COVID-19
ជាតិ
ចិន នឹងផ្ដល់វ៉ាក់សាំង៤០ម៉ឺនដូសទៀត មកកម្ពុជា ជាលើកទី២
01, Mar 2021 , 10:07 am        
រូបភាព
ភ្នំពេញ៖ រដ្ឋាភិបាលចិន នឹងផ្ដល់វ៉ាក់សាំង៤០ម៉ឺនដូសទៀត មកកម្ពុជា ជាលើកទី២ ។ នេះបើតាមស្ថានទូតចិនប្រចាំកម្ពុជា បានប្រកាសបែបនេះ នៅលើហ្វេសប៊ុកផ្លូវការខ្លួន នៅថ្ងៃទី១ មីនានេះ។


ស្ថានទូតចិន មិនបានបញ្ជាក់ថា រដ្ឋាភិបាលខ្លួន នឹងផ្ដល់វ៉ាក់សាំង៤០ម៉ឺនដូសទៀត មកកម្ពុជា នៅពេលណាទេ។ ស្ថានទូតចិន គ្រាន់តែសរសេរលើហ្វេសប៊ុកដូច្នេះថា៖«ដើម្បីជួយដល់ប្រជាពលរដ្ឋកម្ពុជាដែលជាបងប្អូនរបស់ចិនក្នុងការទប់ស្កាត់នឹងជំងឺវីរុសកូវីដ-១៩ រដ្ឋាភិបាលចិនសម្រេចផ្តល់ជំនួយឥតសំណងជំហានទី២ជាវ៉ាក់សាំងកូវីដ-១៩ចំនួន ៤០ ម៉ឺនដូសជូនដល់ភាគីកម្ពុជា»។
 
សារព័ត៌មានថ្មីៗ មិនទាន់អាចសុំការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យក្រសួងសុខាភិបាល និងក្រសួងការពារជាតិ ដែលធ្វើការផ្ទាល់ជាមួយភាគីចិន ក្នុងទទួលយកវ៉ាក់សាំងនេះ បានទេ នៅព្រឹកថ្ងៃទី១ មីនានេះ។
 
គួរបញ្ជាក់ថា រដ្ឋាភិបាលចិន បានផ្ដល់វ៉ាក់សាំង Sinopham ចំនួន៦០ម៉ឺនដូសមកកម្ពុជា ជំហានទី១ កាលពីថ្ងៃទី៧ កុម្ភៈម្ដងហើយ។ វ៉ាក់សាំងចិនទាំងនេះ ត្រូវបានរដ្ឋាភិបាលកម្ពុជា ចែកទៅឱ្យក្រសួងសុខាភិបាល ៣០ម៉ឺនដូស និងក្រសួងការពារជាតិ៣០ម៉ឹនដូស សម្រាប់ចាក់លើឥស្សរជនជាន់ខ្ពស់ និងកងទ័ព៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com