អន្តរជាតិ
ចិន ថាសកម្មភាពរបស់ខ្លួននៅក្បែរកោះ Senkaku ស្របច្បាប់ តែជប៉ុនថា ចិនបំពានច្បាប់អន្តរជាតិ
02, Mar 2021 , 4:58 pm        
រូបភាព
នាវាល្បាតរបស់ជប៉ុននៅក្បែរប្រជុំកោះ Senkaku​ នាពេលកន្លងមក។ រូបថត Reuters
នាវាល្បាតរបស់ជប៉ុននៅក្បែរប្រជុំកោះ Senkaku​ នាពេលកន្លងមក។ រូបថត Reuters
ក្រសួងការពារជាតិចិន នៅថ្ងៃទី១ ខែមីនា បានការពារសកម្មភាពរបស់ខ្លួននៅក្បែរប្រជុំកោះ Senkaku ដោយអះអាងថា ជាការស្របច្បាប់ដោយដែនកោះមួយនេះជាកម្មសិទ្ធិចិន។ ប៉ុន្តរដ្ឋមន្រ្តីការពារជាតិជប៉ុន បានបញ្ជាក់យ៉ាងច្បាស់ថា ដែនទឹក និងប្រជុំកោះមួយនេះ ជាកម្មសិទ្ធិរបស់ជប៉ុន ដោយផ្អែកទៅលើភស្តុតាងប្រវត្តិសាស្រ្ត និងច្បាប់អន្តរជាតិ។

 
នាពេលថ្មីៗនេះ ចិន តែងតែបញ្ជូននាវាល្បាតមួយចំនួនចូលមកក្នុងដែនទឹកក្បែរប្រជុំកោះ Diaoyu ឬជាភាសាជប៉ុន Senkaku ជាញឹកញយ។ ជប៉ុន បានបញ្ជូននាវារបស់ខ្លួនជាច្រើនលើកដែរដើម្បីរុញនាវាល្បាតចិនចេញពីដែនទឹកដែខ្លួនកំពុងគ្រប់គ្រង។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ជប៉ុន NHK។ 
 
ទាក់ទិននឹងសកម្មភាពរបស់ខ្លួននៅក្នុងដែនទឹកក្បែរប្រជុំកោះ Senkaku នេះ ក្រសួងការពារជាតិចិន បានអះអាងនៅលើវេបសាយរបស់ខ្លួននៅថ្ងៃទី១ ខែមីនា ថា ដែនកោះខាងលើ ជាទឹកដីរបស់ចិន ហើយសកម្មភាពយោធា ឬនាវាល្បាតក្នុងដែនទឹកនោះ គឺស្របច្បាប់ និងមិនអាចប្រកែកបាន។ ដោយសំអាងថាជាកម្មសិទ្ធិរបស់ខ្លួន ក្រសួងការពារជាតិបញ្ជាក់ថា នាវាចិន នឹងបន្តវត្តមាននៅក្នុងតំបន់នេះដូចធម្មតា។
 
យ៉ាងណាមិញ ជប៉ុន ដែលជាភាគីគ្រប់គ្រងប្រជុំកោះនេះ បានច្រានចោលការអះអាងរបស់ចិននៅថ្ងៃទី២ ខែមីនា។ ថ្លែងប្រាប់អ្នកសារព័ត៌មាន រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Kishi Nobuo បានផ្តាំទៅចិនយ៉ាងច្បាស់ៗថា ប្រជុំកោះ Senkaku ជាកម្មសិទ្ធិរបស់ជប៉ុន តាំងពីប្រវត្តិសាស្រ្តមក និងស្របតាមច្បាប់អន្តរជាតិ។ បើតាមប្រមុខការពារជាតិ ការបញ្ជូននាវាល្បាតមកប្រជុំកោះមួយនេះ តាមរយៈការទាមទារដោយឯកតោភាគី គឺជាការបំពានច្បាប់អន្តរជាតិ និងមិនអាចទទួលយកបាន។ 
 
មិនតែប៉ុណ្ណោះ ដើម្បីទប់ស្កាត់នាវាល្បតចិន ដែលចេះតែចូលមកក្បែរប្រជុំកោះ Senkaku ជាញឹកញាប់ ក្រសួងការពារជាតិជប៉ុន នឹងសហការជាមួយអង្គការរបស់រដ្ឋាភិបាលជប៉ុនផ្សេងទៀត ដើម្បីប្រមូលព័ត៌មាន ល្បាត និងឃ្លាំមើលសកម្មភាពនៅប្រជុំកោះSenkaku។ 
 
សូមបញ្ជាក់ថា ប្រជុំកោះSenkaku គឺជាក្រុមកោះ ដែលមិនមានមនុស្សរស់នៅ និងមានវត្តមានស្ថិតនៅក្នុងសមុទ្រចិនខាងកើត។ ចិន និងជប៉ុន មានទំនាស់លើប្រជុំកោះមួយនេះជាយូរមកហើយ។ នៅចុងខែកុម្ភៈកន្លងទៅ មន្រ្តីរដ្ឋាភិបាលជប៉ុនបានអះអាងថា នាវាល្បាតជប៉ុន អាចបាញ់កម្ទេចនាវារបស់បរទេសទាំងឡាយណា ដែលចូលមកចតនៅប្រជុំកោះមួយនេះ៕
 

Tag:
 ចិន
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com