ជាតិ
ខេត្តកណ្តាល ផលិតបន្លែចម្រុះបាន៧ម៉ឺនតោនកាលពីឆ្នាំកន្លងទៅ
28, Feb 2021 , 10:19 pm        
រូបភាព
បន្លែខាត់ណាផ្កាក្នុងផ្ទះសំណាញ់របស់កសិករខេត្តកណ្ដាល(រូបពីហ្វេសប៊ុករដ្ឋបាលខេត្តកណ្ដាល)
បន្លែខាត់ណាផ្កាក្នុងផ្ទះសំណាញ់របស់កសិករខេត្តកណ្ដាល(រូបពីហ្វេសប៊ុករដ្ឋបាលខេត្តកណ្ដាល)
ដោយ:
ខេត្តកណ្តាល ផលិតបានបន្លែចម្រុះប្រមាណ ៧ម៉ឺនតោន ក្នុងឆ្នាំ២០២០កន្លងទៅ នៅលើផ្ទៃដីដាំដុះប្រមាណ ៨ពាន់ហិកតា។ នេះបើតាមរបាយការណ៍ដែលបង្ហាញដោយ លោក ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល នាសន្និសីទសារព័ត៌មាន ស្ដីពី«វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅបន្ត» នៅទីស្ដីការគណរដ្ឋមន្រ្តី កាលពីថ្ងៃទី២២ កុម្ភៈ។

 
បើតាមរបាយការណ៍ដដែល វិស័យកសិកម្ម គឺជាស្នូលសេដ្ឋកិច្ចខេត្តកណ្តាល ដោយមានពលរដ្ឋចំនួន ៥០.៥ភាគរយ ប្រកបរបរនេះ ខណៈអ្នកប្រកបរបរក្នុងវិស័យសេវាកម្មមាន៤៨.៣ភាគរយ និងវិស័យសិប្បកម្ម ១.២ភាគរយ។ សម្រាប់លោក ម៉ៅ ភារុណ វិស័យសំខាន់ៗនេះ បានជំរុញកំណើនសេដ្ឋកិច្ចខេត្តកណ្ដាល និងបានជួយកាត់បន្ថយអត្រាភាពក្រីក្ររបស់ពលរដ្ឋផងដែរ។ «នៅឆ្នាំ២០១៩ អត្រាភាពក្រីក្របានថយចុះត្រឹម ៤.៥៧ភាគរយ និងមានកំណើនសេដ្ឋកិច្ចកម្រិតខ្ពស់៦ភាគរយ ដែលមានវិស័យអាទិភាពបីរួមមាន វិស័យកសិកម្ម ៣៧.១ភាគរយ វិស័យឧស្សាហកម្ម ៣៦.៣ភាគរយ និងវិស័យសេវាកម្ម ២៦.៧ភាគរយ»។ នេះជាការរៀបរាប់របស់លោក ម៉ៅ ភារុណ។ 
 
ទាក់ទងនឹងការដាំដុះបន្លែនេះដែរ កន្លងមកលោក ហ៊ សុផល អនុប្រធានមន្ទីរកសិកម្មខេត្តកណ្ដាលធ្លាប់ប្រាប់សារព័ត៌មានThmeyThmey25ថា កសិករខេត្តកណ្ដាល ដាំបន្លែចម្រុះគ្រប់ប្រភេទ ពិសេសប្រភេទបន្លែស្លឹក ដូចជាសាលាដ ស្ពៃ និងខាត់ណាជាដើម។ ក្នុងមួយថ្ងៃៗ ខេត្តកណ្ដាល អាចផ្គត់ផ្គង់បន្លែប្រមាណ ៤០០តោន មកកាន់ទីផ្សារក្នុងរាជធានីភ្នំពេញ។
 
សូមជម្រាបថា ខេត្តកណ្ដាល មានផ្ទៃដីកសិកម្មជាង១៤ម៉ឺនហិកតា ក្នុងនោះផ្ទៃដីដាំស្រូវមានជាង ១០ម៉ឺនហិកតា ផ្ទៃដីដាំដំណាំឧស្សាហកម្ម និងដំណាំរួមផ្សំ មានជាង ៣ម៉ឺនហិកតា និងផ្ទៃដីដំណាំអនុផលជិត ៦ពាន់ហិកតា៕
 
 

Tag:
 កណ្ដាល
 បន្លែ
 ម៉ៅ ភារុណ
© រក្សាសិទ្ធិដោយ thmeythmey.com