ជាតិ
សេដ្ឋកិច្ច
ជប៉ុន​ផ្តល់​ថវិកា​ជាង​២​លាន​ដុល្លារ សម្រាប់​បោសសម្អាត​មីន និង​គ្រាប់បែក​ចង្កោម​នៅ​កម្ពុជា
03, Mar 2021 , 8:59 am        
រូបភាព
លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។ រូបថត៖ ស្ថានទូតជប៉ុន
លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។ រូបថត៖ ស្ថានទូតជប៉ុន
​ភ្នំពេញ​៖ រដ្ឋាភិបាល​ជប៉ុន សម្រេច​បន្ត​ផ្តល់​ថវិកា​ជាង​២,២៣​លាន​ដុល្លារ​ដល់​អង្គភាព​ចំនួន​ពីរ ដើម្បី​ជំរុញ​ការអភិវឌ្ឍ​សហគមន៍ តាមរយៈ​ការ​បោសសម្អាត​មីន​និង​គ្រាប់បែក​ចង្កោម និង​ការកសាង​សមត្ថភាព​យុវជន​នៅ​កម្ពុជា​។ បើតាម​ការចុះផ្សាយ​រប​ស់​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា នៅ​ថ្ងៃទី​១​មីនា ឆ្នាំ​២០២១ ទំហំ​ថវិកា​នេះ គឺជា​ជំនួយឥតសំណង សម្រាប់​គម្រោង​របស់​អង្គការក្រៅរដ្ឋាភិបាល​ជ​ប៉ុន​។​



អត្ថបទទាក់ទង


​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​បាន​រៀបរាប់ថា ក្នុងចំណោម​ថវិកា​ជាង​២​លាន​ដុល្លារ​នេះ  មាន​ទឹកប្រាក់​១,៧៦៣,២៥១​ដុល្លារ បាន​ផ្តល់ឱ្យ​អង្គការ​សកម្មភាព​កំចាត់មីន​ជប៉ុន​(JMAS) ដើម្បី​អនុវត្ត​គម្រោង​គាំទ្រ​ការស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ឡើងវិញ ជាមួយនឹង​ការ​បោសសម្អាត​មីន នៅ​ខេត្តបន្ទាយមានជ័យ ដែល​ហៅ​កាត់​ថា គម្រោង RSDB (​ឆ្នាំ​ទី​១)​។ ថវិកា​នេះ ក៏​សម្រាប់​គម្រោង​គាំទ្រ ការស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ឡើងវិញ ជាមួយនឹង​ការ​បោសសម្អាត​គ្រាប់​បែប​ចង្កោម​នៅ​ខេត្តស្ទឹងត្រែង ហៅ​កាត់​ថា​គម្រោង RSCS (​ឆ្នាំ​ទី​១) ផងដែរ​។​
 
​ដោយឡែក ថវិកា​៤៧២,១១៣​ដុល្លារ​ទៀត រដ្ឋាភិបាល​ជប៉ុន បានផ្តល់​ឱ្យ​អង្គការ​កុមារ​ឥត​ព្រំដែន​(KnK) ដើម្បី​អនុវត្ត​គម្រោង​កសាង​សមត្ថភាព​យុវជន ក្នុង​ខេត្ត​ប៉ៃលិន តាមរយៈ​ការពង្រឹង​មជ្ឈមណ្ឌល​សិក្សា​សហគមន៍ (​ឆ្នាំ​ទី​២)​។ លោក មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា និង​អ្នកតំណាង​មកពី​អង្គការ​ទាំងពីរ បាន​ចុះហត្ថលេខា លើ​កិច្ចសន្យា​ផ្តល់​ជំនួយឥតសំណង​នេះ​។ ឯកអគ្គរាជទូត​ជប៉ុន​រូបនេះ បាន​ប្រសាសន៍​ដូច្នេះ​៖«​យើង​ជឿជាក់ថា ជំនួយឥតសំណង​នេះ នឹង​ជួយ​កែលម្អ​គុណភាព​ជីវិត​របស់​ប្រជាជន ដែល​រស់នៅក្នុង​ទីតាំង នៃ​គម្រោង​នីមួយៗ​»​។​
 
​ចាប់ពី​ឆ្នាំ​១៩៧៩ ដល់ ២០២០ នៅ​កម្ពុ​ជាមាន​ប្រជាពលរដ្ឋ​ជិត​២​ម៉ឺន​នាក់ បាន​ស្លាប់ និង​រងរបួស ដោយ​ពិការ​ដៃជើង​ជាង ៤,៥​ម៉ឺន​នាក់ ដោយសារ​គ្រាប់មីន និង​គ្រាប់​សំណល់​ជាតិ​ផ្ទុះ​។​
 
​កម្ពុជា ត្រូវ​បន្ត​បោសសម្អាត​ផ្ទៃដី ដែលមាន​មីន​ចំនួន ៨៤៥​គីឡូម៉ែត្រ​ការ៉េ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម រួមទាំង​គ្រាប់បែក​ចង្កោម ចំនួន​១,៣១៦​គីឡូម៉ែត្រ​ការ៉េ​បន្ថែមទៀត ដើម្បី​សម្រេច​ឱ្យបាន នូវ​ចក្ខុវិស័យ​តាម​ផែនការ​យុទ្ធសាស្ត្រ​ជាតិ «​កម្ពុ​ជាមួយ​គ្មាន​មីន​ឆ្នាំ​២០២៥»​។ ដើម្បី​សម្រេច​ឱ្យបាន នូវ​ចក្ខុវិស័យ​តាម​ផែនការ​យុទ្ធសាស្ត្រ​ជាតិ ការបោះសម្អាត​ផ្ទៃដី​មីន​ទាំងនេះ កម្ពុជា ត្រូវការ​ថវិកា​ជិត ៤០០​លាន​ដុល្លារ​អាមេរិក​៕ 
 

Tag:
 មីន​
  គ្រាប់បែក​ចង្កោម​
© រក្សាសិទ្ធិដោយ thmeythmey.com