ជាតិ
សេដ្ឋកិច្ច
រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ លើកទឹកចិត្ត​ដល់​«​អ្នក​ធុរកិច្ច​ថ្មី​ឌីជីថល​» មក​ចុះបញ្ជី​អាជ្ញាប័ណ្ណ​ឱ្យបាន​ច្រើន​
01, Mar 2021 , 10:29 pm        
រូបភាព
 លោក ជា វ៉ាន់ដេត​រដ្ឋមន្ត្រី ក្រសួងប្រៃសណីយ៍។  រូបថត៖ PTC
លោក ជា វ៉ាន់ដេត​រដ្ឋមន្ត្រី ក្រសួងប្រៃសណីយ៍។ រូបថត៖ PTC
​ភ្នំពេញ​៖ លោក ជា វ៉ាន់​ដេ​ត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ លើកទឹកចិត្ត​ដល់​«​អ្នក​ធុរកិច្ច​ថ្មី​ឌីជីថល​»​ក្នុងការ​មក​ចុះបញ្ជី​អាជ្ញាប័ណ្ណ ដើម្បី​ទទួលបាន​ការបណ្តុះបណ្តាល ការលើកទឹកចិត្ត និង​ការគាំទ្រ​ផ្នែក​បច្ចេកទេស​ពី​ក្រសួង​។  លោក បានលើកឡើង​ដូច្នេះ នៅក្នុង​កិច្ចប្រជុំ​ពិភាក្សា​លើ​សេចក្តីព្រាង​អនុក្រឹត្យ​ស្តីពី​ការគ្រប់គ្រង​និង​ការលើកទឹកចិត្ត​ធុរកិច្ច​ថ្មី​ឌីជីថល កាលពី​ចុងខែ​កុម្ភៈ ឆ្នាំ​២០២១ នៅ​ទីស្តីការក្រសួង​។​



អត្ថបទទាក់ទង
 
​បើតាម លោក ជា វ៉ាន់​ដេ​ត សេចក្តីព្រាង​អនុក្រឹត្យ​នេះ គឺ​រៀបចំឡើង​សម្រាប់​កំណត់​អំពី​យន្តការ វិធានការ និង​នីតិវិធី​នៃ​ការទទួលស្គាល់ ការលើកទឹកចិត្ត ការសម្របសម្រួល និង​ការបណ្តុះបណ្តាល​លើ​ផ្នែក​ធុរកិច្ច​ថ្មី​ឌីជីថល ដើម្បី​ជំរុញ​សហគ្រិនភាព​និង​នវានុវត្តន៍​លើ​វិស័យ​ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន សំដៅ​ជំរុញឱ្យមាន​ការបង្កើត​ធុរកិច្ច​ថ្មី​ឌីជីថល​រួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​ឌីជីថល​។ 
 
​សេចក្តីព្រាង​នេះ នឹង​លើកទឹកចិត្ត​ចំពោះ​បុគ្គល​ដែល​មានបំណង​ស្នើសុំ​ការទទួលស្គាល់​ធុរកិច្ច​ថ្មី​ឌីជីថល ដាក់ពាក្យ​ស្នើ​មក​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ដោយ​ឥត​បង់ក​ម្រៃ​សេវា​ណាមួយ​ឡើយ ហើយក៏​នឹង​អាច​ទទួលបាន​ការលើក​ទឹកចិត្ត ការបណ្តុះបណ្តាល និង​ការគាំទ្រ​បច្ចេកទេស​ពី​ក្រសួង ថែមទៀត​។ រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​រូបនេះ បាន​និយាយ​ដូច្នេះ​៖«​សេចក្តីព្រាង​អនុក្រឹត្យ​នេះ​នឹង​លើកទឹកចិត្ត​ឱ្យ​ធុរកិច្ច​ថ្មី​ឌីជីថល​ដែលមាន​សក្តានុពល​អាជីវកម្ម បន្តទៅ​ចុះបញ្ជី​ពាណិជ្ជកម្ម​និង​បំពេញ​កាតព្វកិច្ច​នានា​ស្របតាម​ច្បាប់​និង​បទដ្ឋាន​គតិយុត្ត​ជា​ធរមាន ដើម្បី​បន្ត​ដំណើរការ​និង​ពង្រីក​អាជីវកម្ម តទៅទៀត​»​។​


រូបថត៖ PTC

​សេចក្តីព្រាង​អនុក្រឹត្យ​នេះ បានកំណត់​សមត្ថកិច្ច​របស់​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ក្នុងការ​គ្រប់គ្រង សម្របសម្រួល និង​ជំរុញ​ធុរកិច្ច​ថ្មី​ឌីជីថល​និង​ការអភិវឌ្ឍ​បច្ចេកវិទ្យា​ឌីជីថល​។ ប៉ុន្តែ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា ក៏​អាច​ចូលរួម​លើកទឹកចិត្ត ការសម្របសម្រួល និង​ការបណ្តុះបណ្តាល​លើ​ផ្នែក​ធុរកិច្ច​ថ្មី​ឌីជីថល បានដែរ​។  នេះ​បើតាម​ចុះផ្សាយ​របស់​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​។ 
 
​តាមរយៈ​សេចក្តីព្រាង​អនុក្រឹត្យ​នេះ លោក ជា វ៉ាន់​ដេ​ត សង្ឃឹមថា ធុរកិច្ច​ថ្មី​ឌីជីថល​ដែល​ត្រូវបង្កើត នឹង​ជួយ​ជំរុញ​ការអភិវឌ្ឍ​សហគ្រិនភាព និង​នវានុវត្តន៍​ក្នុង​វិស័យ​ទូរគមនាគមន៍ និង​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ដោយ​ជោគជ័យ​នៅ​កម្ពុជា​៕ 

Tag:
 ធុរកិច្ច​ថ្មី​ឌីជីថល​
  លោក ជា វ៉ាន់​ដេ​ត​
© រក្សាសិទ្ធិដោយ thmeythmey.com