សិក្សាបច្ចេកទេសដាំដុះ និងជំងឺលើដំណាំត្រឡាច
ជាតិ
សិក្សាបច្ចេកទេសដាំដុះ និងជំងឺលើដំណាំត្រឡាច
27, Feb 2021 , 9:29 am        
រូបភាព
រូបភាព Capture ពីសៀវភៅបច្ចេកទេសដាំដុះរបស់ក្រសួងកសិកម្ម
រូបភាព Capture ពីសៀវភៅបច្ចេកទេសដាំដុះរបស់ក្រសួងកសិកម្ម
ត្រឡាច ជាបន្លែមួយប្រភេទ ដែលកសិករនិយមដាំក្នុងចំណោមបន្លែដទៃ។ គេអាចដាំត្រឡាច បានពីររបៀប គឺដាំលើរងធម្មតា និងដាក់ឲ្យឡើងទ្រើង។ ដើម្បីដាំត្រឡាចទទួលបានទិន្នផលខ្ពស់ និងការពារជំងឺលើដំណាំត្រឡាច កសិករគួរយល់ដឹងពីបច្ចេកទេសមួយចំនួន។

 
ថ្ងៃនេះសារព័ត៌មានThmeyThmey25 សូមលើកយកបច្ចេកទេសដាំដុះដំណាំត្រឡាច ដែលដកស្រង់ពីសៀវភៅបច្ចេកទេសកសិកម្ម របស់ក្រសួងកសិកម្ម ដើម្បីចែកជូនដល់កសិករ ដែលមានបំណងដាំដុះដំណាំត្រឡាច។
 
ការរៀបចំដី៖ មុនចាប់ផ្ដើមដាំត្រឡាច កសិករត្រូវភ្ជួរដីឲ្យបានហ្មត់ល្អ និងហាលចោលពី ១០-១៥ថ្ងៃ។ បន្ទាប់មក ត្រូវភ្ជួរដីម្ដងទៀត ដើម្បីលើករង ត្រូវលើករងឲ្យបានសមរម្យ ដើម្បីងាយថែទាំ និងបោចស្មៅផងដែរ។ គេអាចដាក់ជីលាមកសត្វ សម្រាប់ទ្រាប់បាតរង ក្នុងបរិមាណ ១-២គីឡូក្រាម ក្នុងផ្ទៃដីរង ១ម៉ែត្រការ៉េ។ 
 
ការបណ្ដុះកូន៖ ត្រូវយកគ្រាប់ដាក់ក្នុងកំណាត់ស្បៃជក់ទឹក រួចរុំឲ្យហប់ល្អ។ ត្រូវស្រោចទឹករាល់ថ្ងៃឲ្យកំណាត់សើមជានិច្ច និងត្រូវផ្អាប់គ្រាប់២យប់ ទើបយកទៅបណ្ដុះក្នុងកន្ទោង។ មិនត្រូវដាក់គ្រាប់ជ្រៅពេក ឬរាក់ពេកទេ ព្រោះអាចធ្វើឲ្យគ្រាប់ដុះមិនបានល្អ ហើយត្រូវស្រោចទឹកជាប្រចាំនៅពេលព្រឹក និងពេលល្ងាច។ ចៀសវាងកូនត្រឡាចលូតលាស់មិនបានល្អ ត្រូវបន្ថយការស្រោចទឹក និងយកកូនត្រឡាចដាក់ឲ្យត្រូវពន្លឺ ថ្ងៃ ២-៣ថ្ងៃ ដើម្បីឲ្យកូនរឹងមាំ។
 
ការដាំ៖ សម្រាប់កូនត្រឡាចមានអាយុ ៧-១០ថ្ងៃ អាចយកទៅដាំបានហើយ។ មុនដាំកូនត្រឡាចត្រូវបញ្ចូលទឹកតាមរងឲ្យបាន ៥-៦ដងទើបល្អ ហើយត្រូវដាំកូនត្រឡាចនៅពេលល្ងាច ទើបជាការល្អ និងមិនត្រូវកប់កូនជ្រៅពេកនោះទេ ត្រឹម៨-១០សង់ទីម៉ែត្រជាការល្អ។ 
 
ការថែទាំ៖ ការថែទាំដែលល្អសម្រាប់ដំណាំត្រឡាច គឺការធ្វើស្មៅ និងបញ្ចូលទឹកឲ្យបានទៀងទាត់។ ចំពោះការដាក់ជី គឺអាស្រ័យទៅតាមប្រភេទដី សម្រាប់ដីល្បាយច្រើនជាខ្សាច់ អាចដាក់ជីរៀងរាល់ ៧ថ្ងៃម្ដង។ ដោយឡែកដីដែលមានខ្សាច់ច្រើនជាងល្បាយ ត្រូវដាក់ជី ពី៥-៧ថ្ងៃម្ដង។ កសិករគួរចៀសវាងប្រើប្រាស់ជីគីមី ព្រោះអាចផ្ដល់ផលអវិជ្ជមានដល់អ្នកប្រើប្រាស់និងអ្នកបរិភោគ។
 
បញ្ហាដែលតែងកើតមានលើដំណាំត្រឡាច មានដូចជា ជំងឺទុំលឿងស្លឹក, ដង្កូវស៊ីញ៉េ, និងទ្រីប ។  សម្រាប់វិធានការការពារជំងឺទុំលឿងស្លឹក ត្រូវបេះស្លឹកទុំលឿងនោះចេញ ដើម្បីកុំឲ្យឆ្លងស្លឹកផ្សេង មិនត្រូវស្រោចទឹកខ្លាំងពេកទេ និងអាចបាញ់ថ្នាំមេតាឡាកស៊ីល។ 
 
ចំណែកវិធានការការពារដង្កូវស៊ីញ៉េ ត្រូវកាត់ស្លឹកនោះចោល ហើយមិនត្រូវបោះចោលក្នុងចំការនោះទេ។ រីឯវិធានការការពារទ្រីប ត្រូវបាញ់ទឹកស្រោចឲ្យចំត្រួយ ១-២ដង ក្នុងមួយថ្ងៃ និងត្រូវកាត់បន្ថយការប្រើជីអ៊ុយរ៉េ។ 
 
ការប្រមូលផល៖ ជាការល្អត្រូវប្រមូលផលត្រឡាចនៅពេលព្រឹក ហើយត្រូវប្រើកន្ត្រៃកាត់ទង។ ក្រោយកាត់ផ្លែត្រឡាចរួច ត្រូវទុកដាក់ឲ្យបានល្អ ចៀសវាងការកកិត និងជាំផ្លែត្រឡាច ដែលអាចខូចគុណភាពផ្លែត្រឡាច៕

 

Tag:
 ត្រឡាច
© រក្សាសិទ្ធិដោយ thmeythmey.com