COVID-19
អន្តរជាតិ
កូរ៉េខាងត្បូង ចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងនៅទូទាំងប្រទេស ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន ត្រួតពិនិត្យការចាក់វ៉ាក់សាំង។ រូបថត AFP
× កូរ៉េខាងត្បូង នៅថ្ងៃទី២៦ ខែកុម្ភៈ បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ នៅទូទាំងប្រទេសហើយ។ អ្នកដែលរងផលវិបាកធ្ងន់ធ្ងររហូតដល់ពិការ ឬស្លាប់ដោយសារវ៉ាក់សាំង នឹងទទួលបានអត្ថប្រយោជន៍រហូតដល់ជិត ៤០ម៉ឺនដុល្លារ។ ដោយផ្អែកតាមយុទ្ធនាការចាក់វ៉ាក់សាំងនេះ រដ្ឋាភិបាលកូរ៉េខាងត្បូង បានដាក់គោលដៅបណ្តុះប្រព័ន្ធភាគស៊ាំជាសហគមន៍ត្រឹមខែវិច្ឆិកាខាងមុខ។
ក្រុមគ្រូពេទ្យ និងអ្នកជំងឺច្រើនជាង ៥ពាន់នាក់ បានចាប់ផ្តើមទទួលវ៉ាក់សាំងប្រឆាំងកូវីដ-១៩ នៅទូទាំងកូរ៉េខាងត្បូង។ កូរ៉េខាងត្បូងប្រើវ៉ាក់សាំងរបស់ក្រុមហ៊ុនAstraZeneca ដែលផលិតដោយក្រុមហ៊ុនឱសថក្នុងស្រុក SK Bioscience ផ្ទាល់។ វ៉ាក់សាំងប្រភេទនេះ ត្រូវចាក់សម្រាប់តែមនុស្សក្រោមអាយុ ៦៥ឆ្នាំប៉ុណ្ណោះ ខណៈក្រុមមនុស្សអាយុលើសពី៦៥ឆ្នាំ ត្រូវរងចាំលទ្ធផលពិសោធន៍ល្អិតល្អន់របស់វ៉ាក់សាំងបន្ថែមទៀត។
អ្នកដំបូងដែលទទួលវ៉ាក់សាំង AstraZeneca ជាគ្រូពេទ្យមានវ័យ ៦១ឆ្នាំ និងធ្វើការនៅមណ្ឌលសុខភាពមួយក្នុងទីក្រុងសេអ៊ូល។ រដ្ឋាភិបាលកូរ៉េខាងត្បូង បានចែកចាយទៅកន្លែងចាក់វ៉ាក់សាំងផ្សេងៗនៅក្នុងប្រទេសចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ សម្រាប់គ្រូពេទ្យប្រមាណ ២៨៩០០០នាក់។ កញ្ចប់វ៉ាក់សាំងលើកដំបូង ដែលផលិតនៅក្នុងស្រុកនេះ នឹងអាចចាក់បានមនុស្សចំនួន ៧៨៥០០០នាក់ និងត្រូវចែកចាយមណ្ឌលសុខភាព និងមន្ទីរពេទ្យចំនួន ១៩០០កន្លែង។
នៅថ្ងៃទី២៧ ខែកុម្ភៈ កូរ៉េខាងត្បូង ក៏នឹងចាប់ផ្តើមចាក់វ៉ាក់សាំងមួយប្រភេទទៀតរបស់ក្រុមហ៊ុន Pfizer។ ប៉ុន្តែវ៉ាក់សាំង Pfizer ទុកសម្រាប់ចាក់លើក្រុមគ្រូពេទ្យដែលព្យាបាលអ្នកជំងឺកូវីដ-១៩ ប៉ុណ្ណោះដែលមានប្រមាណ ៥៥០០០នាក់ ហើយចាក់នៅទីតាំងចំនួន ៤កន្លែង។ រដ្ឋាភិបាលកូរ៉េខាងត្បូង ក៏គ្រោងបង្កើតមជ្ឈមណ្ឌលចាក់វ៉ាក់សាំងចំនួន ១២០កន្លែងបន្ថែមទៀតដែរ។
បើតាមគោលដៅ រដ្ឋាភិបាលកូរ៉េខាងត្បូងគ្រោងបញ្ចប់ការចាក់វ៉ាក់សាំងលើកដំបូងរបស់ខ្លួន នៅក្នុងខែមីនា ខាងមុខ។ ទន្ទឹមនេះ រដ្ឋាភិបាល ក៏បានប្រកាសចាក់វ៉ាក់សាំងសម្រាប់ប្រជាជនខ្លួនឱ្យបាន ៧០ភាគរយ ត្រឹមខែកញ្ញា និងបណ្តុះប្រព័ន្ធភាពស៊ាំជាសហគមន៍ឱ្យបានត្រឹមខែវិច្ឆិកា។
ខុសពីបណ្តាប្រទេសមួយចំនួន ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងនេះ រដ្ឋាភិបាលកូរ៉េខាងត្បូង ក៏បានត្រៀមសំណងសម្រាប់អ្នករងគ្រោះពីផលប៉ះពាល់ដោយសារវ៉ាក់សាំងផងដែរ។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap អ្នករងគ្រោះធ្ងន់ធ្ងរដូចជាពិការ ឬបាត់បង់ជីវិត ដោយសារតែវ៉ាក់សាំងប្រឆាំងកូវីដ-១៩ នឹងទទួលបានអត្ថប្រយោជន៍ ក្នុងទំហំទឹកប្រាក់ប្រមាណ ៣៨៨០០០ដុល្លារឯណោះ។
សូមបញ្ជាក់ថា រដ្ឋាភិបាលកូរ៉េខាងត្បូង បានចុះកុងត្រាទិញវ៉ាក់សាំងសម្រាប់ចាក់ឱ្យមនុស្សរហូតដល់ ៧៩លាននាក់ ខណៈពេលបច្ចុប្បន្នកូរ៉េខាងត្បូង មានប្រជាជនសរុបជាង ៥១លាននាក់ប៉ុណ្ណោះ។ កន្លងមកកូរ៉េខាងត្បូង បានទិញវ៉ាក់សាំងក្រោមគម្រោង COVAX, ក្រុមហ៊ុន AstraZeneca, ក្រុមហ៊ុន Pfizer និងក្រុមហ៊ុន Johnson & Johnson ជាដើម៕
Tag:
កូរ៉េខាងត្បូង
កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com