អន្តរជាតិ
អ្នកជំនាញ UN ថា​រុស្ស៊ី​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​ការបំពុល​លោក Navalny
02, Mar 2021 , 7:59 pm        
រូបភាព
អ្នកនយោបាយប្រឆាំងនៅរុស្ស៊ី Alexei Navalny ។ រូបថត AFP
អ្នកនយោបាយប្រឆាំងនៅរុស្ស៊ី Alexei Navalny ។ រូបថត AFP
ដោយ:
​អ្នកជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការ​ប្រជាជាតិ (UN) និយាយថា រុស្ស៊ី​ជា​អ្នក​ត្រូវ​ទទួលខុសត្រូវ ចំពោះ​ករណី​បំពុល​មេដឹកនាំ​អ្នកនយោបាយ​ប្រឆាំង​Alexei Navalny​។ អ្នកជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​ក៏​ទាមទារ​ផងដែរ​ឱ្យមាន​ការស៊ើបអង្កេត​ជា​អន្តរជាតិ​ចំពោះ​ករណី​បំពុល​ដោយសារ​ធាតុគីមី​នេះ​។​


​ការប៉ុនប៉ង​សម្លាប់​លោក Alexei Navalny ជា​ផ្នែក​មួយ​នៃ​ការវាយប្រហារ​លើ​អ្នក​រិះគន់​រដ្ឋាភិបាល​រុស្ស៊ី​ទាំង​នៅក្នុង​ស្រុក និង​នៅក្រៅ​ប្រទេស ដោយមាន​បំណង​បំបិទ​សំឡេង​អ្នកប្រឆាំង​។ លោកស្រី Agnes Callamard អ្នករាយការណ៍​ពិសេស UN ទទួលបន្ទុក​ការសម្លាប់​ក្រៅ​ប្រព័ន្ធតុលាការ និង​លោកស្រី Irene Khan អ្នកជំនាញ​ផ្នែក​ផ្នែក​សេរីភាព​នៃ​ការបញ្ចេញមតិ​លើកឡើង​បែបនេះ​ក្នុង​របាយការណ៍​រួមគ្នា​មួយ​។​
 
«​ជា​សេចក្តីសន្និដ្ឋាន​របស់​យើង រុស្ស៊ី​ជា​អ្នកទទួលខុសត្រូវ​ក្នុងការ​ប៉ុនប៉ង​សម្លាប់​លោក Navalny »​។ នេះ​ជាការ​លើកឡើង​របស់លោក​ស្រី Callamard ក្នុង​សន្និសីទ​សារព័ត៌មាន​នា​ថ្ងៃទី​១ ខែមីនា ដែល​បង្ហាញ​ពី​របាយការណ៍​បឋម​នៃ​ការស៊ើបអង្កេត​។​
 
​ទាក់ទង​រឿងនេះ រដ្ឋាភិបាល​រុស្ស៊ី ច្រានចោល​ពី​ការពាក់ព័ន្ធ​របស់ខ្លួន​ក្នុងការ​បំពុល​លោក Navalny ដោយ​ថា មិនមាន​ភស្តុតាង​អ្វី​ឡើយ​។ ចំណែក​លោកស្រី Maria Zakharova អ្នកនាំពាក្យ​ក្រសួងការបរទេស​រុស្ស៊ី និយាយថា រដ្ឋាភិបាល​រុស្ស៊ី​សង្ឃឹមថា ការស៊ើបអង្កេត​នេះ នឹង​នាំឱ្យ​អាល្លឺម៉ង់​ដែល​ទទួល​ព្យាបាល​លោក Navalny ផ្តល់​ទិន្ន័យ​វិទ្យាសាស្ត្រ និង​វេជ្ជសាស្ត្រ​ស្តីពី​ការបំពុល​នោះ​។ លោកស្រី Zakharova និយាយថា​រុស្ស៊ី ក៏​ចង់ដឹង​ពី​ការពិត​នៃ​ហេតុការណ៍​បំពុល​នោះដែរ​។ 
 
​ក្រោយ​ធ្លាក់ខ្លួន​ឈឺ​ភ្លាមៗ លោក​Navalny ត្រូវបាន​បញ្ជូន​ពី​តំបន់​ស៊ី​បេ​រី ទៅ​អាល្លឺម៉ង់​កាលពី​ខែសីហា​។ ក្រោយពេល​សម្រាក​ព្យាបាល​អស់​រយៈពេល​ជាង​៤​ខែ​ដោយសារតែ​ការបំពុល​សារធាតុ Novichok លោក​Navalny បាន​ត្រឡប់មក​រុស្ស៊ី​វិញ​ក្នុង​ខែមករា និង​ត្រូវបាន​តុលាការ​កាត់ទោស​ឱ្យ​ជាប់ឃុំ​២​ឆ្នាំកន្លះ​ចំពោះ​ការបំពាន​លក្ខខណ្ឌ​នៅក្រៅ​ឃុំ​។​
 
​ចំពោះ​ការបំពុល​ខាងលើនេះ អ្នកជំនាញ UN និយាយថា ដោយ​ពិនិត្យមើល​ទៅលើ​ការឆ្លើយតប​មិន​គ្រប់សព្វ​របស់​អាជ្ញាធរ​រុស្ស៊ី ការប្រើប្រាស់​អាវុធ​គីមី និង​ទម្លាប់​ក្នុងការ​វាយប្រហារ​លើ​អ្នកប្រឆាំង ការស៊ើបអង្កេត​អន្តរជាតិ​មួយ​ត្រូវធ្វើឡើង​ជាបន្ទាន់​ដើម្បី​ស្វែងរក​ការពិត និង​បញ្ជា​ក់រាល់​ហេតុការណ៍​ដែល​កើត​ឡើងលើ​លោក​Navalny​។​
 
​អ្នកជំនាញ​ទាំងពីរ ក៏​សង្កត់ធ្ងន់​ផងដែរ​ថា ការប្រើប្រាស់​សារធាតុ​គីមី Novichok ជាការ​បំពាន​កាតព្វកិច្ច​របស់​រុស្ស៊ី​ក្រោម​អនុសញ្ញា​អាវុធ​គីមី​។ អ្នកជំនាញ​ទាំងពីរ​ហៅ​ការប្រើប្រាស់​សារធាតុ​នេះ​ក្នុង​បំណង​សម្លាប់​អ្នកនយោបាយ​ប្រឆាំង ចាត់ទុកជា ការសម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធតុលាការ​៕

Tag:
 ​រុស្ស៊ី​
 UN
© រក្សាសិទ្ធិដោយ thmeythmey.com