ជាតិ
មេសហជីព បារម្ភពីសុវត្ថិភាពកម្មកររោងចក្រខ្លាំង ខណៈព្រឹត្តិការណ៍២០កុម្ភៈ កាត់តែរាលដាល
27, Feb 2021 , 7:39 pm        
រូបភាព
ភ្នំពេញ៖ មេសហជីព បង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងលើសុវត្ថិភាពរបស់កម្មកររោងចក្រក្នុងវិស័យកាត់ដេរ ក្រោយឃើញអ្នកឆ្លងនិងអ្នកជាប់ពាក់ព័ន្ធព្រឹត្តិការណ៍២០កុម្ភៈ មានចំនួនកាន់តែច្រើន។ លោក ប៉ាវ ស៊ីណា ប្រធានសហភាពចលនាកម្មករកម្ពុជា និង លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា លើឡើងថា ប្រសិនបើមានករណីឆ្លងកូវីដ-១៩ ចូលរោងចក្រនោះ មិនត្រឹមតែប៉ះពាល់ដល់សុវត្ថិភាពកម្មកររាប់រយ-ពាន់នាក់នោះទេ តែដំណើរការផលិតនៃវិស័យកាត់ដេរនៅកម្ពុជា ក៏អាចជួបបញ្ហាសាជាថ្មីផងដែរ។

 
ទោះបីនៅបណ្ដារោងចក្រនីមួយៗបានអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាលហើយក៏ដោយ លោក ប៉ាវ ស៊ីណា នៅតែបារម្ភពីសុវត្ថិភាពកម្មករដដែល ព្រោះកន្លែងស្នាក់នៅ ការធ្វើដំណើរ និងការចេញទៅកន្លែងផ្សេង សុទ្ធតែប្រឈមនឹងការឆ្លងកូវីដ-១៩។ ការបារម្ភរបស់លោកនេះ កើតឡើងដោយសារស្ថានភាពកូវីដ-១៩ កាន់តែរីករាលដាលច្រើនឡើង។ 
លោកនិយាយថា៖«ខ្ញុំផ្ទាល់ មើលឃើញថា ទោះបីមានការអនុវត្តទៅតាមវិធានការក្រសួងសុខាភិបាលមួយចំនួនហើយក៏ដោយ យើងនៅតែបារម្ភខ្លាំងចំពោះកម្មករ។ ព្រោះយើងមិនដឹងទេថា ពេលគាត់ទៅដល់ផ្ទះ ធ្វើដំណើរមកឬចេញពីរោងចក្រ និងទៅតាមណាផ្សេងទៀត យើងមើលអត់ឃើញទេ»។
 
លោក បន្តថា បើមានករណីឆ្លងចូលរោងចក្រណាមួយ ទំហំនៃផលប៉ះពាល់និងការរាលដាលនឹងកើនមានកាន់ធំទៅៗ។ យ៉ាងណាក៏ដោយ លោក ជឿថា រដ្ឋាភិបាលនឹងអាចទប់ស្កាត់ស្ថានការណ៍នេះបាន ដោយផ្អែកលើការប្រឹងប្រែងប្រយុទ្ធនឹងកូវីដ-១៩ របស់រដ្ឋាភិបាល។  
 
ចំណែក លោក អាត់ ធន់ វិញ ក៏មានព្រួយបារម្ភខ្លាំងដូចលោក ប៉ាវ ស៊ីណា ដែរ។ លោក អាត់ ធន់ សង្កេតឃើញកម្មករពាក់ម៉ាស់និងលាងដៃជាប្រចាំយ៉ាងខ្ជាប់ខ្ជួន ប៉ុន្តែការរក្សាគម្លាតសុវត្ថិភាពគឺនៅតែជាបញ្ហាប្រឈមដដែល។ 
 
លោក ថ្លែងថា៖«អ្វីដែលយើងបារម្ភខ្លាំង គឺកម្មករជិះឡាន [ទៅរោងចក្រនិងទៅផ្ទះវិញ] កន្លែងហូបបាយ ចូលបន្ទប់ទឹករួម ហើយកម្មករខ្លះគាត់ស្នាក់នៅជាមួយគ្នា ដែលជាអ្នកធ្វើការរោងចក្រផ្សេងទៀត។ អ៊ីចឹង ពិបាកក្នុងការរក្សាគម្លាតសុវត្ថិភាព ដែលជាបញ្ហាប្រឈមខ្លាំង។ បើមានឆ្លងទៅនរណាម្នាក់ឬពាក់ព័ន្ធនរណាមួយគឺវាអាចនឹងឆ្លងឬពាក់ពា័ន្ធដល់រោងចក្រផ្សេងបន្តទៀត»។ 
 
លោក និយាយទៀតថា កាលណារោងចក្រណាមួយ មានជាប់ពាក់ព័ន្ធនឹងករណីសង្ស័យនិងឆ្លងកូវីដ-១៩ រដ្ឋាភិបាល អាចនឹងផ្អាកដំណើរបណ្ដោះអាសន្នដើម្បីបង្ការការរីករាលដាល ហើយការផ្អាកដំណើរនេះ នឹងនាំឲ្យកម្មករផ្អាកការងារ កាត់ប្រាក់ខែ ហើយម្ចាស់រោងចក្រ ក៏បារម្ភពីអាជីវកម្មដែរ ព្រោះគ្មានទំនិញនាំចេញ។ 
 
ក្រោយបង្ហាញពីការព្រួយបារម្ភហើយ មេសហជីពទាំងពីរ បានអំពាវនាវឲ្យកម្មករនិងបណ្ដារោងចក្រទាំងអស់បន្តគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមសហការប្រយុទ្ធប្រឆាំងកូវីដ-១៩ជាមួយរដ្ឋាភិបាល។ 
 
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ អះអាងថា ក្រោយព្រឹត្តិការណ៍២០កុម្ភៈ ស្ថានភាពកម្មករនិងរោងចក្រនៃវិស័យកាត់ដេរនៅកម្ពុជាគឺគ្មានអ្វីប្រែប្រួលឡើយ។ លោកសង្កត់ធ្ងន់ថា ជុំវិញស្ថានការកូវីដ-១៩ រដ្ឋាភិបាលមានយន្តការគ្រប់គ្រងច្បាស់លាស់។ 
 
ប្រសិនបើមានករណីកូវីដ-១៩ ឆ្លងចូលរោងចក្រណាមួយ តើក្រសួងមានវិធានការបែបណា? លោក ហេង សួរ ឆ្លើយតបថា៖«រដ្ឋាភិបាលមានយន្តការគ្រប់គ្រងរឿងនេះច្បាស់លាស់ មិនដែលមានរឿងណាដែលយើងគ្មានយន្តការគ្រប់គ្រងទេ»។ 
 
សូមជម្រាប់ថា ការយាយីដោយសារកូវីដ-១៩ ពេញមួយឆ្នាំ ក្នុងឆ្នាំ២០២០កន្លងទៅ បានធ្វើឲ្យរោងចក្រ និងសហគ្រាសនៅកម្ពុជាជា១,៣ពាន់កន្លែង បានបិទទ្វារលែងដំណើរការ ប៉ុន្តែក្នុងពេលជាមួយគ្នានោះ ក៏មានរោងចក្រនិងសហគ្រាសជាង១,១កន្លែង បានបើកដំណើរការអាជីវកម្មវិញដែរ។ នេះបើតាមរបាយការណ៍ពីក្រសួងការងារ៕
 
 

Tag:
 សហជីព
 កម្មករ
 
© រក្សាសិទ្ធិដោយ thmeythmey.com