ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្ស៊ី និងមេដឹកនាំ៨រូបទៀត ត្រូវដកសិទ្ធិបោះឆ្នោត «ជារៀងរហូត»
01, Mar 2021 , 8:25 pm        
រូបភាព
ពីឆ្វេងដៃទៅ៖ លោក ឡុង រី លោក ម៉ែន សុថាវរិន្រ្ទ លោក អេង ឆៃអ៊ាង លោក សម រង្ស៊ី អ្នកស្រី មូរ សុខហួរ លោក អ៊ូ ច័ន្ទឫទ្ធិ លោក តុ វ៉ាន់ចាន់ និង លោក ហូរ វ៉ាន់ ថតរួមគ្នានៅក្រៅប្រទេស។ រូបពីទំព័រហ្វេសប៊ុករបស់លោក អេង ឆៃអ៊ាង
ពីឆ្វេងដៃទៅ៖ លោក ឡុង រី លោក ម៉ែន សុថាវរិន្រ្ទ លោក អេង ឆៃអ៊ាង លោក សម រង្ស៊ី អ្នកស្រី មូរ សុខហួរ លោក អ៊ូ ច័ន្ទឫទ្ធិ លោក តុ វ៉ាន់ចាន់ និង លោក ហូរ វ៉ាន់ ថតរួមគ្នានៅក្រៅប្រទេស។ រូបពីទំព័រហ្វេសប៊ុករបស់លោក អេង ឆៃអ៊ាង
តុលាការកម្ពុជា បានប្រកាសសាលក្រម នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២១នេះ ដោយផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរលើលោក សម រង្ស៊ី មេដឹកនាំកំពូលនៃក្រុមប្រឆាំង និងថ្នាក់ដឹកនាំ៨រូបទៀតរបស់លោក ពីបទឧបឃាត ឬបទផ្តើមគំនិតរៀបចំផែនការផ្តួលរំលំរដ្ឋាភិបាល។ ទោស ដែលតុលាការសម្រេចនោះ គឺពួកលោក ត្រូវជាប់ពន្ធនាគារពី២០ឆ្នាំទៅ២៥ឆ្នាំ ហើយថែមទាំងបាត់សិទ្ធិពលរដ្ឋមួយចំនួនទៀត។



ថ្នាក់ដឹកនាំ៨រូបទៀតនៃក្រុមប្រឆាំង ដែលត្រូវកាត់ទោសក្នុងបទឧបឃាតជាមួយលោក សម រង្ស៊ី រួមមាន អ្នកស្រី ជូឡុង សូមួរ៉ា ភរិយារបស់លោក សម រង្ស៊ី អ្នកស្រី មូរ សុខហួរ លោក អេង ឆៃអ៊ាង លោក ម៉ែន សុថាវរិន្រ្ទ លោក ហូរ វ៉ាន់ លោក អ៊ូ ច័ន្ទឫទ្ធិ លោក ឡុង រី និង លោក នុត រំដួល។ មេដឹកនាំក្រុមប្រឆាំងទាំង៩រូបនេះ សុទ្ធតែកំពុងរស់នៅឯក្រៅប្រទេស។

លោក អ៊ី រិន្ទ អ្នកនាំពាក្យតុលាការភ្នំពេញ អ្នកប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទថា តុលាការ បានដកសិទ្ធិពលរដ្ឋ៣ប្រភេទជាស្ថាពរ ពីមេដឹកនាំទាំង៩រូបរបស់ក្រុមប្រឆាំង គឺសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត និង សិទ្ធិបំពេញការងារជាមន្រ្តីរាជការ។ លោក មិនអធិប្បាយឡើយថា ការដកសិទ្ធិពលរដ្ឋជាស្ថាពរនេះ មានរយៈពេលប៉ុន្មានឆ្នាំនិងមានន័យយ៉ាងម៉េច។

ប៉ុន្តែ លោក ជិន ម៉ាលីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បកស្រាយថា ការដកសិទ្ធិពលរដ្ឋជាស្ថាពរនេះ គឺមានន័យថា ជាការដករហូត ឬដកមួយជីវិត។ បើដូចការបកស្រាយរបស់លោក ជិន ម៉ាលីន មែន លោក សម រង្ស៊ី និង មេដឹនាំទាំង៨រូបរបស់លោក នឹងមិនអាចចូលរួមបោះឆ្នោត មិនអាចឈរឈ្មោះឲ្យគេបោះឆ្នោត និង មិនអាចធ្វើជាមន្រ្តីរាជការ «អស់មួយជីវិត»។

ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោក ជិន ម៉ាលីន ដែលជាមេធាវីផងនោះ បញ្ជាក់ដូច្នេះថា៖«[ដកជា] ស្ថាពរ គឺដករហូតហើយ»។

មន្រ្តីជាន់ខ្ពស់នៃក្រសួងយុត្តិធម៌រូបនេះ បន្តថា មេដឹកនាំទាំង៩រូបនៃក្រុមប្រឆាំង អាចនឹងរួចទោសឬទទួលបានសិទ្ធិពលរដ្ឋឡើងវិញ បើមានព្រះរាជទានលើកលែងទោសពីព្រះមហាក្សត្រ។

មាត្រា៥៥នៃក្រមព្រហ្មទណ្ឌ ចែងថា ការដកសិទ្ធិពលរដ្ឋ អាចត្រូវបានដកជាស្ថាពរ ឬអាចដកជាបណ្តោះអាសន្ន។ ការដកជាបណ្តោះអាសន្ន អាចមានរយៈពេល៥ឆ្នាំយ៉ាងយូរ។

សារព័ត៌មានថ្មីៗ មិនអាចសុំការឆ្លើយតបពីលោក សំ សុគង់ មេធាវីការពារក្តីឲ្យមេដឹកនាំក្រុមប្រឆាំងទាំង៩រូបបានឡើយ ដោយសារតែលោក មិនទទួលការហៅចូល។ 

បើតាមលោក អ៊ី រិន្ទ ក្នុងបទឧបឃាតនេះ លោក សម រង្ស៊ី មេដឹកនាំកំពូលនៃក្រុមប្រឆាំង ត្រូវជាប់ពន្ធនាគារ២៥ឆ្នាំ, អ្នកស្រី មូរ សុខហួរ និង លោក អេង ឆៃអ៊ាង ត្រូវជាប់ពន្ធនាគារ២២ឆ្នាំ, អ្នកស្រី ជូឡុង សូមួរ៉ា លោក ម៉ែន សុថាវរិន្រ្ទ លោក ហូរ វ៉ាន់ លោក អ៊ូ ច័ន្ទឫទ្ធិ លោក ឡុង រី លោក និង លោក នុត រំដួល ត្រូវជាប់ពន្ធនាគារ២០ឆ្នាំ។

លោក អ៊ី រិន្ទ បានឲ្យដឹងទៀតថា ក្រៅពីជាប់ពន្ធនាគារ និងបាត់សិទ្ធិពលរដ្ឋទាំង៣ប្រភេទនេះ មេដឹកនាំទាំង៩រូបរបស់ក្រុមប្រឆាំងខាងលើ ក៏ត្រូវតុលាការ តម្រូវឲ្យបង់ប្រាក់រួមគ្នាចំនួន១៨០០លានរៀល (ជាង៤៤ម៉ឺនដុល្លារ) ចូលទៅរដ្ឋថែមទៀត។

ការកាត់ទោសលោក សម រង្ស៊ី និងថ្នាក់ដឹកនាំទាំង៨រូបរបស់លោក គឺពាក់ព័ន្ធនឹងការរៀបផែនការចូលកម្ពុជា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលហៅថា ផែនការ៩វិច្ឆិកា។ ដ្បិតគម្រោងវិលចូលកម្ពុជា នៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៩ បរាជ័យ តែលោក សម រង្ស៊ី និងថ្នាក់ដឹកនាំទាំង៨របស់លោក នៅតែត្រូវបានចោទពីបទឧបឃាត។ រដ្ឋាភិបាលកម្ពុជា ចាត់ទុកផែនការ៩វិច្ឆិការបស់លោក សម រង្ស៊ី នាពេលនោះ ថា ប៉ងចូលមកកម្ពុជា ដើម្បីផ្តួលរំលំរដ្ឋាភិបាល។

ក្រៅពីថ្នាក់ដឹនាំទាំង៩រូបខាងលើ សកម្មជននិងអ្នកគាំទ្រជាង១០០នាក់ទៀតនៃអតីតគណបក្សប្រឆាំង ក៏ត្រូវតុលាការ រកឃើញថា ជាប់ពាក់ព័ន្ធនឹងផែនការ៩វិច្ឆិកាដែរ។ តុលាការ បានចោទសកម្មជននិងអ្នកគាំទ្រទាំងនោះ ពីបទរួមគំនិតក្បត់ [ជាតិ]។ តុលាការ បានបើកសវនាការលើសំណុំរឿងរួមគំនិតក្បត់ [ជាតិ] នេះ ២-៣លើករួចមកហើយ តែមិនទាន់ឈានដល់ការធ្វើសេចក្តីសម្រេចអ្វីឡើយ។

ចំពោះលោក សម រង្ស៊ី លោក ត្រូវបានតុលាការ កាត់ទោសឲ្យជាប់ពន្ធនាគារស្ទើរតែជិត២០ឆ្នាំរួចមកហើយនាពេលកន្លងមក ពីបទចោទផ្សេងៗ ហើយពេលនេះ ត្រូវតុលាការ កាត់ទោសឲ្យជាប់ពន្ធនាគារ២៥ឆ្នាំបន្ថែម និងត្រូវដកត្រូវសិទ្ធិពលរដ្ឋ៣ប្រភេទទៀត។

តើជីវិតនយោបាយរបស់លោក សម រង្ស៊ី អាចនឹងបន្តមានឡើងវិញលើទឹកដីកម្ពុជាដែរឬទេ?

Tag:
 សម រង្ស៊ី
  សិទ្ធិពលរដ្ឋ
  សិទ្ធិបោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com