អន្តរជាតិ
បាតុករថៃ ប៉ះទង្គិចជាមួយប៉ូលិសនៅក្បែរផ្ទះលោក ប្រាយុទ្ធ
01, Mar 2021 , 12:09 pm        
រូបភាព
អំពើហិង្សាបានផ្ទុះឡើងរវាងបាតុករថៃ និងកម្លាំងប៉ូលិសអំឡុងការតវ៉ាប្រឆាំងរដ្ឋាភិបាលនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចន្ទអូចា នៅថ្ងៃទី២៨ ខែកុម្ភៈ។ មនុស្សជាច្រើនរងរបួស និងត្រូវចាប់ខ្លួនក្នុងការតវ៉ានៅក្បែរនិវេសដ្ឋានលោក ប្រាយុទ្ធ ក្នុងទីក្រុងបាងកក។

 
បាតុកម្មប្រឆាំងរដ្ឋាភិបាលថៃ ចាប់ផ្ដើមកម្រើកសកម្មភាពជាថ្មីនៅចុងសប្ដាហ៍មុន។ អំឡុងពេលតវ៉ានៅថ្ងៃទី២៨ ខែកុម្ភៈ អំពើហិង្សាក៏ផ្ទុះឡើងរវាងបាតុករ និងកម្លាំងសន្តិសុខដែលរក្សាសណ្ដាប់ធា្នប់។ បើតាមកាសែតបាងកកប៉ុស្តិ៍ ក្រុមបាតុករដែលភាគច្រើនជាយុវជនប្រមាណ១៥០០នាក់ បានជួបជុំគ្នានៅវិមានជ័យជម្នះនាទីក្រុងបាងកកនៅម៉ោងបីរសៀល ហើយក៏ដង្ហែរក្បួនទៅកាន់ទីបញ្ជាការកងពលតូចថ្មើរជើងលេខ១ ដែលជាកងអង្គរក្សមហាក្សត្រ។
 
គោលដៅរបស់បាតុករ គឺនិវេសនដ្ឋាននាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចន្ទអូចា ។ មិនខុសពីការតវ៉ាឆ្នាំមុនឡើយ ពួកគេទាមទារឱ្យលោក ប្រាយុទ្ធ លាលែងពីតំណែង ដោយចោទលោកលើកំហុសជាច្រើនដូចជាអំពើពុករលួយ អសមត្ថភាពដោះស្រាយបញ្ហាសេដ្ឋកិច្ច និងកូវីដ-១៩ ជាដើម។ 
 
ប៉ូលិសបង្រ្កាបកុបកម្មប្រមាណពីរពាន់នាក់ ត្រូវបានពង្រាយដើម្បីដោះស្រាយស្ថានការណ៍ដែលតានតឹង ហើយរនាំងត្រូវបានដាក់លើផ្លូវដើម្បីរារាំងបាតុករចូលទៅក្បែរផ្ទះលោក ប្រាយុទ្ធ ផងដែរ។ អំពើហិង្សាបានផ្ទុះឡើងនៅម៉ោងប្រមាណ៦កន្លះល្ងាចរវាងបាតុករ និងប៉ូលិស។ ប៉ូលិសថៃបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងរថយន្តបាញ់ទឹកដើម្បីបំបែកបាតុករ ដែលបានចោលវត្ថុជាច្រើនដាក់ប៉ូលិសវិញ។ ប៉ូលិសថៃក៏បាញ់គ្រាប់កៅស៊ូជាច្រើនដែរ។
 
អ្នកតវ៉ាជាច្រើន រងរបួសក្នុងការប៉ះទង្គិចនេះ ហើយមនុស្សជាច្រើននាក់ ក៏ត្រូវបានចាប់ខ្លួនផងដែរ។ នេះបើតាមបាងកកប៉ុស្តិ៍។
 
ការទាមទារឱ្យលោក ប្រាយុទ្ធ លាលែងពីតំណែង ជាលក្ខខណ្ឌមួយក្នុងចំណោមការទាមទារសំខាន់ៗរបស់បាតុករដែលភាគច្រើនជាយុវជន។ ពួកគេក៏ទាមទារឱ្យលុបចោលរដ្ឋធម្មនុញ្ញតាក់តែងដោយយោធាដែលរួមបញ្ចូលការកាត់បន្ថយអំណាចស្ដេចផងដែរ។ ការប៉ះពាល់ស្ថាប័នកំពូលនេះ ក៏នាំឱ្យមេដឹកនាំបាតុករជាច្រើន ត្រូវចោទប្រកាន់ពីបទប្រមាថស្ដេចដែលជាទោសដ៏ធ្ងន់ធ្ងរមួយ៕
 
 

Tag:
 ថៃ
  ប្រាយុទ្ធ ចន្ទអូចា
© រក្សាសិទ្ធិដោយ thmeythmey.com