ជាតិ
សង្គមជាតិ
ទិន្នផលស្រូវស្រុកពួក កើនខ្ពស់ ដោយសារអំណោយផលធម្មជាតិ និងទឹកពីបារាយណ៍ខាងលិច
× សៀមរាប៖ ប្រជាកសិករក្នុងឃុំសំរោងយា ស្រុកពួក កំពុងប្រមូលផលស្រូវដំឡើងទឹក ដែលតាមការអះអាងនៅឆ្នាំនេះ ទិន្នផលវមានការកើនឡើងបើធៀបនឹងឆ្នាំទៅ។ កសិករនិយាយថា បច្ចេកទេសនិងភាពអំណោយផលនៃធម្មជាតិ រួមផ្សំនឹងការទម្លាក់ទឹកពីបារាយណ៍ខាងលិចទាន់ពេលវេលា ធ្វើឱ្យស្រូវបានផលល្អ និងកើនទិន្នផលជាងឆ្នាំទៅ។
លោក ជា ម៉ោញ កសិករភូមិតាជេត ឃុំសំរោងយា ស្រុកពួក បានលើកឡើងថា ទិន្នផលស្រូវក្នុងផ្ទៃដីប្រមាណ៥ហិកតារបស់លោកឆ្នាំនេះ កើនឡើងជិតពាក់កណ្ដាល ចំណែកតម្លៃក៏ថ្លៃជាងឆ្នាំទៅដែរ។ លោកបន្ថែមថា៖« ឧទាហរណ៍ឆ្នាំទៅបាន៥០ ឆ្នាំនេះបាន៨០»។ លោក ជា ម៉ោញ ពន្យល់បន្ថែមថា ទឹកបារាយណ៍ខាងលិចជាផ្នែកមួយធ្វើឱ្យទិន្នផលស្រូវឆ្នាំនេះកើន។ កសិកររូបនេះ បានបង្ហាញអារម្មណ៍រីករាយ និងអរគុណទៅអាជ្ញាធរពាក់ព័ន្ធ ដែលបញ្ជូនទឹកទម្លាក់មកឱ្យកសិករបានទាន់វេលា និងគ្រប់គ្រាន់តាមតម្រូវការ។
បុគ្គលិកបច្ចេកទេសនៃនាយកដ្ឋានគ្រប់គ្រងទឹក លោក ទឹម ឆោម បានឱ្យដឹងថា អាងទឹកបារាយណ៍ខាងលិចអាចស្ដុកទឹកបានក្នុងកម្រិតអតិបរិមា ៥៦លានម៉ែត្រកូប និងមានតួនាទី៤សំខាន់ៗ។ ក្នុងនោះរួមមាន សម្រាប់បញ្ជៀសជំនន់ទឹកភ្លៀងក្នុងក្រុងសៀមរាប ចែកចាយដល់ប្រជាកសិករចំនួន២ក្រុង-ស្រុក មាន៥សង្កាត់នៃក្រុងសៀមរាប និង៤ឃុំនៃស្រុកពួក។ ក្រៅពីនោះ ទឹកបារាយណ៍មានតួនាទីសម្រាប់ផ្គត់ផ្គង់ដល់រដ្ឋាករទឹកស្អាត និងមួយផ្នែកទៀតសម្រាប់ផ្គត់ផ្គង់ទឹកក្រោមដីផងដែរ។
ទាក់ទងនឹងការផ្គត់ផ្គង់ទឹកដោយកសិករ លោក ទឹម ឆោម រៀបរាប់ថា ជាទូទៅអាជ្ញាធរជាតិអប្សរាតែងបើកបញ្ជូនទឹកដល់ពលរដ្ឋនៅប៉ែកខាងក្រោមជាទៀងទាត់មួយឆ្នាំម្ដង គឺអំឡុងខែ១១ឬខែ១២។ ក្នុងនោះ ក៏មានការបើកបញ្ជូនមួយផ្នែកសម្រាប់ស្រោចស្រពស្រែប្រាំង និងដំណាំរួមផ្សំផ្សេងៗផងដែរ។ យ៉ាងណា មានការបារម្ភពីហានិភ័យប្រើប្រាស់ទឹកមិនគ្រប់គ្រាន់ ដោយសារប្រជាកសិករពង្រីកស្រែប្រាំងកើនលើសពីរដង ធៀបនឹងអំឡុងឆ្នាំ២០១៤ ដែលរាជរដ្ឋាភិបាលប្រគល់សិទ្ធិគ្រប់គ្រងមកឱ្យអាជ្ញាធរជាតិអប្សរា។ លោក ទឹម ឆោម ពន្យល់ថា តម្រូវការពីទឹកបារាយណ៍កាន់តែកើន ពិសេសការផ្គត់ផ្គង់ទឹកសម្រាប់រដ្ឋាករទឹកស្អាត និងផ្គត់ផ្គង់ទឹកក្រោមដី ដូច្នេះចាំបាច់ត្រូវប្រើប្រាស់ដោយសន្សំសំចៃ ដូចជាកសិករត្រូវធ្វើស្រែម្ដងក្នុងមួយឆ្នាំ និងត្រូវដាំដំណាំរួមផ្សំផ្សេងៗ ដែលត្រូវការទឹកតិច។ល៕
Tag:
ទឹកបារាយណ៍ខាងលិច
កសិកម្ម
ស្រុកពួក
© រក្សាសិទ្ធិដោយ thmeythmey.com