ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
មិនចង់លេបថ្នាំ! ពេលពិបាករំលាយអាហារគួរធ្វើបែបណា? ពេលណាត្រូវទៅជួបពេទ្យ?
02, Mar 2021 , 6:59 pm        
រូបភាព
បញ្ហា​ពិបាក​ក្នុងការ​រំលាយ​អាហារ​អាច​កើតឡើង​នោះ​ពេល​អ្នក​ទទួលទាន​ច្រើនពេក ឬអ្វី​ដែល​ក្រពះ​ទទួលយក​មិនបាន​។ បញ្ហា​ពិបាក​រំលាយ​អាហារ​អាចធ្វើឱ្យ​អ្នក​ជួបប្រទះ​នឹង​អាកា​រៈ​ឈឺពោះ ភើរ ឬ​ហើមពោះ​គួរឱ្យ​រំខាន​។ គួរ​ធ្វើយ៉ាងណា​ទប់ទល់​នឹង​បញ្ហា​នេះ​មែន​ទេ​? កុំ​បារម្ភ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​រូបមន្ត​បែប​ធម្មជាតិ​ងាយៗ ប៉ុន្តែ​មាន​ប្រសិទ្ធិភាព​ខ្ពស់​ដោះស្រាយ​បញ្ហា​ពិបាក​រំលាយ​អាហារ ៖

 
១. ខ្ញី​
 
​អ្វីដែល​អ្នកត្រូវការ គឺ​ខ្ញី​ហាន់​រួច​ជា​ចំណិត​តូចៗ​ចំនួន ១ ស្លាបព្រា​បាយ ទឹកក្រូច​ឆ្មារ​ស្រស់ ២ ស្លាបព្រា​បាយ ទឹកឃ្មុំ ១ ស្លាបព្រា​បាយ និង​ស្លឹក​ជី​អង្កាម​ចិញ្ច្រាំ ១ ស្លាបព្រា​កាហ្វេ​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​ដំបូង​ត្រូវដាក់​ទឹក ២ ពែង​និង​ខ្ញី​ចូលក្នុង​ឆ្នាំង​មួយ បន្ទាប់មក​ដាក់​ដាំ​ឱ្យ​ពុះ​។ ចាប់ផ្ដើម​បន្ថយកម្ដៅ​ឱ្យទាប​សម្រាប់​រយៈពេល​ពី ១០ ទៅ ២០ នាទី​។ ស្រង​យក​កាក​ខ្ញី​ចេញ រួច​បន្ថែម​ទឹកក្រូច​ឆ្មារ​និង​ទឹកឃ្មុំ​ចូល ហើយ​កូរ​ឱ្យ​សព្វ​។ បន្ថែម​ស្លឹក​ជី​អង្កាម​ខ្លះ​ចូល សឹម​ទទួលទាន​ឱ្យទាន់​ក្ដៅ​ឧណ្ហៗ​។​
 
២. ទឹកខ្មេះ​ផ្លែ​ប៉ោម​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ​ដើម្បី​បំបាត់​អា​ការៈពិបាក​រំលាយ​អាហារ គឺ​គ្រាន់តែ​លាយ​ទឹកខ្មេះ​ផ្លែ​ប៉ោម ១ ស្លាបព្រា​កាហ្វេ​ជាមួយ​ទឹក​កន្លះ​ពែង​។ កូរ​ឱ្យ​សព្វ សឹម​ទទួលទាន​។​
 
៣. ម្សៅ Baking soda
 
​លាយ​ម្សៅ Baking soda កន្លះ​ស្លាបព្រា​កាហ្វេ​ជាមួយ​ទឹក​កន្លះ​ពែង​។ កូរ​ឱ្យ​សព្វ សឹម​ទទួលទាន​។ វិធី​នេះ​ក៏​ជួយ​បំបាត់​អាកា​រៈ​ហើមពោះ​កំឡុងពេល​ពិបាក​រំលាយ​អាហារ​ផងដែរ​។​
 
៤. ទឹកក្រូច​ឆ្មារ​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ទទួលទាន​ទឹកក្រូច​ឆ្មារ​ក្ដៅ​ឧណ្ហៗ ១ កែវ​ពេលព្រឹក និង​ជាពិសេស​នៅមុន​ពេល​អាហារ​។ វា​បង្កើន​ការរំលាយ​អាហារ​ដោយរ​ញោច​ការផលិត​ទឹកប្រមាត់​។ ទឹកក្រូច​ឆ្មារ​ក្ដៅ​ឧណ្ហៗ​ក៏​ជួយ​បំបាត់​អាកា​រៈ​ផ្សេងទៀត​នៃ​បញ្ហា​ពិបាក​រំលាយ​អាហារ​ផងដែរ​។​
 
៥. តែ​ផ្កា Chamomile
 
​ការទទួល​ទាន​តែ​ផ្កា Chamomile ជួយ​បំបាត់​អា​ការៈពិបាក​រំលាយ​អាហារ​បាន​យ៉ាង​ប្រសើរ​។ ដូច្នេះ​ចូរ​ព្យាយាម​ទទួលទាន​តែ​ផ្កា Chamomile ឱ្យបាន ២ ទៅ ៣ ពែង​រាល់ថ្ងៃ​ដើម្បី​បង្កើន​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ​។ អ្នក​អាច​រក​ទិញ​តែ​ផ្កា Chamomile បាន​នៅតាម​ផ្សារ​ទំនើប​។​
 
៦. តែ​ជី​អង្កាម​
 
​ល្អ​ណា​ស់ម្រាប់​ដោះស្រាយ​បញ្ហា​ចង្អោរ​ចង់​ក្អួត​និង​ពិបាក​រំលាយ​អាហារ​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់​ទទួលទាន​តែ​ជី​អង្កាម ១​ពែង ភ្លាមៗ​ក្រោយពេល​អាហារ​។ ទោះជា​យ៉ាងណា​ប្រសិនបើ​អា​ការៈពិបាក​រំលាយ​អាហារ​បង្កឡើង​ដោយ​អាកា​រៈ​ច្រាល​ទឹក​អាស៊ីត​ក្រពះ អ្នក​មិនគួរ​ទទួលទាន​តែ​ជី​អង្កាម​ឡើយ​។ ភេសជ្ជៈ​នេះ​មិន​សាក​សម​សម្រាប់​អ្នកជំងឺ​ច្រាល​ទឹក​អាស៊ីត​ក្រពះ ឬ​ដំបៅ​ក្រពះ​ឡើយ​។​
 
​ពេលណា​គួរ​ទៅ​ជួប​គ្រូពេទ្យ​?
 
​អា​ការៈពិបាក​រំលាយ​អាហារ​អាច​មិនធម្មតា​ឡើយ​ប្រសិនបើ​កើតឡើង​ញឹកញាប់ ព្រោះ​វា​អាចជា​រោគសញ្ញា​មួយ​នៃ​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ​រ៉ាំរ៉ៃ​រួមមាន​ច្រាល​ទឹក​អាស៊ីត​ក្រពះ ជំងឺ​រលាក​ក្រពះ និង​សូម្បីតែ​ជំងឺមហារីក​ក្រពះ​។ ដូច្នេះ​អ្នក​ចាំបាច់​គួរ​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ ប្រសិនបើ​អា​ការៈពិបាក​រំលាយ​អាហារ​មិន​បាត់​ទៅវិញ​ក្នុង​រយៈពេល​យូរ​ជាង​ពីរ​សប្តាហ៍ ឬ​ប្រសិនបើ​អម​មកជា​មួយ​នូវ​រោគសញ្ញា​ផ្សេងទៀត​ដូចជា​ស្រក​ទម្ងន់ បាត់បង់​ចំណង់​អាហារ ក្អួត លាមក​ពណ៌​ខ្មៅ ពិបាក​លេប​អាហារ និង​អស់កម្លាំង​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com