ជាតិ
សង្គមជាតិ
ពលរដ្ឋខ្មែរ៦៥នាក់ ស្លាប់ និងរបួសដោយសារគ្រាប់មីន នៅឆ្នាំ២០២០ រូបថត៖ CMAC
× ភ្នំពេញ៖ អត្រាអ្នកស្លាប់ និងរងរបួសដោយសារគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះដែលបន្សល់ទុកពីសង្គ្រាម នៅកម្ពុជាបានថយចុះយ៉ាងខ្លាំង ក្នុងរយៈពេល២៨ឆ្នាំកន្លងទៅនេះ។ នៅក្នុងសារចូលរួមអបអរ ទិវាជាតិយល់ដឹងពីគ្រាប់មីន កាលពីថ្ងៃទី២៤កុម្ភៈ សម្តេច ហ៊ុន សែន បានបញ្ជាក់ថា ចំនួនអ្នកស្លាប់ និងរងរបួស ដោយសារមីនបានថយចុះពី៤,៣២០នាក់នៅក្នុងឆ្នាំ១៩៩២ មកត្រឹមតែ៦៥នាក់ប៉ុណ្ណោះនៅក្នុងឆ្នាំ២០២០។
ក្នុងរយៈពេល២៨ឆ្នាំមកនេះ មន្ត្រីជំនាញក៏បានបោសសម្អាតគ្រាប់មិនទាន់ផ្ទុះនៅលើផ្ទៃដីក្នុងទំហំ២,១៣៨គីឡូម៉ែត្រការ៉េ បើគិតចាប់ពីឆ្នាំ១៩៩២មក។ នាយករដ្ឋមន្ត្រី សម្តេច ហ៊ុន សែន បញ្ជាក់ថា ដីដែលបោសសម្អាត គ្រាប់មីនហើយនោះ គឺបានយកប្រើប្រាស់ក្នុងវិស័យកសិកម្ម, សាងសង់ហេដ្ឋារចនាសម្ព័ន្ធ, សាងសង់សាលារៀន ផ្ទះ និងមន្ទីរថែទាំសុខភាព ជាដើម សម្រាប់ប្រជាពលរដ្ឋជាង៦លាននាក់។
ក្នុងសារលិខិតដដែលរបស់សម្តេច ហ៊ុន សែន បានបន្ថែមថា ២៨ឆ្នាំកន្លងមកនេះ អាជ្ញាធរមីន ក៏បានរកឃើញនិងដុតបំផ្លាញគ្រាប់មីនអស់ជាង១លានគ្រាប់, មីនប្រឆាំងរថក្រោះជាង២,៥ម៉ឺនគ្រាប់ និងគ្រាប់សំណល់ជាតិផ្ទុះពីសង្គ្រាមជិត៣លានគ្រាប់ផ្សេងទៀត។
ចាប់ពីឆ្នាំ១៩៧៩ ដល់ ២០២០ នៅកម្ពុជាមានប្រជាពលរដ្ឋជិត២ម៉ឺននាក់បានស្លាប់ និងរងរបួសដោយពិការដាច់ដៃជើងជាង ៤,៥ម៉ឺននាក់ផ្សេងទៀត ដោយសារគ្រាប់មីន និងគ្រាប់សំណល់ជាតិផ្ទុះ។
កម្ពុជាត្រូវបន្តបោសសម្អាតផ្ទៃដី ដែលមានមីនចំនួន៨៤៥គីឡូម៉ែត្រការ៉េ និងសំណល់ជាតិផ្ទុះពីសង្គ្រាមរួមទាំងគ្រាប់បែកចង្កោមចំនួន១,៣១៦គីឡូម៉ែត្រការ៉េបន្ថែមទៀត ក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យតាមផែនការយុទ្ធសាស្ត្រជាតិ«កម្ពុជាមួយគ្មានមីនឆ្នាំ២០២៥»។ ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យតាមផែនការយុទ្ធសាស្ត្រជាតិការបោះសម្អាតផ្ទៃដីមីនទាំងនេះ កម្ពុជាត្រូវការថវិកាជិត៤០០លានដុល្លារអាមេរិក៕
Tag:
មីន
សម្តេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com