កីឡាអន្តរជាតិ
អន្តរជាតិ
Man City សង្ឃឹមលើកពាន EPL កាន់តែខ្លាំង ក្រោយ Man Utd ស្មើ Chelsea
01, Mar 2021 , 11:10 am        
រូបភាព
Manchester United ដែលរកបាន១ពិន្ទុ ក្រោយប្រកួតស្មើជាមួយ Chelsea ក្នុងលទ្ធផល ០-០ បានបើកផ្លូវសម្រាប់ក្រុម Manchester City កាន់តែកៀកនឹងការលើកពានរង្វាន់ Premier League រដូវកាលនេះ ដ្បិតនាំមុខដាច់ដល់១២ពិន្ទុ។ Liverpool រកបានជ័យជម្នះសារជាថ្មី ក្រោយចាញ់៤ប្រកួតជាប់គ្នា ឯ Tottenham Hotspur និង Arsenal រកបាន៣ពិន្ទុរៀងខ្លួន។


នាជំនួបលីគកំពូលអង់គ្លេសសប្តាហ៍ទី២៦ នៅយប់ថ្ងៃទី២៨ ខែកុម្ភៈ ម្ចាស់ផ្ទះ Chelsea និងភ្ញៀវ Man Utd ទទួលបាន១ពិន្ទុម្នាក់។ លទ្ធផលស្មើនេះបានធ្វើឱ្យក្រុមបិសាចក្រហមកាន់តែឃ្លាតឱកាសក្នុងការប្រជែងពានរដូវកាលនេះ ព្រោះមានគម្លាតពិន្ទុដាច់ឆ្ងាយពីក្រុមកំពូលតារាង។
 
ក្រុមលោក Ole Gunnar Solskjaer ឈរលំដាប់ថ្នាក់ទី២ក្នុងតារាង Premier League ដោយរកបាន៥០ពិន្ទុក្រោយឆ្លងកាត់២៦ប្រកួត តាមពីក្រោយក្រុម Man City ដែលឈ្នះ១២ប្រកួតចុងក្រោយជាប់ៗគ្នាចំនួន១២ពិន្ទុ ខណៈការប្រកួតនៅសល់១២លើកទៀត។
 
ដោយឡែកក្រុមម្ចាស់ការពារតំណែងជើងឯក Liverpool ដែលបរាជ័យ៤ប្រកួតចុងក្រោយជាប់ៗគ្នា អាចរកបាន៣ពិន្ទុវិញក្រោយយកឈ្នះក្រុមបាតតារាង Sheffield United ២-០។ ជ័យជម្នះនេះ ក៏បានជួយក្រុមលោក Juergen Klopp កើនបាន៤៣ពិន្ទុក្នុងការប្រជែងយក Top 4 ដើម្បីបានកៅអីលេង Champions League រដូវកាលក្រោយ។ ហង្សក្រហមស្ថិតនៅចំណាត់ថ្នាក់ទី៦ តាមពីក្រោយក្រុមលេខ៥ Chelsea ចំនួន១ពិន្ទុ និងលេខ៤ West Ham United ២ពិន្ទុ។ 
 
Tottenham Hotspur ដែលឈ្នះ Burnley ៤-០ តាមរយៈការស៊ុតរបស់ Gareth Bale ២គ្រាប់ រួមជាមួយ Harry Kane និង Lucas Moura ១គ្រាប់ម្នាក់ បានកើនដល់៣៩ពិន្ទុ និងស្ថិតនៅចំណាត់ថ្នាក់ទី៨។ Arsenal ឡើងទៅចំណាត់ថ្នាក់ទី១០ វិញ ក្រោយឈ្នះ Leicester City ៣-១។ កាំភ្លើងធំមាន៣៧ពិន្ទុ និងនៅតែមានឱកាសដើម្បីប្រជែងកៅអី Champions League ឬ Europa League ផងដែរ។
 
Sheffield United នៅបាតតារាងមាន១១ពិន្ទុ ប្រឈមខ្លាំងនឹងធ្លាក់ទៅលីគទី២ Championship រដូវកាលក្រោយ ខណៈ Fulham និង West Bromwich Albion ដែលស្ថិតនៅតំបន់គ្រោះថ្នាក់នៅប្រទាញប្រទង់គ្នាដើម្បីបន្តនៅលីគកំពូល៕
 

Tag:
 Premier League
© រក្សាសិទ្ធិដោយ thmeythmey.com