ជាតិ
សេដ្ឋកិច្ច
​ពីរ​ខែ​ដើមឆ្នាំ​២០២១ ទេសចរ​បរទេស​ទៅ​ទស្សនា «​រមណីយដ្ឋាន​អង្គរ​» ធ្លាក់ចុះ​៩៨,៧៧​ភាគរយ​
01, Mar 2021 , 7:59 pm        
រូបភាព
ភ្ញៀវទេសចរចូលទស្សនាប្រាសាទអង្គរវត្ត កាលពីថ្ងៃទី១២មករា ឆ្នាំ២០២១។​រូបថត​​​៖ ទូច សុវណ្ណឌី
ភ្ញៀវទេសចរចូលទស្សនាប្រាសាទអង្គរវត្ត កាលពីថ្ងៃទី១២មករា ឆ្នាំ២០២១។​រូបថត​​​៖ ទូច សុវណ្ណឌី
​ភ្នំពេញ​៖ ២​ខែ​ដំបូង​នៃ​ឆ្នាំ​២០២១ «​រមណីយដ្ឋាន​អង្គរ​» មាន​ភ្ញៀវទេសចរ​បរទេស ទិញ​បណ្ណ​ចូល​ទស្សនា ត្រឹមតែ​៤,១៩៤​នាក់ ប៉ុណ្ណោះ​។ បើតាម​សេចក្ដីប្រកាស​ព័ត៌មាន ស្តីពី​ស្ថិតិ​ភ្ញៀវទេសចរ​បរទេស​ទិញ​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​បាន​ពី​គ្រឹះស្ថាន​អង្គរ នៅ​ថ្ងៃទី​១​មីនា ចំនួន​ភ្ញៀវទេសចរ​បរទេស​នេះ គឺ​បាន​ធ្លាក់ចុះ​រហូត​៩៨,៧៧​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ​២០២០​កន្លងមក​។​

 
​ចំនួន​ភ្ញៀវទេសចរ​បរទេស​ជាង​៤​ពាន់នាក់ ដែល​បាន​ទិញ​បណ្ណ​ចូល​ទស្សនា​តំបន់​នានា​នៃ​បរិវេណ​រមណីយដ្ឋាន​អង្គរ គឺ​បានផ្តល់​ចំណូល​ដល់​គ្រឹះស្ថាន​អង្គរ បាន​សរុប ១៧២,៨២៣​ដុល្លារ​អាមេរិក​។ នេះ​បើតាម​ការបញ្ជាក់​របស់​គ្រឹះស្ថាន​អង្គរ​។ ដោយឡែក សម្រាប់​ខែកុម្ភៈ ឆ្នាំ​២០២១ គ្រឹះស្ថាន​អង្គរ រកចំណូលបាន​ជាង​១២​ម៉ឺន​ដុល្លារ ពី​ការលក់​បណ្ណ​ជូន​ភ្ញៀវទេសចរ​បរទេស​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ជិត​៣​ពាន់​នាក់​។​
 
​កាល​ឆ្នាំ​២០២០​នៃ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ កម្ពុជា​ទទួលបាន​ចំណូល​ជាង​១៨,៦​លាន​ដុល្លារ ពី​ភ្ញៀវទេសចរ​បទេស​ជាង​៤០​ម៉ឺននាក់ ​ដែល​ទិញ​បណ្ណ​ចូល​ទស្សនា​«​រមណីយដ្ឋាន​អង្គរ​»​។ ប៉ុន្តែ​ចំណូល​នេះ បើ​នឹង​ឆ្នាំ​២០១៩ គឺ​បាន​ធ្លាក់ចុះ​រហូត​ជាង​៨០​ភាគរយ​។ នេះ​បើតាម​គ្រឹះស្ថាន​អង្គរ​៕
 

Tag:
 ទេសចរណ៍​
  រមណីយដ្ឋាន​អង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com