​ទិន្នផល​ស្រូវ​ស្រុក​ពួក កើន​ខ្ពស់ ដោយសារ​អំណោយផល​ធម្មជាតិ និង​ទឹក​ពី​បារាយណ៍​ខាងលិច​
ជាតិ
សង្គមជាតិ
​ទិន្នផល​ស្រូវ​ស្រុក​ពួក កើន​ខ្ពស់ ដោយសារ​អំណោយផល​ធម្មជាតិ និង​ទឹក​ពី​បារាយណ៍​ខាងលិច​
26, Feb 2021 , 10:29 pm        
រូបភាព
​សៀមរាប​៖ ប្រជាកសិករ​ក្នុង​ឃុំ​សំរោង​យា ស្រុក​ពួក កំពុង​ប្រមូល​ផល​ស្រូវ​ដំឡើង​ទឹក ដែល​តាម​ការអះអាង​នៅ​ឆ្នាំនេះ ទិន្នផល​វ​មានការ​កើនឡើង​បើ​ធៀប​នឹង​ឆ្នាំទៅ​។ កសិករ​និយាយថា បច្ចេកទេស​និង​ភាពអំណោយ​ផល​នៃ​ធម្មជាតិ រួមផ្សំ​នឹង​ការទម្លាក់​ទឹក​ពី​បារាយណ៍​ខាងលិច​ទាន់ពេលវេលា ធ្វើឱ្យ​ស្រូវ​បាន​ផល​ល្អ និង​កើន​ទិន្នផល​ជាង​ឆ្នាំទៅ​។​

 
​លោក ជា ម៉ោញ កសិករ​ភូមិ​តា​ជេ​ត ឃុំ​សំរោង​យា ស្រុក​ពួក បាន​លើកឡើងថា ទិន្នផល​ស្រូវ​ក្នុង​ផ្ទៃដី​ប្រមាណ​៥​ហិកតា​របស់លោក​ឆ្នាំនេះ កើនឡើង​ជិត​ពាក់កណ្ដាល ចំណែក​តម្លៃ​ក៏​ថ្លៃ​ជាង​ឆ្នាំទៅ​ដែរ​។ លោក​បន្ថែមថា​៖« ឧទាហរណ៍​ឆ្នាំ​ទៅបាន​៥០ ឆ្នាំនេះ​បាន​៨០»​។ លោក ជា ម៉ោញ ពន្យល់​បន្ថែមថា ទឹក​បារាយណ៍​ខាងលិច​ជា​ផ្នែក​មួយ​ធ្វើឱ្យ​ទិន្នផល​ស្រូវ​ឆ្នាំនេះ​កើន​។ កសិករ​រូបនេះ បានបង្ហាញ​អារម្មណ៍​រីករាយ និង​អរគុណ​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ ដែល​បញ្ជូន​ទឹក​ទម្លាក់​មកឱ្យ​កសិករ​បាន​ទាន់​វេលា និង​គ្រប់គ្រាន់​តាម​តម្រូវការ​។​
 



​បុគ្គលិក​បច្ចេកទេស​នៃ​នាយកដ្ឋាន​គ្រប់គ្រង​ទឹក លោក ទឹម ឆោម បានឱ្យដឹងថា អាងទឹក​បារាយណ៍​ខាងលិច​អាច​ស្ដុក​ទឹកបាន​ក្នុង​កម្រិត​អតិបរិមា ៥៦​លាន​ម៉ែត្រ​កូប និង​មាន​តួនាទី​៤​សំខាន់ៗ​។ ក្នុងនោះ​រួមមាន សម្រាប់​បញ្ជៀ​ស​ជំនន់​ទឹកភ្លៀង​ក្នុង​ក្រុង​សៀមរាប ចែកចាយ​ដល់​ប្រជាកសិករ​ចំនួន​២​ក្រុង​-​ស្រុក មាន​៥​សង្កាត់​នៃ​ក្រុង​សៀមរាប និង​៤​ឃុំ​នៃ​ស្រុក​ពួក​។ ក្រៅពីនោះ ទឹក​បារាយណ៍​មាន​តួនាទី​សម្រាប់​ផ្គត់ផ្គង់​ដល់​រដ្ឋាករ​ទឹកស្អាត និង​មួយផ្នែក​ទៀត​សម្រាប់​ផ្គត់ផ្គង់​ទឹក​ក្រោម​ដី​ផងដែរ​។​




ទាក់ទង​នឹង​ការផ្គត់ផ្គង់​ទឹក​ដោយ​កសិករ លោក ទឹម ឆោម រៀបរាប់ថា ជាទូទៅ​អាជ្ញាធរ​ជាតិ​អប្សរា​តែង​បើក​បញ្ជូន​ទឹក​ដល់​ពលរដ្ឋ​នៅ​ប៉ែក​ខាងក្រោម​ជា​ទៀងទាត់​មួយឆ្នាំ​ម្ដង គឺ​អំឡុង​ខែ​១១​ឬ​ខែ​១២​។ ក្នុងនោះ ក៏មាន​ការបើក​បញ្ជូន​មួយផ្នែក​សម្រាប់​ស្រោចស្រព​ស្រែប្រាំង និង​ដំណាំ​រួមផ្សំ​ផ្សេងៗ​ផងដែរ​។ យ៉ាងណា មានការ​បារម្ភ​ពី​ហានិភ័យ​ប្រើប្រាស់​ទឹក​មិន​គ្រប់គ្រាន់ ដោយសារ​ប្រជាកសិករ​ពង្រីក​ស្រែប្រាំង​កើន​លើស​ពីរដង ធៀប​នឹង​អំឡុង​ឆ្នាំ​២០១៤ ដែល​រាជរដ្ឋាភិបាល​ប្រគល់​សិទ្ធិ​គ្រប់គ្រង​មកឱ្យ​អាជ្ញាធរ​ជាតិ​អប្សរា​។ លោក ទឹម ឆោម ពន្យល់ថា តម្រូវការ​ពី​ទឹក​បារាយណ៍​កាន់តែ​កើន ពិសេស​ការផ្គត់ផ្គង់​ទឹក​សម្រាប់​រដ្ឋាករ​ទឹកស្អាត និង​ផ្គត់ផ្គង់​ទឹក​ក្រោម​ដី  ដូច្នេះ​ចាំបាច់​ត្រូវ​ប្រើប្រាស់​ដោយ​សន្សំសំចៃ ដូចជា​កសិករ​ត្រូវ​ធ្វើស្រែ​ម្ដង​ក្នុង​មួយឆ្នាំ និង​ត្រូវ​ដាំ​ដំណាំ​រួមផ្សំ​ផ្សេងៗ ដែល​ត្រូវការ​ទឹក​តិច​។​ល​៕
 




 
 
 
 

Tag:
 ទឹក​បារាយណ៍​ខាងលិច​
  កសិកម្ម​
  ស្រុក​ពួក​
© រក្សាសិទ្ធិដោយ thmeythmey.com