អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
តុលាការមីយ៉ាន់ម៉ា ចោទលោកស្រី ស៊ូជី ពីរករណីបន្ថែមទៀត
01, Mar 2021 , 4:58 pm        
រូបភាព
 រូបថត AFP
រូបថត AFP
រយៈពេលមួយខែហើយ ដែលលោកស្រីអ៊ុងសាន ស៊ូជី ត្រូវបានដាក់ឃុំនៅក្នុងផ្ទះ។ ក្នុងថ្ងៃទី១ ខែមីនា លោកស្រីស៊ូជី បានបង្ហាញមុខក្នុងសវនាការតាមការកោះហៅ របស់តុលាការ ដែលធ្វើតាម ប្រព័ន្ធ វីដេអូ។ លោកស្រី ស៊ូជី ក៏ត្រូវតុលាការចោទពីរករណីបន្ថែមទៀតដែលមានចែងនៅក្នុងច្បាប់ព្រហ្មទណ្ឌ និងច្បាប់ទូរគមនាគមន៍។ 



តាមការកំណត់ទុក លោកស្រី អ៊ុងសាន ស៊ូជី អតីតទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា បានបង្ហាញមុខនៅក្នុងសវនាការ តាមរយៈប្រព័ន្ធវីដេអូនៅថ្ងៃទី១ ខែមីនា ដែលចំខួបមួយខែនៃការធ្វើរដ្ឋប្រហារផងដែរ។ ក្នុងសវនាការលើកនេះ មេដឹកនាំរដ្ឋាភិបាលស៊ីវិលដែលត្រូវដណ្ដើមអំណាចរូបនេះ ក៏ត្រូវបានតុលារចោទពីរករណីបន្ថែមទៀត។

លោក Min Min Soe មេធាវីស្តីទីរបស់លោកស្រី ស៊ូជី ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា បទចោទថ្មីនេះ មានចែងក្នុងក្រមព្រហ្មទណ្ឌទាក់ទងការហាមឃាត់បោះពុម្ភផ្សាយព័ត៌មានបង្កការភ័យខ្លាច ឬស្ថានភាពអាសន្ន និងបង្អាក់ភាពស្ងាប់ស្ងាត់ជាសាធារណៈ។ ចំណែកបទចោទមួយទៀត មានចែងក្នុងច្បាប់ទូរគមនាគមន៍ ដែលទាក់ទងការប្រើឧបករណ៍ទំនាក់ទំនង។

លោកស្រី ស៊ូជី នឹងត្រូវបង្ហាញមុខនៅក្នុងសវនាការម្តងទៀត នៅថ្ងៃទី១៥ ខែមីនាខាងមុខ។ ក្នុងសវនាការថ្ងៃទី១ ខែមីនា មេដឹកនាំរដ្ឋាភិបាលស៊ីវិល ក៏បានស្នើសុំជួបក្រុមមេធាវីផងដែរ។ បើតាមលោក Min Min Soe សុខភាពរបស់លោកស្រីស៊ូជីមានសភាពល្អ ប៉ុន្តែប្រហែលជាស្រកទម្ងន់បន្តិច។

កន្លងទៅប៉ូលិសមីយ៉ាន់ម៉ា បានចោទទីប្រឹក្សារដ្ឋរូបនេះ ពីរករណីរួចមកហើយ ក្នុងនោះមានដូចជា នាំចូលវិទ្យុ និងឧបករណ៍ទំនាក់ទំនងខុសច្បាប់ និងបំពានបម្រាមកូវីដ-១៩ នៅក្នុងប្រទេស។ ក្នុងបទចោទប្រកាន់ទាំងពីរនេះ លោកស្រី ស៊ូជី អាចជាប់ពន្ធនាគាររហូតដល់ ៣ឆ្នាំឯណោះ។ ប្រសិនតុលាការរកឃើញកំហុស លោកស្រីស៊ូជី នឹងមិនត្រូវបានអនុញ្ញាតឱ្យឈរឈ្មោះ ក្នុងការបោះឆ្នោតសភាអាណត្តិខាងមុខឡើយ។

ក្នុងខួបមួយខែនៃការធ្វើរដ្ឋប្រហារយោធានេះ ក្រុមបាតុករមីយ៉ាន់ម៉ាជាច្រើនពាន់នាក់ នៅតែចេញមកតវ៉ានឹងក្រុមយោធាឱ្យប្រគល់អំណាចទៅរដ្ឋាភិបាលស៊ីវិលវិញ និងដោះលែងអ្នកជាប់ឃុំទាំងអស់ ខណៈពេលប៉ូលិសនៅតែប្រើឧស្ម័នបង្ហូរទឹកភ្នែក គ្រាប់កាំភ្លើងជ័រ ដើម្បីបំបែកក្រុមបាតុករ។ នៅថ្ងៃម្សិលមិញ មានអ្នកស្លាប់យ៉ាងហោចណាស់ ១៨នាក់ ដោយសារការបង្រ្កាបយ៉ាងខ្លាំងឡើងពីសំណាក់ក្រុមប៉ូលិស។

ចំណែកសារព័ត៌មាន The Irrawaddy  បានចុះផ្សាយពីឯកសារបែកធ្លាយដែលក្នុងនោះរបបសឹក បានកោះហៅលេខាធិការ, បុគ្គលិកយ៉ាងហោចណាស់ ១០០នាក់ ពីស្ថានទូតនៅប្រទេស ១៩ ដែលក្នុងនោះក៏មានកម្ពុជាផងដែរ។ ការកោះហៅឱ្យមកក្នុងប្រទេសវិញនេះ ធ្វើឡើងបន្ទាប់ពីអ្នកតំណាងមីយ៉ាន់ម៉ានៅអង្គការសហប្រជាជាតិ លោកKyaw Moe Tun បានថ្កោលទោសរដ្ឋប្រហារយោធា និងជំរុញឱ្យអ្នកតំណាងមីយ៉ាន់ម៉ានៅប្រទេសផ្សេងទៀត ក្រោកប្រឆាំងនឹងរបបសឹក។ របបសឹក បានដាក់ជំនួសមន្រ្តីច្រើនជាង ៥០នាក់ ដែលចេញពីក្រសួងការបរទេសជំនួសកន្លែងនោះវិញ៕


© រក្សាសិទ្ធិដោយ thmeythmey.com