ជាតិ
លោក ហ៊ុន ម៉ានី៖«ត្រូវបែងចែករវាង វោហារពីរោះ និងការរីកចម្រើនជាក់ស្តែង»
01, Mar 2021 , 12:29 pm        
រូបភាព
លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា និងជាប្រធាន​សហភាពសហព័ន្ធយុវជនកម្ពុជា
លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា និងជាប្រធាន​សហភាពសហព័ន្ធយុវជនកម្ពុជា
តំណាងរាស្ត្រ និងជាប្រធានចលនាយុវជនដ៏ធំមួយនៅកម្ពុជា លោក ហ៊ុន ម៉ានី បានបង្ហោះសារដ៏វែងជាភាសាអង់គ្លេសនៅលើគណនីហ្វេសប៊ុកនៅព្រឹកថ្ងៃទី១ខែមីនានេះ រំឭកអំពីប្រវត្តិសាស្ត្រដ៏សោកសង្រេងរបស់កម្ពុជា។ ដោយបញ្ចេញមតិជាភាសាអង់គ្លេស អ្នកនយោបាយបន្តវេនរបស់គណបក្សកាន់អំណាច ទំនងជាចង់បង្ហាញយោបល់នេះឱ្យឭដល់មិត្តភក្តិបរទេសរបស់កម្ពុជាផងដែរ?

 
«សន្តិភាពពុំមែនគ្រាន់តែជាពាក្យតែមួយម៉ាត់នោះទេ។ ក្នុងបរិបទនៃប្រទេសកម្ពុជា វាបានកើតចេញពីការបំផ្លិចបំផ្លាញ ទុក្ខសោក និងការលះបង់ឥតគណនា។ សូមកុំគិតថា យើងទទួលបានសន្តិភាពដោយងាយនោះ!»។ នេះជាការយល់ឃើញរបស់លោក ហ៊ុន ម៉ានី ដែលចង់បញ្ជាក់ប្រាប់ជនរួមជាតិរបស់លោកថា វាមានការលំបាកណាស់ក្នុងការស្វែងរក និងទទួលបានសន្តិភាព ប៉ុន្តែសន្តិភាពនេះអាចនឹងត្រូវបាត់បង់ទៅវិញយ៉ាងងាយបំផុត។
 
រឿងធម្មតាដែលអ្នកតំណាងរាស្ត្ររូបនេះតែងសរសេរសារនយោបាយផង និងការបង្ហាញពីសកម្មភាពសង្គម និងមនុស្សធម៌ផង នៅលើទំព័រ និងគណនីហ្វេសប៊ុករបស់លោក ក្រោមស្លាកសញ្ញានៃពាក្យពីរម៉ាត់ ជាតិ និងប្រជាជន ជាញឹកញាប់។ ប៉ុន្តែ​សាររបស់លោក ហ៊ុន ម៉ានី​ នៅក្នុង​ខែមីនានេះដែលរំឭកពី​សោកនាដកម្ម​របស់​កម្ពុជា បានធ្វើឱ្យគេនឹកឃើញ​រដ្ឋប្រហារថ្ងៃទី ១៨ មីនា ឆ្នាំ១៩៧០ របស់​សេនាប្រមុខ លន់ នល់ ទម្លាក់សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ​ពី​អំណាច ដែលធ្វើឱ្យភ្លើងសង្គ្រាមស៊ីវិលឆាបឆេះ​កម្ពុជា​តាំងពីពេលនោះមក ជាច្រើន​ទស្សវត្សរ៍។
 
ជាមួយនឹងពាក្យផ្តើមសេចក្តី នៅលើអត្ថបទរបស់​ខ្លួន «យើងបានរងការឈឺចាប់ច្រើនពេកហើយក្នុងនាមជាជាតិមួយ និងជាប្រជាជន» លោក ហ៊ុន ម៉ានី បានបង្ហោះរូបថតជាច្រើនសន្លឹកដែលបង្ហាញពីរូបភាពនៃការនិរាសព្រាត់ប្រាស់ រត់គេចពីសង្គ្រាម ការបាត់បង់ឱកាសនៃកុមារនិងយុវជនខ្មែរនៃយុគសម័យសង្គ្រាម ដោយប្រៀបធៀបជាមួយនឹងរូបភាពនៃស្នាមញញឺមរបស់កុមារ និងយុវជនក្នុងពេលបច្ចុប្បន្នកាលនៃសន្តិភាព។
ចំពោះលោក ហ៊ុន ម៉ានី ប្រជាជនកម្ពុជាត្រូវរៀនសូត្រពីប្រវត្តិសាស្ត្រ ដើម្បីចៀសវាងការដើរជាន់ដានកង់ប្រវត្តិសាស្ត្រដែលបានឆក់យកជីវិតជនរួមជាតិខ្មែរនៅចន្លោះឆ្នាំ ១៩៧០ ដល់ឆ្នាំ ១៩៩៨។
 
លោក ម៉ានី បានសរសេរយ៉ាងដូច្នេះ៖«យើងកំពុងរស់នៅក្នុងសម័យកាលនៃការផ្លាស់ប្តូរយ៉ាងលឿនមួយប្រកបដោយភាពរស់រវើក ដោយឈរលើមូលដ្ឋាននៃគោលនយោបាយប្រាកដនិយម។ យើងត្រូវបែងចែកឱ្យច្បាស់រវាងការប្រើប្រាស់វោហាសព្ទឱ្យតែពីរោះ និងផលដែលទទួលបានជាក់ស្តែងសម្រាប់ជាតិ និងប្រជាជនរបស់យើង។»។
 
ក្នុងន័យថា ឱកាសនៃការទទួលបានការអភិវឌ្ឍជាក់ស្តែង ត្រូវអាស្រ័យលើស្ថិរភាព និងសន្តិភាព អ្នកតំណាងរាស្ត្រយល់ឃើញថា ការការពារ និងរក្សាសន្តិភាពនៅកម្ពុជា នឹងអនុញ្ញាតឱ្យកម្ពុជាបន្តរុងរឿង និងមានវិបុរភាព និងអនុញ្ញាតឱ្យប្រជាជនកម្ពុជា គ្រប់ភេទ គ្រប់វ័យ គ្រប់សាសនា អាចសម្រេចក្តីសុបិនរបស់ពួកគេ៕

Tag:
 ហ៊ុន ម៉ានី
© រក្សាសិទ្ធិដោយ thmeythmey.com