ជាតិ
រដ្ឋបាលខេត្តត្បូងឃ្មុំ នឹងរៀបចំរមណីយដ្ឋាន«ទឹកធ្លាក់ហោង» ឲ្យទៅជាតំបន់ទេសចរណ៍គំរូក្នុងខេត្ត
01, Mar 2021 , 8:59 am        
រូបភាព
រូបភាព៖ ទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍
រូបភាព៖ ទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍
ដោយ៖ ហុង ស្រីណា
«ទឹកធ្លាក់ហោង» ជារមណីយដ្ឋានទឹកធ្លាក់ធម្មជាតិប្រវត្តិសាស្រ្តដ៏មានសក្តានុពល មួយ ក្នុងខេត្តត្បូឃ្មុំ។  ជាមួយនឹងទឹកធ្លាក់ កម្ពស់ប្រមាណ៨ម៉ែត្រ អប់ដោយទេសភាពធម្មជាតិ ដ៏ត្រកាល អាជ្ញាធរខេត្តមួយនេះ បានដាក់គោលដៅអភិវឌ្ឍន៍តំបន់នេះទៅជាទីទេសចរណ៍គំរូសម្រាប់ខេត្ត នាពេលខាងមុខ។



រមណីយដ្ឋានធម្មជាតិ «ទឹកធ្លាក់ហោង» មានទីតាំងស្ថិតក្នុងឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ចម្ងាយប្រមាណ ៣៨គីឡូម៉ែត្រ ពីទីរួមខេត្ត។ ក្រៅពីមានរូបភ្នំថ្មរាប់សិបម៉ែត្រ ដែលបង្កើតបានជាល្បាក់ទឹកធ្លាក់ជាច្រើនថ្នាក់ រមណីយដ្ឋាន «ទឹកធ្លាក់ហោង» ហ៊ុមព័ទ្ធទៅដោយទេសភាពព្រៃឈើយ៉ាងស្រស់បំព្រង និងខ្យល់អាកាសបរិសុទ្ធ។
 
លោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ បានប្រាប់សារព័ត៌មានThmeythmey25 តាមទូរសព្ទថា  ទឹកធ្លាក់ហោង គឺជាកន្លែងមួយដែលមានការចាប់អារម្មណ៍ខ្លាំង ហើយទេសចរដែលទៅកម្សាន្តនៅទីនេះ អាចងូតទឹកកម្សាន្តជាមួយទឹកធ្លាក់ធម្មជាតិពេញមួយឆ្នាំ ថតរូប និងទស្សនាល្អាងដ៏ធំមួយនៅក្រោមថ្ម។ 
 
មុនពេលវិបត្តិកូវីដ-១៩ ភ្ញៀវទេសចរជាតិ បានទៅលេងកម្សាន្តឥតដាច់ ទាំងថ្ងៃចុងសប្តាហ៍ និងរដូវបុណ្យទាន់ ដូចជាចូលឆ្នាំខ្មែរ  និងរដូវបុណ្យភ្ជំបិណ្ឌជាដើម។ ប៉ុន្តែនាងអំឡុងវិបត្តិកូវីដ-១៩ តួលេខទេសចរដែលទៅកម្សាន្ត ក៏ធ្លាក់ចុះ មិនខុសពីតំបន់ទេសចរណ៍ដទៃទៀតនោះទេ។  លោក អឿន រិទ្ធ បន្ថែមដូច្នេះ។ 
 
ទោះយ៉ាងណា ប្រធានមន្ទីរទេសចរណ៍ខេត្តរូបនេះ រំពឹងថាទេសចរណ៍នឹងទៅកម្សាន្តនៅរមណីយដ្ឋានច្រើនវិញ ដោយសារតែមន្ទីរមានផែនការអភិវឌ្ឍ ទឹកធ្លាក់ហោង ឲ្យកា្លយទៅជារមណីយដ្ឋានគំរូមួយសម្រាប់ខេត្តត្បូងឃ្មុំ នាពេលខាងមុខ។
សូមជម្រាបថា ខេត្តត្បូងឃ្មុំ កំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅទីរួមខេត្តដូចជា រៀបចំសួនផ្កា និងបំពាក់ប្រព័ន្ធអ៊ីនធឺណិតសម្រាប់អ្នកទេសចរផងដែរ៕


  រូបភាព៖ ទំព័រហ្វេសប៊ុកមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ
 
 
 

Tag:
 ទឹកធ្លាក់ហោង
  ត្បូងឃ្មុំ
  អឿន រិទ្ធ
  ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com