រថយន្ត
អន្តរជាតិ
លោក Warren Buffett មានភាគហ៊ុននៅក្រុមហ៊ុនរថយន្តចិនច្រើនជាងនៅក្រុមហ៊ុនអាមេរិក
01, Mar 2021 , 8:19 pm        
រូបភាព
ដោយ: ធីតា
ក្រុមហ៊ុន Berkshire Hathaway របស់មហាសេដ្ឋី Warren Buffett មានភាគហ៊ុន ៨,២ភាគរយនៅក្រុមហ៊ុនរថយន្តអគ្គិសនីចិន BYD ពោលគឺមានច្រើនជាងភាគហ៊ុននៅក្រុមហ៊ុន General Motors របស់អាមេរិក។ នេះបើយោងតាមការផ្សាយរបស់ CNBC ដោយផ្អែកលើលិខិតដែលមហាសេដ្ឋីអាមេរិកផ្ញើទៅបណ្តាភាគហ៊ុនិករបស់ខ្លួន។

 
 
BYD ជាក្រុមហ៊ុនធំលំដាប់ទី៨ ដែលលោក Warren Buffett មានភាគហ៊ុនធំ។ ភាគរយរបស់ក្រុមហ៊ុនអគ្គិសនីចិនមួយនេះ ឡើងដល់ជាង៣០០ភាគរយ នារយៈពេលជាង១២ខែចុងក្រោយ ខណៈ GM បានធ្លាក់ចុះ៦៥ភាគរយនាអំឡុងពេលដូចគ្នា។
 
លិខិតប្រចាំឆ្នាំរបស់មហាសេដ្ឋីអាមេរិកអាយុ៩០ឆ្នាំកាលពីថ្ងៃទី២៧ ខែកុម្ភៈ បង្ហាញថា ក្រុមហ៊ុន Berkshire Hathaway មានភាគហ៊ុននៅក្រុមហ៊ុនចិនដល់ទៅ៨,២ភាគរយ ខណៈភាគរយនៅក្រុមហ៊ុន GM ដោយគិតត្រមថ្ងៃទី៣១ ខែធ្នូ មានត្រឹម៣,៧ភាគរយ និងជាក្រុមហ៊ុនលំដាប់ទី១៥ដែលលោកមានភាគហ៊ុនធំ។
 
ក្រុមហ៊ុន Bershire Hathaway បានចាប់ផ្តើមវិនិយោគលើអាគុយ និងរថយន្តអគ្គិសនីជាមួយក្រុមហ៊ុន BYD ចាប់តាំងពីឆ្នាំ២០០៩។ មានមូលដ្ឋាននៅក្រុង Shenzhen ក្រុមហ៊ុន BYD បានក្លាយជាទីផ្សាររថយន្តដ៏ធំមួយ ដោយលក់បានរថយន្តអគ្គិសនីដឹកអ្នកដំណើរបានដល់ទៅជាង១៣០ ០០០គ្រឿងកាលពីឆ្នាំមុន ពោលគឺនាំមុខឆ្ងាយដាច់ពីក្រុមហ៊ុនរថយន្តអគ្គិសនីផ្សេងទៀតដូចជា Nio ដែលលក់បានតែជាង៤៣ ៧០០គ្រឿងប៉ុណ្ណោះក្នុងរយៈពេលដូចគ្នា។
 
យោងតាមបញ្ជីមហាសេដ្ឋីពិភពលោករបស់សារព័ត៌មាន Bloomberg (Bloomberg Billionaires Index) គិតត្រឹមថ្ងៃទី១ ខែមីនា លោក Warren Buffett ជាមហាសេដ្ឋីទី៧លើពិភពលោកដែលមានទ្រព្យសម្បត្តិជាង៩១,៩ពាន់លានដុល្លារ បន្ទាប់ពីលោក Jeff Bezos, លោក Elon Musk, លោក Bill Gates, លោក Bernard Arnault, លោក Mark Zuckerberg និងលោក Larry Page៕
 

© រក្សាសិទ្ធិដោយ thmeythmey.com