អន្តរជាតិ
សង្ខេបព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗប្រចាំសប្តាហ៍
28, Feb 2021 , 8:59 pm        
រូបភាព
ក្នុងរយៈពេល ១សប្តាហ៍មកនេះ ព្រឹត្តិការណ៍ធំៗជាច្រើនបានកើតឡើងលើសកលលោក។ បញ្ហាមានចាប់តាំងពីបាតុកម្ម រហូតដល់ទំនាក់ទំនងការទូត ករណីស្លាប់របស់អ្នកការទូត ដល់ការបណ្តេញចេញអ្នកការទូតចេញពីប្រទេស និងវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ជាដើម។ ខាងក្រោមនេះ គឺជាព្រឹត្តិការណ៍សំខាន់ៗ ដែលបានកើតនៅក្នុងសប្តាហ៍នេះ។

 
ថ្ងៃទី២២ ខែកុម្ភៈ 

ប្រជាជនមីយ៉ាន់ម៉ាជាច្រើនលាននាក់ ដោយយកថ្ងៃ២២ ខែកុម្ភៈ (២២,២,២០២១) ជា« បដិវត្តន៍២ ចំនួន៥ដង» ដើម្បីប្រឆាំងរបបសឹក ដែលបានធ្វើរដ្ឋប្រហារ តាំងពីបីសប្តាហ៍មុន។ បាតុកម្មនេះ មានមានការចូលរួមពីមនុស្សគ្រប់ស្រទាប់វណ្ណៈ ទោះមានការគំរាមពីក្រុមយោធា។ 
 
សហភាពអឺរ៉ុប បានឯកភាពដាក់ទណ្ឌកម្មលើក្រុមយោធាមីយ៉ាន់ម៉ា ដើម្បីឆ្លើយតបនឹងរដ្ឋប្រហារយោធា ការឃុំខ្លួនលោកស្រីអ៊ុងសាន ស៊ូជី និងមនុស្សផ្សេងទៀត និងការបង្រ្កាបលើក្រុមអ្នកតវ៉ា។ ទន្ទឹមនេះ អឺរ៉ុបបានយល់ព្រមដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់រុស្ស៊ី៤រូប ដែលជាប់ពាក់ព័ន្ធនឹងការឃុំខ្លួនអ្នកនយោបាយប្រឆាំងរដ្ឋាភិបាលរុស្ស៊ីលោក Alexei Navalny។ ទណ្ឌកម្មទាំងនោះ មានដូចជាការបង្កកទ្រព្យសម្បត្តិ និងហាមឃាត់ធ្វើដំណើរមកអឺរ៉ុប។
 
លោក Luca Attanasio អគ្គរដ្ឋទូតអ៊ីតាលីប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងអង្គរក្ស បានស្លាប់បាត់បង់ជីវិតក្នុងការវាយប្រហារលើក្បួនរថយន្តរបស់កម្មវិធីស្បៀងអាហារពិភពលោក (WFP)។ 
 
 
ថ្ងៃទី២៣ ខែកុម្ភៈ

ប្រធានាធិបតីអាមេរិក ចូ បៃឌិន បានប្រកាសចាត់ទុកកាណាដាជាមិត្តជិតស្និទ្ធរបស់អាមេរិក ក្នុងកិច្ចប្រជុំទ្វេភាគីលើកទីមួយជាមួយនាយករដ្ឋមន្ត្រីកាណាដា ចាស្ទីន ទ្រូដូ។ ជាការឆ្លើយតប នាយករដ្ឋមន្ត្រីកាណាដានិយាយថា មិត្តភាពរវាងអាមេរិក និងកាណាដា ជាមិត្តភាពពិសេស។ 
 
ថ្ងៃទី២៤ ខែកុម្ភៈ

វ៉ាក់សាំងចំនួន ២០ម៉ឺនដូស របស់ក្រុមហ៊ុន Sinovac ជាលើកដំបូងត្រូវដឹកមកដល់ថៃ។ នាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចន្ទអូចា បានទៅទទួលវ៉ាក់សាំងដោយផ្ទាល់នៅអាកាសយានដ្ឋាន Suvarnabhumi ជាមួយមន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់ផ្សេងទៀត។ វ៉ាក់សាំងក្រុមហ៊ុនAstraZeneca ចំនួន ១១៧០០០ ដូស  ក៏ត្រូវដឹកមកដល់ថៃក្នុងថ្ងៃទីនេះដែរ។ 
 
រដ្ឋមន្រ្តីការបរទេសរបបយោធាមីយ៉ាន់ម៉ា លោក Wunna Maung Lwin បានទៅថៃ ដើម្បីជួបជាមួយសមភាគីឥណ្ឌូណេស៊ី លោកស្រី Retno Marsudi និងសមភាគីថៃ លោកDon Pramudwinai ជជែកពីបញ្ហានយោបាយនៅមីយ៉ាន់ម៉ា។ 
 
វ៉ាក់សាំងកូវីដ-១៩ ចំនួន៦សែនដូសរបស់យន្តការ COVAX ត្រូវបានបញ្ជូនដល់ហ្កាណា ជាលើកដំបូង។ វ៉ាក់សាំងនេះ ជាវ៉ាក់សាំង AstraZeneca/Oxford ដែលផលិតដោយវិទ្យាស្ថាន Serum នៅឥណ្ឌា។ 
 
 
ថ្ងៃទី២៥ ខែកុម្ភៈ 

ប្រធានាធិបតីចិន លោកស៊ី ជិនភីង បានប្រកាសជ័យជំនះយ៉ាងធំធេង ក្នុងការលុបបំបាត់ភាពក្រីក្រនៅតំបន់ជនបទលើចំនួនប្រជាជន៩៨,៩៩លាននាក់ និងប្តេជ្ញាមិនឱ្យប្រជាជនមិនឱ្យធ្លាក់ខ្លួនក្រវិញ ក្នុងទំហំធំជាដាច់ខាត នៅមហាវិមានប្រជាជនចិន ក្នុងក្រុងប៉េកាំង។ 
 
វ៉េណេស៊ុយអេឡា បានចេញសេចក្តីប្រកាសបណ្តេញឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបជាការឆ្លើយតបទៅនឹងទណ្ឌកម្មបន្ថែមដែលសហភាពអឺរ៉ុប (EU) ដាក់លើមន្ត្រីជាន់ខ្ពស់ខ្លួនចំនួន១៩រូប ដែលមានយោធា ចៅក្រមតុលាការកំពូល និងអ្នកនយោបាយជាន់ខ្ពស់ជាដើម។ ទណ្ឌកម្មនេះរួមការការដកហូតទិដ្ឋាការ និងបង្កកទ្រព្យសម្បត្តិ។ 
 
ថ្ងៃទី២៦ ខែកុម្ភៈ 

កូរ៉េខាងត្បូង ចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងរបស់ខ្លួននៅទូទាំងប្រទេស។ វ៉ាក់សាំងដំបូងនេះ គឺជាវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca និងក្រុមហ៊ុន Pfizer។ 
 
ជប៉ុនលើកចោលស្ថានភាពអាសន្ថនៅក្នុងតំបន់ចំនួន ៦ បន្ទាប់ពីករណីឆ្លងកូវីដ-១៩ នៅក្នុងប្រទេសធ្លាក់ចុះ ប៉ុន្តែស្ថានភាពអាសន្នក្រុងទីក្រុងតូក្យូត្រូវទុកនៅដដែល.
 
ថ្ងៃទី២៧ ខែកុម្ភៈ

ចារកម្មអាមេរិក បានចេញរបាយការណ៍ដែលត្រូវបានទន្ទឹងចាំមើលជាយូរទាក់ទងការស៊ើបអង្កេតករណីឃាតកម្មអ្នកកាសែត Jamal Kashoggi ក្នុងឆ្នាំ២០១៨ ។ របាយការណ៍នេះ បានចង្អុលចំៗរជ្ជទាយាទអារ៉ាប៊ីសាអូឌីត Mohammed bin Salman ជាអ្នកបើកផ្លូវដល់ប្រតិបត្តិការតាមចាប់ ឬសម្លាប់លោក Kashoggi ដែលរិះគន់ការដឹកនាំរបស់ទ្រង់ជារឿយៗ។ ទីក្រុងរីយ៉ាដ បដិសេធរបាយការណ៍នេះ។
 
តំណាងមីយ៉ាន់ម៉ាប្រចាំអង្គការសហប្រជាជាតិ លោក Kyaw Moe Tun បានបរិហាររដ្ឋប្រហារដោយក្រុមយោធានៅក្នុងប្រទេសអំឡុងកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ (UN)។ លោកស្នើអន្តរជាតិចាត់វិធានការឱ្យបានលឿនដើម្បីស្ដារប្រជាធិបតេយ្យឡើងវិញ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com