COVID-19
ជាតិ
លោក ហ៊ុន ម៉ាណែត ជាប្រធានអនុគណៈកម្មការគ្រប់គ្រងសន្តិសុខនៅតាមតំបន់ចត្តាឡីស័ក
26, Feb 2021 , 5:22 pm        
រូបភាព
ដោយ: រួបរួម
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានសម្តេចបង្កើតអនុគណៈកម្មការគ្រប់គ្រងសន្តិសុខ និងសណ្តាប់ធ្នាប់នៅតាមគោលដៅ និងតំបន់ចត្តាឡីស័ក។ អនុគណៈកម្មការនេះ ដឹកនាំដោយលោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាអនុប្រធានគណៈកម្មការអន្តរក្រសួង។

 
អត្ថបទទាក់ទង
 
 
អនុគណៈកម្មការទទួលបន្ទុកសន្តិសុខ ដែលត្រូវបានសម្រេចបង្កើតនៅថ្ងៃទី២៦ ខែកុម្ភៈ នេះ គឺបន្ទាប់ពីមានករណីធូររលុងមួយចំនួននៅតំបន់ចត្តាឡីស័ក ជាពិសេសនាអំឡុងពេលប្រកាសព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងពីករណីស្ត្រីចិន៤នាក់ក្នុងនោះ២នាក់មានកូវីដ-១៩ ដែលបានចេញពីកន្លែងចត្តាឡីស័ក ដោយសារតែការបើកដៃរបស់សន្តិសុខ។
 
បន្ទាប់មក ប្រមុខរដ្ឋាភិបាល បានចេញអនុក្រឹត្យជាបន្តបន្ទាប់ ដើម្បីដាក់ទោសទណ្ឌចំពោះបុគ្គលដែលមិនគោរពវិធានចត្តាឡីស័ក រួមទាំងមន្ត្រី និងបណ្តាអ្នកដែលពាក់ព័ន្ធចំពោះការរួមគំនិតឲ្យមានការរត់ចេញពីតំបន់ចត្តាឡីស័ក។ សម្ដេច ហ៊ុន សែន បានព្រមានដកស័ក្តិមន្ត្រីណា ដែលដោះលែងមេខ្លោង នាំមនុស្សឆ្លងកាត់ផ្លូវរបៀង ហើយអធិការស្រុកកំរៀង ខេត្តបាត់ដំបង ក្លាយជាមនុស្សដំបូងដែលត្រូវអស់តំណែង និងជាប់ពន្ធនាគារ ផងដែរ។
 
សម្រាប់អនុគណៈកម្មការគ្រប់គ្រងសន្តិសុខ និងសណ្តាប់ធ្នាប់នៅតាមគោលដៅ និងតំបន់ចត្តាឡីស័ក លោក ហ៊ុន ម៉ាណែត មាន លោក គីម ប៊ុនថាន អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ទទួលបន្ទុកជាអនុប្រធានអចិន្ត្រៃយ៍ រីឯអនុប្រធាន៤រូបទៀតរួមមាន លោក កែវ វណ្ណថន អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោក ឡោ សុខឡេង អគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ហ៊ុន ចំរើន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោក ចាន់ សុធី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
 
អនុគណៈកម្មការនេះ មានសមាជិក៨រូបទៀត រួមមាន លោក ខឹមជា សាខឿន មេបញ្ជាការរង និងជានាយសេនាធិការបញ្ជាការដ្ឋានកងទ័ពជើងគោក និងលោក ម៉ន សាម៉ុន មេបញ្ជាការរងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប លោក លឹម សុខតូ អភិបាលរងខេត្តឧត្តរមានជ័យ លោក ង៉ោ ម៉េងជ្រួញ អភិបាលរងខេត្តបន្ទាយមានជ័យ និងលោក ណុប តារា អភិបាលរងខេត្តបាត់ដំបង។
 
អនុគណៈកម្មការគ្រប់គ្រងសន្តិសុខ និងសណ្តាប់ធ្នាប់នៅតាមគោលដៅ និងតំបន់ចត្តាឡីស័ក អាចស្នើសុំកិច្ចសហការ និងសហប្រតិបត្តិការពីគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងផ្នែកឯកជន នៅក្នុងការបំពេញការងាររបស់ខ្លួន ហើយតួនាទី ភារកិច្ចត្រូវមានសុពលភាពរហូតដល់ការប្រយុទ្ធប្រឆាំងកូវីដ-១៩ ចប់ជាស្ថាពរ៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com