ថៃ បើក​ផ្សារ​គ្រឿង​សមុទ្រ​នៅ​ខេត្ត​សមុទ្រ​សាគរ​ដែលជា​ចំណុច​ផ្ទុះ​ជំងឺ​កូ​វីដ​-១៩ វិញ​ហើយ​
COVID-19
អន្តរជាតិ
ថៃ បើក​ផ្សារ​គ្រឿង​សមុទ្រ​នៅ​ខេត្ត​សមុទ្រ​សាគរ​ដែលជា​ចំណុច​ផ្ទុះ​ជំងឺ​កូ​វីដ​-១៩ វិញ​ហើយ​
01, Mar 2021 , 9:59 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
​ផ្សារ​គ្រឿង​សមុទ្រ​ក្នុង​ខេត្ត​សមុទ្រ​សាគរ ដែលជា​ចំណុចកណ្ដាល​នៃ​ការផ្ទុះ​ករណី​ឆ្លង​ជំងឺ​កូ​វីដ​-១៩ នៅ​ថៃ ត្រូវបាន​បើក​ដំណើរការ​វិញ​ហើយ​នៅ​ថ្ងៃទី​១ ខែមីនា​។ ប៉ុន្តែ​វិធានការ​ការពារ ត្រូវអនុវត្ត​យ៉ាង​តឹងរ៉ឹង​បំផុត​ដើម្បី​បង្ការ​ការឆ្លង​រាលដាល​ជាថ្មី​។​


​ជាង​១០​សប្ដាហ៍​ក្រោយ​ត្រូវបាន​បិទ​ដំណើរការ ផ្សារ​គ្រឿង​សមុទ្រ​ដ៏​ធំ​នៃ​ខេត្ត​សមុទ្រ​សាគរ​របស់​ថៃ បាន​ដំណើរការ​លក់ដូរ​វិញ​ហើយ ខណៈ​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ ត្រូវបាន​មើលឃើញថា ធូរស្រាល​កាន់តែខ្លាំង​។ ករណី​ឆ្លង​ចេញពី​ផ្សារ​នេះ​ដែល​ត្រូវបាន​រាយការណ៍​នៅ​ពាក់កណ្ដាល​ខែធ្នូ ឆ្នាំ​២០២០ ក្លាយជា​រលក​វាយប្រហា​រ​ទី​ពីរ​នៅ​ថៃ ដែល​បង្ខំ​ឱ្យ​រដ្ឋាភិបាល​បិទ​ខេត្ត និង​ដាក់ចេញ​វិធានការ​រឹតត្បិត​ជាច្រើន​ដើម្បី​ទប់ស្កាត់​ការ​រាលដាល​។​
 
​មិន​ខុសពី​មុនពេល​បិទ​ឡើយ ផ្សារ​លក់​គ្រឿង​សមុទ្រ​នេះ នៅតែមាន​មនុស្សម្នា​ចេញចូល​ច្រើន​ដដែល​។ ពលករ​បរទេស​ដែល​ភាគច្រើន​ជា​ជន​មី​យ៉ាន់​ម៉ា ត្រឡប់​ទៅ​ធ្វើការ​របស់ខ្លួន​វិញ អ្នកលក់​ក៏​យក​ផលិតផល​របស់ខ្លួន​ល​ក់​តាម​ធម្មតា​ដែរ ប៉ុន្តែ​ស្ថិតក្រោម​វិធានការ​ការពារ​យ៉ាង​តឹងរ៉ឹង​។ 
 
​បើតាម​កាសែត​បាងកក​ប៉ុស្តិ៍ ឡាន​ដឹក​គ្រឿង​សមុទ្រ និង​ឡាន​ដែល​ចេញចូល​ទាំងអស់ ត្រូវ​ឆ្លងកាត់​ប៉ុស្តិ៍​ត្រួតពិនិត្យ ហើយ​មនុស្ស​ទាំងអស់​ត្រូវ​ពិនិត្យ​សីតុណ្ហភាព ហើយ​ផ្ដល់​លិខិត​បញ្ជាក់ថា បានធ្វើ​តេស​ត្ត​រក​កូ​វីដ​-១៩ ។ ករណី​លើកលែង ត្រូវអនុវត្ត​ចំពោះ​អ្នក​ដែល​ធ្វើការ​ក្នុង​ផ្សារ​ព្រោះ​ពួកគេ​មាន​លិខិតបញ្ជាក់​រួចហើយ​។ ចំណែក​ពលករ​ដែល​ធ្វើការ​ក្នុង​ផ្សារ​នេះ ក៏ត្រូវ​ពាក់​ម៉ាស់​គ្រប់ពេលវេលា ព្រម​គ្នា​នឹង​ការពាក់​ស្រោមដៃ ស្បែក​កវែង​ដែល​កំណត់ដោយ​ក្រសួងសុខាភិបាល​ថៃ​។ 
 
​ធ្លាប់តែ​ជា​ខេត្ត​មាន​ករណី​ផ្ទុះ​ច្រើន សមុទ្រ​សាគរ មិនមាន​ករណី​ឆ្លង​ថ្មី​នៅ​សហគមន៍​ឡើយ​នៅ​ថ្ងៃទី​២៨ ខែកុម្ភៈ ដោយ​ករណី​ថ្មី​ចំនួន​១៩ សុទ្ធតែ​រកឃើញ​ក្នុងចំណោម​អ្នកស្នាក់នៅ​ដោយឡែក​ក្នុង​មន្ទីរពេទ្យ​។ ខេត្ត​មាន​ករណី​ឆ្លង​សរុប​១៦៣៧៧​នាក់​។​
 
​ដោយឡែក​នៅ​ថ្ងៃទី​១ ខែមីនា ថៃ​កត់ត្រា​ករណី​ឆ្លង​ថ្មី​ចំនួន​៨០​នាក់ ដែលនាំឱ្យ​ករណី​ឆ្លង​សរុប​នៅ​ប្រទេស​មាន​២៦០៣១​នាក់ និង​ស្លាប់​៨៣​នាក់​៕

Tag:
 ថៃ​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com