អន្តរជាតិ
យ៉ាងហោចណាស់មនុស្ស១៨នាក់ ស្លាប់ក្នុងបាតុកម្មនៅមីយ៉ាន់ម៉ានៅថ្ងៃទី២៨ កុម្ភៈ
01, Mar 2021 , 10:20 am        
រូបភាព
ក្រុមជួយសង្រ្គោះ ជួយអ្នកតវ៉ាដែលរងបួស។ រូបថត AFP
ក្រុមជួយសង្រ្គោះ ជួយអ្នកតវ៉ាដែលរងបួស។ រូបថត AFP
ប៉ូលិសមីយ៉ាន់ម៉ា ប្រើធម៌ក្ដៅកាន់តែក្នុងការបបង្រ្កាបបាតុកម្មនៅស្ទើរតែទូទាំងប្រទេស។ ចំណាត់ការរបស់ប៉ូលិសមីយ៉ាន់ម៉ា នៅថ្ងៃទី២៨ ខែកុម្ភៈ បានធ្វើឱ្យមនុស្សយ៉ាងហោចណាស់ ១៨នាក់បាត់បង់ជីវិត និងជាច្រើនរយនាក់រងរបួស។ បាតុករជាច្រើននាក់ផ្សេងទៀត ក៏ត្រូវចាប់ខ្លួនផងដែរ។

 
 
ច្រើនជាង៣សប្តាហ៍ហើយ បាតុករ បានធ្វើបាតុកម្មមិនលស់ថ្ងៃ និងមានអ្នកចូលរួមជាច្រើនម៉ឺននាក់។ ប៉ូលិសមីយ៉ាន់ម៉ា ចាប់តាំងពីថ្ងៃទី២៧ ខែកុម្ភៈ បានចាត់វិធានការយ៉ាងចាស់ដៃ លើក្រុមបាតុករ ដែលបានចេញមកតវ៉ា ស្ទើរតែទូទាំងប្រទេស។ 
 
ក្នុងថ្ងៃទី២៨ ខែកុម្ភៈ មនុស្សយ៉ាងហោចណាស់ ១៨នាក់ បានបាត់បង់ជីវិត នៅក្នុងបាតុកម្មនៅស្ទើរទូទាំងប្រទេស។ នេះបើតាមតួលេខការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ ប៉ូលិស បានបាញ់គ្រាប់កាំភ្លើងពិត គ្រាប់កាំភ្លើងជ័រ ឧស្ម័នបង្ហូរទឹកភ្នែក និងឧបករណ៍ផ្សេងទៀតជាដើម។ បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reutersអ្នកស្លាប់ទាំងនោះមាននៅក្នុងទីក្រុងធំៗដូចជា ទីក្រុងយ៉ាំងហ្គោន, ទីក្រុង Dawei, ទីក្រុង Bago និងទីក្រុង Mandalay ជាដើម។ 
 
ពាក់ព័ន្ធសកម្មភាពខាងលើ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ក៏រងការរិះគន់ និងសម្ពាធបន្ថែមទៀតពីសហគមន៍អន្តរជាតិ។ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ បានរិះគន់ទង្វើរបស់របបសឹកមីយ៉ាន់ម៉ា ដែលបានបង្រ្កាបលើបាតុករមីយ៉ាន់ម៉ា និងធ្វើឱ្យអ្នកស្លាប់ និងរបួសកើនឡើង។ មិនតែប៉ុណ្ណោះ អគ្គលេខាធិការអង្គការសហប្រជាជាតិ ក៏បានជំរុញឱ្យសហគមន៍អន្តរជាតិ រួមគ្នាដាក់សម្ពាធលើយោធាមីយ៉ាន់ម៉ា ឱ្យគោរពសិទ្ធិមនុស្សផងដែរ។ 
 
ស្របគ្នានេះ អាមេរិក បានរៀបចំយន្តការបន្ថែមទៀត ដើម្បីដាក់ទណ្ឌកម្មលើអ្នកពាក់ព័ន្ធបង្រ្កាបបាតុករមីយ៉ាន់ម៉ា និងរដ្ឋប្រហារយោធា។ តាមការបញ្ជាក់របស់ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan វិធានការលើរបបសឹកយោធានេះ នឹងដាក់ចេញក្នុងពេលឆាប់ៗខាងមុខ។ ចំណែកប្រមុខការទូតអាមេរិក អាន់តូនី ប្ល៊ីងខិន បានរិះគន់ និងចាត់ទុកចំណាត់ការរបស់ប៉ូលិសមីយ៉ាន់ម៉ាជា «ហិង្សារគួរស្អប់ខ្ពើម»។ លើសពីនេះ រដ្ឋមន្រ្តីការបរទេសអាមេរិករូបនេះ បានបង្ហាញពីជំហររបស់ខ្លួននឹងនៅជាមួយប្រជាជនមីយ៉ាន់ម៉ា ហើយជំរុញឱ្យបណ្តាប្រទេសផ្សេងទៀត គាំទ្រឆន្ទះរបស់ប្រជាជន។  
 
នៅក្នុងខួបធ្វើរដ្ឋប្រហារយោធារយៈពេល ១ខែ នៅថ្ងៃទី១ ខែមីនា ក្រុមបាតុករមីយ៉ាន់ម៉ា បានប្រកាស ចេញមកតវ៉ានឹងក្រុមយោធាបន្តទៀត ទោះមានការបង្រ្កាបជាថ្មីក៏ដោយ៕
 

Tag:
 មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com