឲ្យចូលទៅកាន់ទីតាំងរបស់ពួកគេដើម្បីឲ្យទិញផលិតផល ឬសេវាផ្សេងៗ។ 
 
សុធីរ៖ អ៊ីចឹង រឿងបន្ទប់ទឹកស្អាតជា Marketing ទេតើ?  
 
សំណាង៖ អ្ហែងនិយាយអ៊ីចឹងក៏បាន។ ជារួម នរណាក៏ចង់បាន WC មានអនាម័យដែរ។ ដូច្នេះ បន្ទប់ទឹកស្អាត ក៏អាចទាក់ទាញអតិថិជនឲ្យចូលទិញទំនិញបានដែរ។ ម្យ៉ាងទៀត WC មានអនាម័យ គឺជាផ្នែកមួយនៃទីក្រុង ឬខេត្តស្អាត។ WC ស្អាត ក៏អាចទាក់ទាញទេសចរបានដែរ បើតាមអញយល់។ 
 
សុធីរ៖ អា សំណាង! អ្ហែងដើរច្រើនជាងអញ។ បន្ទប់ទឹកនៅគ្រប់ទីកន្លែង និយាយជារួម យ៉ាងម៉េចដែរ? 
 
សំណាង៖ បើនិយាយជារួម និងនិយាយជាពិសេសចំពោះបន្ទប់ទឹកនៅតាមស្ថានីយ៍លក់ប្រេង មានអនាម័យល្អដែលគួរឲ្យសរសើរ។ តែបើក្រឡេកមើលស្ថាប័នមួយចំនួន(មិនថា រដ្ឋ ឯកជន ឬអង្គការ) វិញ បន្ទប់ទឹក (WC) មានសភាពពិបាកទទួលយកណាស់។ 
 
សុធីរ៖ ម៉េចអ៊ីចឹង? 
 
សំណាង៖ ថា អញមិនដឹងទេ!។ កុំសួរអញទៀតអី អា សំឡាញ់ ព្រោះ វាមិនមែនជារឿងរបស់អញទេ៕   
 
 

© រក្សាសិទ្ធិដោយ thmeythmey.com