ជាតិ
ជនជាតិដើមភាគតិចជងឃុំអូរសោមបន្តរស់នៅបែបប្រពៃណីរបស់ខ្លួន
28, Feb 2021 , 9:39 pm        
រូបភាព
ដោយ:
ពោធិ៍សាត់៖ ប្រជាជនប្រមាណ ៩០ភាគរយក្នុងឃុំអូរសោម ជាជនជាតិដើមភាគតិចជង។ ជនជាតិដើមភាគតិចជង បានផ្លាស់ប្ដូរការរស់នៅពីតាមតំបន់ព្រៃភ្នំ មករស់នៅទីប្រជុំជនវិញ។ លោក សុខ បឿន មេឃុំអូរសោម បានប្រាប់សារព័ត៌មាន ThmeyThmey25ថា ការរស់នៅ ទំនៀមទម្លាប់ប្រពៃណី ការសែនព្រេន និងធ្វើកសិកម្ម មិនបានផ្លាស់ប្ដូរទាំងស្រុងនោះទេ សម្រាប់ជនជាតិដើមភាគតិចជងក្នុងឃុំមួយនេះ។

 
ដើម្បីជ្រាបកាន់តែច្បាស់ សូមអញ្ជើញលោកអ្នកនាង ទស្សនាបទសម្ភាស រវាងកញ្ញា ជឿន ស្រីណយ អ្នកសារព័ត៌មាន ThmeyThmey25 និងលោក សុខ បឿន មេឃុំអូរសោម ដូចតទៅ៖ 
 
ក្នុងឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានប្រជាជនរស់នៅជិត ៩០០គ្រួសារ ក្នុងនោះមានប្រជាជនប្រមាណ៨០០គ្រួសារហើយ ជាជនជាតិដើមភាគតិចជង។ ដ្បិតបានប្ដូរពីការរស់នៅក្នុងតំបន់ព្រៃ មកនៅទីប្រជុំជន ប៉ុន្តែជនជាតិដើមភាគតិចជង នៅតែពឹងផ្អែកលើធម្មជាតិ សម្រាប់ការរស់នៅដូចជាការបេះក្រវាញ បោចវល្លិ និងការនេសាទ។
 
លោក សុខ បឿន មេឃុំអូរសោម បានប្រាប់សារព័ត៌មាន ThmeyThmey25ថា ទំនៀមទម្លាប់ប្រពៃណីជនជាតិដើមភាគតិចជង នៅតែត្រូវបានអនុវត្តក្នុងឃុំអូរសោម ទោះមិនបានខ្ជាប់ខ្ជូនដូចមុនក្ដី។ លោកបានបញ្ជាក់ដូច្នេះថា៖ «ពីមុនគឺប្រពៃណីជនជាតិដើមជង ឥឡូវមានការបែកសាច មានការរស់នៅចម្រុះ។ ជនជាតិដើមជង ទីមួយគឺយើងមានសែនធម្មតា ទី២យើងមានការកណ្ដាល ទី៣មានការផ្ដាច់។ ការផ្ដាច់ គឺការផ្ដាច់ខ្មោចពីខាងស្រី ទៅនៅខាងប្រុស។ បើការកណ្ដាល គឺការនៅខាងស្រីទាំងអស់។ ជនជាតិដើមភាគតិចជង នៅតែរក្សាប្រពៃណីដដែល »។
 
ប្រជាជនដើមភាគតិចជង ក្នុងឃុំអូរសោមបច្ចុប្បន្ន ក៏បានធ្វើកសិកម្មច្រើនមុខទៀត ក្រៅពីការធ្វើស្រែ និងនេសាទ។ ជនជាតិដើមភាគតិចជង មានដាំដំណាំ ដំឡូងមី ពោត សណ្ដែក ត្រាវ រមៀត ខ្ញី និងដំណាំជាច្រើនទៀត តាមគ្រួសារនីមួយៗ។ នេះជាការបន្ថែមរបស់លោក សុខ បឿន៕












 

Tag:
 ជនជាតិដើមភាគតិចជង
  ពោធិ៍សាត់
  សម្ភាស
  វីដេអូ
  ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com