ជាតិ
អ្នកចិញ្ចឹមបង្កងអូស្ត្រាលីនៅវាលស្បូវ បង្ហាញពីបច្ចេកទេសចិញ្ចឹមដែលបង្កើនការផលិតខ្ពស់
27, Feb 2021 , 10:29 am        
រូបភាព
លោក អ៊ិន សំណាង
លោក អ៊ិន សំណាង
ដោយ:
មួយឆ្នាំជាងហើយដែលលោក អ៊ិន សំណាង បានប្រកបរបរចិញ្ចឹមបង្កងអូស្រ្តាលី។ ក្នុងគោលបំណងលើកកម្ពស់ការចិញ្ចឹមក្នុងស្រុក បង្កើនការផលិត ក៏ដូចជាកាត់បន្ថយការនាំចូល អ្នកចិញ្ចឹមបង្កងអូស្ត្រាលីវ័យ ៥០ឆ្នាំរូបនេះ បានចែករំលែកពីវិធីសាស្រ្តចិញ្ចឹមបង្កងអូស្រ្តាលី ដោយមិនគិតថ្លៃដល់អ្នកមានបំណងចង់ចិញ្ចឹមបង្កងអូស្រ្តាលី។

 
ដ្បិតការចិញ្ចឹមបង្កងរបស់លោកសំណាងត្រឹមរយៈពេលខ្លី តែសន្ទុះនៃការគាំទ្រមានច្រើន។ «ខ្ញុំចង់ឲ្យកសិករខ្មែរផលិតរបស់ខ្មែរ កុំទទួលទានរបស់នាំចូល ចង់លើកទឹកចិត្តឲ្យខ្មែរបង្កើនការផលិត និងកាត់បន្ថយការនាំចូល»។ នេះជាការលើកឡើងរបស់លោកសំណាង។
 
លោក សំណាង តែងបើកទូលាយដល់បងប្អូនកសិករដែលមករៀនពីកន្លែងរបស់លោក ទោះមិនបានទិញកូន និងពូជ ពីកន្លែងរបស់លោកក៏ដោយ។ ក្រៅពីចែករំលែកបច្ចេកទេសចិញ្ចឹមបង្កងអូស្រ្តាលីដល់កសិករដទៃមិនគិតថ្លៃ លោក អ៊ិន សំណាង ក៏លើកទឹកចិត្តដល់ជនពិការគួរមានមុខបរផ្ទាល់តាមលទ្ធភាពដែលអាចធ្វើបាន។ លោក បានប្រាប់យ៉ាងដូច្នេះ៖«ខ្ញុំលើកទឹកចិត្តដល់បងប្អូនពិការឲ្យមានមុខរបរផ្ទាល់ខ្លួន ដោយផ្ដល់បច្ចេកទេសចិញ្ចឹមបង្កងនិងផ្ដល់ជូនកូនបង្កងដោយឥតគិតថ្លៃចំនួន២០ទៀតក្នុងម្នាក់»។
 
ជាអ្នកចិញ្ចឹមបង្កងអូស្រ្តាលី ស្ថិតក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ លោក សំណាង បានរៀនបច្ចេកទេសចិញ្ចឹមបង្កងតាមបណ្ដាញយូធូប។ ម្ចាស់កសិដ្ឋានចិញ្ចឹមបង្កងអូស្រ្តាលីរូបនេះ 


 កន្លែងចិញ្ចឹមបង្កងរបស់លោក អ៊ិន សំណាង
 
លើកឡើងថា៖ «ដោយសារមិនសូវមានអ្នកចិញ្ចឹម បង្កងអូស្រ្តាលីមានទីផ្សារទូលាយ។ តែរយៈពេលនេះតម្លៃបង្កងសាច់បានធ្លាក់ចុះត្រឹម២០ដុល្លារប៉ុណ្ណោះក្នុងមួយគីឡូក្រាម ខណៈពីមុនតម្លៃ៣០ដុល្លារក្នុងមួយគីឡូក្រាម»។
 
ទោះបីការផ្គត់ផ្គង់មិនទាន់គ្រប់តាមតម្រូវការទីផ្សារ តែតម្លៃបង្កងហាក់ធ្លាក់ចុះ ព្រោះការរីករាលដាលនៃជំងឺកូវីដ-១៩។ យ៉ាងណាសម្រាប់កូនបង្កងពូជមានតម្លៃ ២ ០០០រៀលក្នុងមួយក្បាល និងមេពូជមានតម្លៃ ៥ដុល្លារទៅ១០ដុល្លារក្នុងមួយគូ។ 
 
«ដើម្បីចិញ្ចឹមបង្កងអូស្ត្រាលីទទួលបានផល អ្នកចិញ្ចឹមត្រូវសិក្សាពីទីតាំងចិញ្ចឹមឲ្យបានត្រឹមត្រូវជាមុនសិនដោយបរិយាកាសមិនគួរមានការរំខានពីអ្នកជិតខាងលើយ។ ហើយកត្តាសំខាន់គឺត្រូវគិតពីគុណភាពទឹក ព្រោះតំបន់ខ្លះមិនអាចចិញ្ចឹមបានដោយសារគុណភាពទឹក និងការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត(មូស,ស្រមោច,កន្លាត) ក៏អាចប៉ះពាល់ដល់ការចិញ្ចឹមបង្កងដែរ»។ នេះជាការរៀបរាប់របស់លោក អ៊ិន សំណាង៕
 

Tag:
 បច្ចេកទេសចិញ្ចឹមបង្កង
 អ៊ិន សំណាង
© រក្សាសិទ្ធិដោយ thmeythmey.com