កីឡាអន្តរជាតិ
អន្តរជាតិ
លោក មូ​ន ៖ អូឡាំពិក​ក្រុង​តូ​ក្យូ នឹង​ផ្តល់ឱកាស​ចរចា​ជាថ្មី​ដល់​កូរ៉េ​ទាំងពីរ ជប៉ុន និង​អាមេរិក​
02, Mar 2021 , 8:29 am        
រូបភាព
​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក មូ​ន ជេ​អ៊ី​ន នៅ​ថ្ងៃទី​១ ខែមីនា និយាយថា​ព្រឹត្តិការណ៍​អូឡាំពិក​ក្រុង​តូ​ក្យូ​អាច​ផ្តល់ឱកាស​ចរចា​ជាថ្មី រវាង​កូរ៉េខាងជើង​ជាមួយ​អាមេរិក ឬ​កូរ៉េខាងជើង និង​ជប៉ុន និង​រវាង​កូរ៉េ​ទាំងពីរ ដើម្បី​ផ្សះផ្សា​វិបត្តិ​នយោបាយ​ដែល​ប្រេះស្រាំ​ឡើងវិញ​។​


​ថ្លែង​ក្នុង​ពិធី​ប្រារព្ធ​ខួប​លើក​ទី ១០២ នៃ​ទិវា​ចលនា​ឯករាជ្យ ១​មីនា​នៅ​ទីក្រុង​សេ​អ៊ូ​ល លោក មូ​ន ចេ​អ៊ី​ន ក៏បាន​អះអាង​ដែរ​ថា កូរ៉េខាងត្បូង​នឹងធ្វើ​ការ​ជាមួយ​ជប៉ុន​ដើម្បី​រៀបចំ​ព្រឹត្តិការណ៍​អូឡាំពិក​ក្រុង​តូ​ក្យូ​ឆ្នាំ​២០២០ ដែល​នេះ​អាចជួយ​សម្រួល​ដល់​ទំនាក់ទំនង​ប្រទេស​ទាំងពីរ និង​ការកាត់បន្ថយ ឬ​បង្ការ​ការឆ្លង​ជំងឺ COVID-19 ផង​។​
 
​ការលើកឡើង​របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង​បែបនេះ កើតឡើង​នៅពេលដែល​ទំនាក់ទំនង​របស់​កូរ៉េខាងជើង​ជាមួយ​កូរ៉េខាងត្បូង និង​ជប៉ុន​ហាក់​ប្រេះស្រាំ​ជាថ្មី និង​ការចរចា​ជុំវិញ​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​ជាមួយ​អាមេរិក​កាលពី​ឆ្នាំ​២០១៩ ដែល​បរាជ័យ​។​
 
​ដោយហេតុនេះ លោក មូ​ន ចង់យក​ព្រឹត្តិការណ៍​អូឡាំពិក​ក្រុង​តូ​ក្យូ​ដែល​ពន្យារ​ទៅ​ឆ្នាំ​២០២១ ដោយសារ COVID-19 ធ្វើជា​កីឡា​ការទូត​ដើម្បី​ស្រោចស្រង់​វិបត្តិ​នយោបាយ​រវាង​ប្រទេស​ទាំងបី​ជាមួយ​កូ​រ៉​ខាងជើង​ឱ្យមាន​ភាពប្រសើរ​ឡើងវិញ​។ 
 
«​ព្រឹត្តិការណ៍​ដែល​បាន​គ្រោងទុក​សម្រាប់​ឆ្នាំនេះ​អាចជា​ឱកាស​មួយ​សម្រាប់​ការសន្ទនា​រវាង​កូរ៉េខាងត្បូង​និង​ជប៉ុន​, កូរ៉េខាងត្បូង ជាមួយ​កូរ៉េខាងជើង​, កូរ៉េខាងជើង ជាមួយ​ជប៉ុន និង​កូរ៉េខាងជើង​ជាមួយ​អាមេរិក​»​។ លោក​មូ​ន​បានលើកឡើង​ដូច្នេះ​នៅឯ​ឧទ្យាន​សាធារណៈ​មួយ​ក្នុង​ក្រុង​សេ​អ៊ូ​ល​នា​ពិធី​ប្រារព្ធ​ខួប​លើក​ទី ១០២ នៃ​ទិវា​ចលនា​ឯករាជ្យ ១ មីនា​។​
 
​យ៉ាងណាក៏ដោយ គម្រោង​នេះ​នៅ​មិនទាន់មាន​ភាពប្រាកដប្រជា​នោះទេ ដ្បិត​វិបត្តិ COVID-19 ផង ហើយ​ក្រុង​ព្យុងយ៉ាង​ក៏បាន​កាត់​ផ្តាច់ទំនាក់ទំនង​ជាមួយ​ពិភពលោក​ផង ក្រោយ​កូរ៉េខាងជើង និង​អាមេរិក​ក្រោម​ការគ្រប់គ្រង​របស់លោក ដូ​ណា​ល់ ត្រាំ ចរចា​គ្នា​គ្មាន​ទទួលបាន​ផ្លែផ្កា​អ្វី​សោះ​នោះ​។​
 
​បើ​មិនមាន​ការផ្លាស់ប្តូរ​គម្រោង​អ្វី​ទេនោះ ជប៉ុន​នឹង​ដឹកនាំ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវក្តៅ​ក្រុង​តូ​ក្យូ​ឆ្នាំ​២០២០ ចាប់ពី​ថ្ងៃទី​២៣ ខែកក្កដា ដល់​ថ្ងៃទី​៨ ខែសីហា​ឆ្នាំ ២០២១៕
 
 

Tag:
 Olympic
  មូ​ន ជេ​អ៊ី​ន
© រក្សាសិទ្ធិដោយ thmeythmey.com